ទឹក​ជំនន់​សម្លាប់​មនុស្ស​យ៉ាង​តិច​២២​នាក់​នៅ​ឥណ្ឌា ១៧​ម៉ឺន​នាក់​ជម្លៀស​ចេញ

(រូបភាពពី Reuters)

ក្រុមមន្ត្រីឥណ្ឌានិយាយថាទឹកជំនន់ដ៏រហ័សដែលបណ្ដាលមកពីភ្លៀងធ្លាក់ជោគជាំនោះបានសម្លាប់មនុស្សយ៉ាងតិច២២នាក់នៅប្រទេសនេះនិងបង្ខំឲ្យមនុស្សជាង១៧ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈភ្នាក់ងារឧតុនិយមបានព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីមន្ត្រីឧតុនិយមដែលបាននិយាយថាភ្លៀងមូសុងនៅឥណ្ឌាមានសារៈសំខាន់សម្រាប់កសិកម្ម ប៉ុន្តែតែងតែបង្កឲ្យមានមនុស្សស្លាប់និងមហន្តរាយផងដែរ។ ភ្លៀងធ្លាក់នេះមានកម្រិត ៣៥ភាគរយ លើសពីកម្រិតមធ្យមនៅក្នុងសប្ដាហ៍នេះ។

មនុស្ស២២នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់នៅភាគកណ្ដាលនៃរដ្ឋមធ្យាប្រាដេស ជាទីដែលមនុស្ស៧ម៉ឺននាក់ បានប្រែក្លាយទៅជាគ្មានផ្ទះសម្បែងដោយសារកម្រិតឡើងខ្ពស់រហូតដល់កម្រិតគ្រោះថ្នាក់នៅតាមដងទន្លេណាម៉ាដា។

ក្រុមពន្លត់អគ្គិភ័យបានដើរកាត់ទឹកជម្រៅត្រឹមកំភ្លៅ ដើម្បីសង្គ្រោះស្ត្រីនិងក្មេងៗពីភូមិលិចក្នុងទឹកជំនន់ ខណៈដែលក្រុមជួយសង្គ្រោះបានប្រើប្រាស់ទូក ដើម្បីទៅជួយក្រុមប្រជាជនជាប់នៅក្នុងទឹកជំនន់នៅតំបន់ទីក្រុង។

ក្រុមមន្ត្រីបានឲ្យដឹងថាអាកាសធាតុខ្យល់ព្យុះក៏បានវាយប្រហារភាគខ្លះនៃតំបន់ភាគឦសានដាច់ស្រយាលផងដែរ។

ភ្លៀងបានធ្លាក់ជោគជាំនៅតំបន់ចម្ការតែនិងរដ្ឋសម្បូរប្រេង អាសាំ ដោយបានសម្លាប់មនុស្សយ៉ាងតិច២នាក់។ មនុស្សប្រហែល១សែននាក់បានបង្ខំជ្រកកោនក្រោមជំរុំតង់នៅទីទួលខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ