ក្រុម​ជាតិ​និយម​ភូមា​តវ៉ា​​ទាម​ទារ​ឲ្យ​ហៅ​ពួក​រ៉ូហ៊ីងយ៉ា​ថា «ពួក​បេងហ្គាល់»

(រូបភាពពី Mediacorp)

ក្រុមជាតិនិយមភូមាបានចេញតវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងគោលបំណងដាក់សម្ពាធទៅលើរដ្ឋាភិបាល ឲ្យប្រើប្រាស់ពាក្យ «បេងហ្គាល់» សំដៅទៅសហគមន៍ជនមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសនេះ។

ពាក្យនេះដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលមុនៗនោះ ត្រូវបានមនុស្សមួយចំនួនចាត់ទុកជាពាក្យប្រមាថមើលងាយ។

សារព័ត៌មាន Channel News Asia របស់សិង្ហបុរីបានផ្សាយថា ប្រធានក្រុមប្រឹក្សារដ្ឋលោកស្រី អ៊ុង សានស៊ូជី កាលពីមុនបានស្នើឲ្យប្រជាជនភូមាបញ្ចៀសការប្រើប្រាស់ពាក្យ «រ៉ូហ៊ីងយ៉ា» ឬ «បេងហ្គាល់» សម្រាប់ហៅសហគមន៍មួយនេះ ដែលអាចប៉ះពាល់ដល់អារម្មណ៍របស់សមាជិកសហគមន៍ ហើយលោកស្រីបានស្នើឲ្យហៅសមាជិកសហគមន៍ទាំងនោះថា ពលរដ្ឋអ៊ីស្លាមនៅរដ្ឋរ៉ាក់ឃីន។

លោកស្រីក៏បានហាមឃាត់ក្រុមមន្ត្រីមិនឲ្យប្រើប្រាស់ពាក្យ «រ៉ូហ៊ីងយ៉ា» ឬពាក្យ «បេងហ្គាល់» សម្រាប់ហៅក្រុមជនជាតិភាគតិចនោះឡើយ នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ការតវ៉ានៅថ្ងៃអាទិត្យម្សិលមិញ គឺជាការតវ៉ាមួយក្នុងចំណោមការតវ៉ាជាច្រើនលើករបស់ក្រុមអ្នកជាតិនិយមភូមា ដែលនិយាយថា ពួកគេភ័យខ្លាចថាពួករ៉ូហ៊ីងយ៉ានឹងត្រូវគេជំរុញឲ្យដណ្ដើមយករដ្ឋរ៉ាក់ឃីន។ ក្រុមអ្នកជាតិនិយម បានគំរាមថានឹងបន្តរៀបចំការតវ៉ាបន្តទៀត ប្រសិនបើរដ្ឋាភិបាលមិនផ្លាស់ប្ដូរការប្រើប្រាស់ពាក្យនេះទេនោះ។

ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល១.៥លាននាក់រស់នៅក្នុងរដ្ឋរ៉ាក់ឃីនជាទីដែលពួកគេត្រូវបានចាត់ទុកជាជនអន្តោប្រវេសន៍ខុសច្បាប់ ដោយប្រឈមមុខនឹងការរឹតបន្តឹងលើការធ្វើដំណើរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ