លិខិតមិត្តអ្នកអាន៖ សម្លាប់​លោក​ កែម​ ឡី​ ​​ធ្វើ​ឃាត​ប្រជាប្រិយរដ្ឋ​អំណាច​​

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

លោក កែម ឡី ត្រូវបានធ្វើឃាត បន្ទាប់ពីលោកបានអះអាងថារបាយការណ៍របស់ Global  Witness «Hostile Takeover» ដែលនិយាយពីការក្តោបក្តាប់សេដ្ឋកិច្ចរបស់គ្រួសារត្រកូល ហ៊ុន ថាមានការពិតចំនួនដល់ទៅ៩៥%និងសកម្មភាពចុះសិក្សាដល់មូលដ្ឋានជាច្រើនរបស់លោក ពិសេសគឺទាក់ទងនឹងជនអន្តោប្រវេសន៍វៀតណាមនិងគម្រោងសិក្សាបម្រុងនឹងធ្វើតាមកោះនានានៅក្បែរប្រទេសវៀតណាម។ ខ្ញុំធ្លាប់អះអាងថាមូលហេតុដែលគេមិនចង់ធ្វើឃាតរូបលោក ព្រោះលោកមានការគាំទ្រខ្លាំងមិនមែនត្រឹមតែពីសាធារណជននោះទេគឺសូម្បីតែនៅក្នុងគណបក្សកាន់អំណាចក៏មានអ្នកគាំទ្រលោកមិនតិចដែរ។

ជាក់ស្តែងណាស់ ការយល់ឃើញរបស់ខ្ញុំខុសហើយ ការគាំទ្រទាំងនេះមិនអាចធ្វើជាខែលការពារលោកបានទេ នៅពេលអ្នកបញ្ជាមិនខ្វល់ពីផលវិបាកកើតក្រោយពីឃាតកម្ម។ ទោះបីយ៉ាងណា គេអាចប្រាកដបានថាឃាតកម្មនេះនឹងទទួលបានលទ្ធផលផ្ទុយពីបំណងដែលអ្នកបញ្ជាឃាតកចង់បាន៖ សាធារណជននឹងមិនត្រឹមតែមិនបាក់ស្បាតទេ បែរជាផ្ទុះកំហឹងទៅវិញ, រាល់ទស្សនៈរបស់លោកនឹងត្រូវពលរដ្ឋកាន់តែជឿទៅវិញ រួមមានការអធិប្បាយចុងក្រោយរបស់លោកអំពីរបាយការណ៍របស់Global  Witness ព្រោះមកពីនិយាយត្រូវទើបត្រូវគេបាញ់សម្លាប់, លោកនឹងក្លាយជាបុគ្គលនិមិត្តរូប(Martyr)ដូច មូហាមេដ បួហ្ស៊ីហ្ស៊ី (Mohamed Bouazizi) ដែលដុតខ្លួននៅទុយនេស៊ី ហើយនឹងអាចផុសជាចលនាប្រឆាំងនៅទូទាំងប្រទេស បើពលរដ្ឋដែលទទួលបានព័ត៌មាននេះហើយ សម្រេចចិត្តថាមិនអាចរង់ចាំយុត្តិធម៌បន្តទៀត បង្កើតជាចលនាប្រមូលកម្លាំងធ្វើបាតុកម្ម។

សាធារណមតិយល់ថាអស់ពី កែម ឡី មួយទៅ នៅមាន កែម ឡី ច្រើនទៀត ពួកគេក៏និយាយដូចគ្នាដែរ កាលពីព្រឹត្តិការណ៍បាញ់សម្លាប់លោក ជា វិជ្ជា ថា អស់ពី ជា វិជ្ជា មួយ នៅពេលមាន ជា វិជ្ជា រាប់ពាន់ទៀត ក្រោយមកសហជីពឯករាជ្យក៏អះអាងថាមិនទាន់រកបានមេដឹកនាំសហជីព ដូចជាលោក ជា វិជ្ជា នៅឡើយទេ មានន័យថាការអះអាងថានឹងមាន កែម ឡី ច្រើនទៀតគ្រាន់តែជាការលួងចិត្តខ្លួនឯងប៉ុណ្ណោះ។ សំណើចង់ឱ្យសាងសង់រូបសំណាកលោក កែម ឡី ឬមិនចង់ឱ្យបូជាសពលោកគឺជាវិធីលួងចិត្តនិងបង្កើតនិមិត្តរូបមួយ ហើយអ្វីដែលគេគួរបារម្ភគឺថាក្រោយបានរូបសំណាកហើយ គេចងចាំតែរូបសំណាក រួចយូរៗទៅក៏សាបរលាប បំភ្លេចបុគ្គលចោល ដូចជាករណី ជា វិជ្ជា គ្មានការវែកមុខឃាតកឬវែកមុខអ្នកនៅក្រោយឃាតក។ បើលោក កែម ឡី នៅរស់ប្រហែលលោកចង់ឱ្យប្រជាជនចងចាំគំនិតលោកច្រើនជាងចងចាំរូបលោក ចង់ឱ្យមានមនុស្សកាន់តែច្រើនបន្តកិច្ចការរបស់លោក ដូចរូបលោក ជាជាងចាំតែឈ្មោះតែមិនចាំគំនិត។

គេងាយមើលធ្លុះណាស់ថាឃាតកម្មលោក កែម ឡី ត្រូវបានគ្រោងទុកច្បាស់លាស់ ១. ដឹងពីសកម្មភាពប្រចាំថ្ងៃរបស់លោក(ហាងកាហ្វេដែលលោកនិយមចូល), ២. ធ្លាប់មានការតាមដានជាមុន មុនត្រូវគេសម្លាប់(តាមលោក មាស នី នៅក្នុងវេទិកាអាស៊ីសេរី ការតាមដានយ៉ាងហោចណាស់ មានតាំងពីព្រឹត្តិការណ៍វាយតំណាងបក្សប្រឆាំង), ៣. ឃាតកមានអ្នកបញ្ជា ព្រោះគ្មានបច្ច័យឬហេតុផលសម្លាប់ (No Motive), ៤. ឃាតកមានជំនាញបាញ់រកកន្លែងស្លាប់ បាញ់ពីក្រោយខ្នងត្រង់ដើមដៃធ្លាយដល់ក្រោមដោះនិងត្រង់ក្បាលក្បែរសៀតផ្កា គ្មានសន្ទនាមុនបាញ់ បង្ហាញពីភាពមិនស្គាល់គ្នា (Lack of Intimacy) បង្ការការដឹងខ្លួនជាមុនពីជនរងគ្រោះ បាញ់ធានាថាត្រូវតែស្លាប់នៅនឹងកន្លែង(យ៉ាងហោចណាស់ ធ្លាប់បានហ្វឹកហាត់បាញ់ បើមិនទាន់បានដឹងថាធ្លាប់សម្លាប់ពីមុនឬអត់), ៥. គ្មានការភ័យតក់ស្លុត ដើរចេញយ៉ាងរំភើយក្រោយបាញ់សម្លាប់ ត្បិតត្រៀមផ្លូវរត់ តាមរយៈអ្នកឌុបមក តែអ្នកឌុបហាក់គ្មានបទពិសោធ ទំនងជាមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានព្រោះមើលឃើញដំណើរការប្រព្រឹត្តទៅនៃឃាតកម្មជាក់ស្តែង ទើបស្លន់ស្លោរត់គេចមុនបាត់(មិនដឹងថាតើការរត់ចោលនេះមានចេតនាទុកឱ្យឃាតកត្រូវបានគេចាប់ ដើម្បីងាយបិទបញ្ចប់សាច់រឿងដោយស្រួលឬយ៉ាងណា ស្របពេលករណីឃាតកម្មមុនៗមិនដែលចាប់ឃាតកបានងាយស្រួលបែបនេះ?)។

ទោះបីយ៉ាងណា ផែនការឃាតកម្មនេះមិនសូវបង្ហាញពីភាពឈ្លាសវៃរបស់អ្នកដាក់ផែនការនោះទេ ព្រោះជ្រើសរើសទីតាំងធ្វើឃាតដែលមានកាមេរ៉ាសុវត្ថិភាព នៅកន្លែង(ម៉ាត)និងនៅម៉ោង (ប្រមាណ៩ព្រឹក) មានមនុស្សចេញចូលច្រើនហើយនៅថ្ងៃឈប់សម្រាកទៀត(អាទិត្យ), ឃាតកពុំបានត្រៀមអត្តសញ្ញាណក្លែងក្លាយទុកករណីគេចាប់បាន ឈ្មោះរកនឹកស្រមៃដាក់ភ្លាមៗ «ជួប សម្លាប់» (ហាក់បង្ហាញពីបញ្ជាពីក្រោយថា ពេលជួប បាញ់សម្លាប់នៅហ្នឹងកន្លែង), ប្រតិដ្ឋបច្ច័យជំពាក់លុយនឹងមនុស្សមិនដែលស្គាល់គ្នា មិនសមហេតុផល, ៦. ឃាតកទំនងជាមិនរំពឹងថាគេចាប់បានផង ព្រោះមានអ្នកចាំយកនិងប្រហែលមានខ្នងធំផង ឃាតកទើបតែឆ្លេឆ្លាក្រោយពេលមិនឃើញអ្នកឌុបមកប៉ុណ្ណោះ មិនឆ្លេឆ្លាអំឡុងពេលសម្លាប់និងឃើញមានសាក្សីច្រើនឡើយ។ អ្នកបញ្ជាឱ្យសម្លាប់លោកទំនងជាចាត់ទុកលោកជាមនុស្សដែលមិនអាចទុកបន្តទៀតបាន ព្រោះសូម្បីតែអ្នកនយោបាយប្រឆាំងនៅរយៈពេលចុងក្រោយនេះ ដូចជាលោក កឹម សុខា និង សម រង្ស៊ី ក៏ត្រឹមរងហានិភ័យជាប់ពន្ធនាគារប៉ុណ្ណោះ ទំនងជាអ្នកបញ្ជានោះគិតថាផលវិបាកចេញពីការសម្លាប់អ្នកវិភាគម្នាក់មិនធ្ងន់ធ្ងរដូចសម្លាប់មេដឹកនាំនយោបាយឡើយ។

ប្រជាពលរដ្ឋចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក កែម ឡី នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ
ប្រជាពលរដ្ឋចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក កែម ឡី នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ

យ៉ាងណាក៏ដោយ គេមិនអាចអះអាងថាលោកស្លាប់ដោយសារនិយាយរិះគន់រដ្ឋាភិបាលឬមកពីចូលរួមនយោបាយនោះទេ ទោះបីជាវាអាចជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀតក៏ដោយ ព្រោះបើអ្នករិះគន់សុទ្ធតែទទួលលទ្ធផលស្លាប់ នោះចំនួនអ្នកស្លាប់នឹងកើនឡើងហួសប្រមាណ ត្បិតចំនួនអ្នកមិនពេញចិត្តរដ្ឋាភិបាលសព្វថ្ងៃមានមែនតិចឯណា មានន័យថាមុននឹងកំណត់មុខសញ្ញាត្រូវសម្លាប់ អ្នកបញ្ជាត្រូវតែមានចក្ខុវិស័យវែងឆ្ងាយ ពិចារណាអំពីផលចំណេញនិងខាតពីអវត្តមានរបស់ជនរងគ្រោះ អាចឆ្លើយនឹងសំណួរមួយនេះបានថាហេតុអ្វីចាំបាច់ត្រូវតែកម្ទេចចោលតែម្តងជាជាងត្រឹមតែដាក់គុកឬធ្វើឱ្យរត់ចោលស្រុកឬប្តឹងផ្តល់ឡើងតុលាការ? ករណីលោក កែម ឡី ត្រូវគ្នានឹងករណី ជា វិជ្ជា នៅឆ្នាំ២០០៤ និង ឈុត វុទ្ធី នៅឆ្នាំ២០១២ ពោលគឺទុកមិនចំណេញ ដកចេញក៏មិនខាត ផ្ទុយទៅវិញ ប្រតិកម្មខឹងសម្បារពីគ្រប់មជ្ឈដ្ឋានបង្ហាញថាមិនត្រឹមតែមិនចំណេញទេ ខាតខ្លាំងទៅៗហើយ។

ជំនួយការ លោក កែម ឡី នៅក្នុងវេទិកាអាស៊ីសេរី បានឱ្យដឹងថាលោកធ្លាប់ត្រូវបានឧកញ៉ាៗប្រាប់ឱ្យដឹងមុនថាគេនឹងមិនទុកឱ្យលោកនៅបានយូរឡើយ ស្របពេលកម្ពុជាមានប្រព័ន្ធដឹកនាំបែបឧកញ៉ានិយម ដែលគេអាចវែកញែកឃើញដោយស្រួលថាឃាតកម្មទៅលើរូបលោកមានជាប់ពាក់ព័ន្ធនឹងអ្នកធំ។ ប្រៀបប្រដូចសមរភូមិនយោបាយរវាងគណបក្សកាន់អំណាចនិងបក្សប្រឆាំងទៅនឹងការប្រដាល់ លោក កែម ឡី ចាត់ទុកខ្លួនឯងត្រឹមតែជាអ្នករូតវាំងននប៉ុណ្ណោះ នៅពេលដែលលោកអះអាងថា ម៉ាយ ថាយសាន់ (Mike Tyson) វាយមិនឈ្នះ ហូលីហ្វៀល (Evander Holyfield) ក៏ខាំស្លឹកត្រចៀក ហើយ ម៉ាយ ថាយសាន់[នៅស្រុកខ្មែរ]នេះ មកខាំដល់អ្នកហ៊ោទៅទៀត [ឥឡូវខាំដោយទាំងអ្នករូតវាំងនន], បក្សកាន់អំណាចប្រកួតមិនឈ្នះបក្សប្រឆាំងក៏វាយនិងចាប់តំណាងរាស្ត្រគេដាក់គុកឬប្រកួតមិនឈ្នះគណបក្សហ៊្វុនស៊ិនប៉ិចក៏ធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៩៧។ លោក កែម ឡី មើលស្រាលតម្លៃតួនាទីរបស់អ្នករូតវាំងននពេកហើយ ព្រោះទស្សនិកជនបានទស្សនាការប្រដាល់ឬមើលឃើញការលេងខូចដោយខាំស្លឹកត្រចៀកឬអត់ ក៏ដោយសារតែអ្នកមានអ្នកបើកវាំងនននោះដែរ បើវាំងននបិទឬគ្មានអ្នករូត កុំថាដល់ខាំទៅស្លឹកត្រចៀក ចង់ធ្វើអ្វីក៏បានដែរ។

សំណួរដដែលៗដែលគេតែងសួរគឺអំពីការស្វែងរកឃាតកនិងរកយុត្តិធម៌។ ពេលខ្លះគេត្រូវចេះសួរសំណួរស៊ីជម្រៅជាងនេះ គឺថាតើគេស្វែងរកឃាតកដើម្បីអ្វី បើទោះរកឃើញហើយ ក៏មិនអាចឈានទៅដល់វែកមុខអ្នកនៅពីក្រោយឃាតក, ទោះរកឃើញក៏ប្រព័ន្ធយុត្តិធម៌គេអស់ជំនឿ រាល់និតីវិធី (ភស្តុតាងនៅក្នុងកាមេរ៉ាអំពីសកម្មភាពឃាតកម្មអាចនឹងត្រូវគេបំផ្លាញផង បើពិតជាមានអ្នកធំនៅពីក្រោយមែន) ការផ្តន្ទាទោស ទោះលទ្ធផលដូចម្តេចក៏សាធារណមតិគិតថាអយុត្តិធម៌ដែរ(អ្នកធ្វើការឱ្យបក្សកាន់អំណាចទោះជាប់ទោសក៏ត្រូវបានសម្រាល), តើផ្តន្ទាទោសហើយជះឥទ្ធិពលដល់យុត្តិធម៌សង្គមទេ បើនៅតែមិនអាចរារាំងឃាតកម្មបែបនយោបាយដែលនៅតែបន្តកើតមានជាបន្តបន្ទាប់ទៅលើសកម្មជននយោបាយ ? តើធ្វើម្តេចអាចរកយុត្តិធម៌បាន បើករណីខ្លះអ្នកប្រព្រឹត្តអំពើអយុត្តិធម៌អាចមានមាឌធំជាងប្រព័ន្ធយុត្តិធម៌ទៅទៀត? បើករណីឃាតកម្មនយោបាយនៅកម្ពុជាពុំដែលទទួលបានយុត្តិធម៌ផងនោះ តើគេអាចសង្ឃឹមអ្វីទៅចំពោះករណីលោក កែម ឡី? គេមិនអាចរង់ចាំយុត្តិធម៌នៅក្នុងប្រទេសដែលមានយុត្តិធម៌សម្រាប់តែអ្នកមានអំណាចនិងអ្នកមានលុយឡើយ ដូច្នេះគេមិនអាចដើរតាមយន្តការស្ថាប័ន (ដូចជា តុលាការ ការស៊ើបអង្កេតរបស់សមត្ថកិច្ច) ក្នុងការស្វែងរកយុត្តិធម៌នោះទេ បើស្ថាប័នអាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើអយុត្តិធម៌ ហេតុនេះហើយទើបពលរដ្ឋនៅប្រទេសដែលគ្រប់ដណ្តប់ដោយប្រព័ន្ធនយោបាយអយុត្តិធម៌ តែងចុះផ្លូវធ្វើបាតុកម្ម។ គួរបញ្ជាក់ដែរថា គេមិនអាចសន្និដ្ឋានថាការមិនបញ្ចេញវិឌីអូក្នុងកាំមេរ៉ាសុវត្ថិភាពអំពីឃាតកម្មថារារាំងយុត្តិធម៌នោះទេ ព្រោះក្នុងនិតីវិធីស៊ើបអង្កេតនៅក្នុងសំណុំរឿងមិនទាន់បិទបញ្ចប់ បញ្ចេញភស្តុតាងជាសាធារណៈអាចប៉ះពាល់ដល់ដំណើរការស៊ើបក្តី។

ឧ. បើជនសង្ឃ័យបានមើលឃើញវិឌីអូនោះ នឹងរត់គេចខ្លួនបានមុន។ល។ តែវានឹងរារាំងដល់យុត្តិធម៌ បើភស្តុតាងនោះត្រូវបានបាត់ដោយសារការធ្វេសប្រហែសណាមួយឬត្រូវបានបំផ្លាញនៅក្នុងបន្ទុករក្សាភស្តុតាងរបស់សមត្ថកិច្ច។

លោក កែម ឡី ធ្លាប់បានអះអាងថារបបដឹកនាំសព្វថ្ងៃមុននឹងស្លាប់យ៉ាងហោចណាស់ត្រូវដកចង្កាមាន់សិន គេអាចនិយាយម្យ៉ាងទៀតថាមុននឹងស្លាប់ យ៉ាងហោចណាស់ សម្លាប់អ្នកនិយាយថាដកចង្កាមាន់សិនដែរ។ លោកនាយករដ្ឋមន្ត្រីធ្លាប់ព្រមានក្តែងៗថា នឹងមិនទុកអ្នករករឿងគ្រួសារលោកឱ្យរស់នៅបានសុខឡើយ បើគេនោះមិនឱ្យគ្រួសារលោកបានសុខ។ តើប្រជាពលរដ្ឋគិតថាខ្លួនឯងអាចរស់បានសុខទេ បើហ៊ានបោះឆ្នោតប្រឆាំងនឹងរូបលោក? ចម្លើយគឺថានៅក្នុងទ្រុងខ្លា ទោះចំនួនខ្លាតែមួយក្តាប់តូច ទោះចៀមមានចំនួនច្រើនលើសលុប មិនថាពួកគេក្រោកឈរប្រឆាំងឬក៏អត់ក៏លទ្ធផលជាចំណីខ្លាដូចតែគ្នាទេ តិចឬច្រើនត្រូវតែមានចៀមក្លាហានពលី យ៉ាងហោចណាស់ក៏មិនស្លាប់ទាំងមិនបានត្រដរដែរ។ ទោះយ៉ាងណា គេមិនអាចអះអាងថាគណបក្សកាន់អំណាចនៅពីក្រោយខ្នងឡើយ ព្រោះទោះពិតឬមិនពិតក៏ដោយ ក៏ពលរដ្ឋទួទៅសុទ្ធតែដឹងថាសំណាញ់ច្បាប់នៅកម្ពុជាចាប់បានតែត្រីតូចៗប៉ុណ្ណោះ បើមានត្រីធំហែលចូលរួចស៊ីត្រីតូចៗអស់ គេនឹងលែង រួចដោះសារថាត្រីធំពេកទម្លុះសំណាញ់រត់បាត់ហើយ។ អ្វីដែលគេអាចប្រាកដបានគឺថា ឃាតកម្មទៅលើលោក កែម ឡី គឺបរាជ័យរបស់រដ្ឋាភិបាលដែលមិនអាចរារាំងឧក្រិដ្ឋកម្មបាន មិនអាចការពារសេរីភាពបញ្ចេញមតិ ថែមទាំងបំផ្លាញសេរីភាពនេះដោយចាប់ដាក់គុកអ្នកទោសនយោបាយនិងអ្នកទោសមនសិការជាច្រើនទៀត, ជាលទ្ធផល ប្រជាប្រិយរបស់គណបក្សកាន់អំណាចនឹងបន្តកាន់តែធ្លាក់ចុះយ៉ាងគំហុក បើនិយាយតាមលោក កែម ឡី បោះឆ្នោតថ្ងៃស្អែក បក្សកាន់អំណាចនឹងធ្លាក់ឆ្នោតថ្ងៃស្អែក ហើយយើងក៏ចូលរួមស្តាយជំនួសលោក កែម ឡី ដែរ ដែលគេមិនអនុវត្តឱ្យរស់ដល់វេលាដែលរបបនេះត្រូវបានផ្លាស់ប្តូរ។

ជាអកុសល បើ ម៉ាយ ថាយសាន់ នៅស្រុកខ្មែរអាចខាំគូប្រជែងទាំងចំហលើខ្សែវៀននៅមុខទស្សនិកជនទាំងអស់គ្នាបាន រហូតដល់ខាំអ្នកហ៊ោនិងអ្នករូតវាំងននបានទៅទៀតនោះ តើអ្វីនឹងរារាំងមិនឱ្យគាត់ខាំអាជ្ញាកណ្តាលដើម្បីប្រកាសលទ្ធផលឈ្នះនោះ? ដូច្នេះសន្លឹកឆ្នោតនឹងមិនអាចធ្វើអ្វី ម៉ាយ ថាយសាន់ បាននោះឡើយ ទស្សនិកជននឹងបរាជ័យដោយសារឈរមើល ដើរផ្លូវកណ្តាលឬចាក់ខ្សែ មិនធ្វើអន្តរគមន៍ ទិញសំបុត្រចូលរួមតែទស្សនា(ជួយបំពេញភាពស្របច្បាប់ឱ្យការប្រដាល់) តែមិនចូលរួមប្រឆាំងនឹងត្រឹមប្រឆាំងបុគ្គល ម៉ាយ ថាយសាន់ ម្នាក់នោះទេ គឺត្រូវប្រឆាំងប្រព័ន្ធទាំងមូលតែម្តង ពិសេសគឺ បើពួកគេមិនអាចបង្កើតចលនាទ្រង់ទ្រាយធំ ប្រើតាក់ទិចឱ្យឈ្លាសវៃនិងតស៊ូជម្នះនឹងការបង្ក្រាបបាន។ គេមិនចាំបាច់ជា កែម ឡី នោះទេ ដើម្បីធ្វើអ្វីដែល កែម ឡី បានធ្វើនិងធ្វើបាន! ប្រជាពលរដ្ឋអាចធ្វើអ្វីលើសពី កែម ឡី ធ្វើបាន គឺផ្លាស់ប្តូរប្រព័ន្ធមួយនេះ។

លោក កែម ឡី ធ្លាប់អះអាងថា កម្ពុជាអភព្វណាស់មិនមានមេដឹកនាំគំរូ តែយ៉ាងហោចណាស់ យើងអាចប្រាប់ទៅវិញ្ញាណខន្ធលោកវិញថា កម្ពុជាមិនមានមេដឹកនាំគំរូមែន តែសំណាងនៅមានអ្នកវិភាគគំរូដែរ ទោះគំរូនេះមិននៅរស់រវើកដូចមុនទៀតក៏ដោយ៕

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ