តុលាការ​​តម្កល់ឥតចាត់ការ​ ករណីប្តឹង​សាស្រ្តាចារ្យ​មួយ​ក្រុម​ថា​លួចចម្លងស្នាដៃសៀវភៅ​

(រូបថតពីហ្វេសប៊ុក)

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចតម្កល់បណ្តឹងរបស់ម្ចាស់តូបលក់សៀវភៅម្នាក់ដោយឥតចាត់ការដែលបានប្តឹងសាស្រ្តាចារ្យមួយក្រុមថាលួចចម្លងស្នាដៃដើមនិងធ្វើអាជីវកម្មខុសច្បាប់។

ម្ចាស់តូបលក់សៀវភៅនៅខាងត្បូងវិទ្យាល័យបឹងកេងកង លោក ភូ ភក្តី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយប្តឹង លោក ផាត់ ពៅស៊ាង លោក ផាត់ រតនៈ លោកស្រី ផាត់ សុគន្ធា លោក ហេង សម្បត្តិ និងតំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រងថាបានលួចចម្លងស្នាដៃដើមដែលម្ចាស់តូបលក់សៀវភៅនេះបានទទួលសិទ្ធិបោះពុម្ពផ្សាយ។

លោក ភូ ភក្តី បញ្ជាក់ក្នុងពាក្យបណ្តឹងថាអ្នកទាំងនោះជាសាស្រ្តាចារ្យនៅសាលកវិទ្យាល័យជាតិគ្រប់គ្រង និងជាមេធាវីផងដែរ។ បើតាមពាក្យបណ្តឹងនោះ លោក ភូ ភក្តី បានប្តឹងទាមទារឲ្យអ្នកទាំងនោះផ្តល់សំណងជំងឺចិត្ត៤ម៉ឺនដុល្លារក្នុងម្នាក់ៗនិងបានស្នើឲ្យតុលាការផ្តន្ទាទោសអ្នកទាំងនោះតាមច្បាប់។

បើតាមលិខិតជូនដំណឹងមួយច្បាប់ចុះថ្ងៃទី៨ ខែកក្កដា ព្រះរាជអាជ្ញារង លោកស្រី ស៊ឺ វណ្ណនី សម្រេចតម្កល់ពាក្យបណ្តឹងរបស់លោក ភូ ភក្តី ដែលបានប្តឹងសាស្រ្តាចារ្យទាំងនោះទុកឥតចាត់ការ។ លោកស្រីបានបញ្ជាក់ក្នុងដីកាតម្កល់រឿងថាព្រះរាជអាជ្ញារកមិនឃើញបទល្មើស(អវត្តមានបទល្មើស)នោះទេ។

ម្ចាស់បណ្តឹង លោក ភូ ភក្តី ប្រាប់វីអូឌីតាមទូរស័ព្ទនារសៀលនេះថាលោកនឹងប្តឹងទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍បន្តទៀតចំពោះការសម្រេចរបស់ព្រះរាជអាជ្ញារងសាលាដំបូងនេះ។ លោកបន្ថែមថា៖ “យើងបន្តប្តឹងឧទ្ធរណ៍ទៀត យើងមានភស្តុតាងគ្រប់គ្រាន់អស់ហើយ ស្អែកមេធាវីខ្ញុំរៀបចំដាក់ពាក្យបណ្តឹងទៅឧទ្ធរណ៍”

មេធាវីការពារក្តីឲ្យលោក ភូ ភក្តី គឺកញ្ញា ជីវ ឡេងហួង ប្រាប់វីអូឌីតាមទូរស័ព្ទនារសៀលនេះដែរថាកញ្ញាមិនទាន់បានដឹងពីមូលហេតុដែលព្រះរាជអាជ្ញាសម្រេចតម្កល់សំណុំរឿងនេះឥតចាត់ការនៅឡើយទេ ដោយថាកញ្ញានៅមិនទាន់ទៅទទួលដីកាតម្កល់រឿងទុកឥតចាត់ការនេះនៅឡើយ។

លោកសាស្រ្តាចារ្យ អ៊ិន បូផា ម្ចាស់សៀវភៅ“នីតិភស្តុតាង”បោះពុម្ពលើកទី១ ក្នុងឆ្នាំ២០១២និងបានលក់សិទ្ធិបោះពុម្ពឲ្យលោក ភូ ភក្តី ប្រាប់វីអូឌីកាលពីសប្តាហ៍មុនថាលោកបានអានសៀវភៅ“នីតិភស្តុតាង” ដែលបោះពុម្ពនៅឆ្នាំ២០១៦នេះម្តងនិងលោកថាលោករកឃើញថាបានចម្លងខ្លឹមសាររបស់សៀវភៅលោកនិងសូម្បីតែពាក្យដែលលោកបានសរសេរខុស ក៏ក្នុងសៀវភៅថ្មីនោះមានដែរ។ លោកចាត់ទុកថានេះជាការលួចចម្លងស្នាដៃរបស់លោក។ លោកបន្ថែមថា៖ “បើសម្រាប់អ្នកលួចចម្លង ហើយនិងខ្ញុំនេះ បើគិតទៅសម្រាប់អ្នកនិពន្ធដើម គេហៅថា អ្នកនិពន្ធដែលលួចចម្លងហ្នឹងអសីលធម៌ណា ខ្ញុំថារឿងនេះ គេប្តឹងហ្នឹងមិនខុសទេ ប៉ុន្តែរឿងខ្ញុំថាអ្នកដែលលួចចម្លងហ្នឹងចរចាជាមួយអ្នកប្តឹងហ្នឹង ដើម្បីកុំឲ្យរឿងវែងឆ្ងាយ ព្រោះអីមើល(ខ្លឹមសារ)វាឃើញ(ថាចម្លង)សឹងទាំងអស់ហើយ”

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ផាត់ ពៅស៊ាង ប្រាប់វីអូឌីកាលពីសប្តាហ៍មុនដែរថាការចោទប្រកាន់នេះជារឿងមិនពិត។ លោកបន្ថែមថា៖ “អត់មានទេ ការហ្នឹង(រឿងហ្នឹង)មិនពិតសោះ…ខ្ញុំជាប់ប្រជុំ ខ្ញុំជាប់រវល់បន្តិចសិនណា”

ទាក់ទងនឹងការចោទប្រកាន់នេះដែរ សាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ បានចេញលិខិតបំភ្លឺមួយ ដោយថាស្ថាប័នឧត្តមសិក្សាមួយនេះ មិនជាប់ពាក់ព័ន្ធនឹងការរៀបរៀងសៀវភៅ “នីតិភសត្តុតាង” ដែលបានបោះពុម្ពឆ្នាំ២០១៦ នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ