នាយករដ្ឋមន្រ្តីបញ្ជាឲ្យ​បើកយុទ្ធនាការទ្រង់ទ្រាយធំពង្រឹងសន្តិសុខ​ ក្រោយមានការបាញ់សម្លាប់លោក កែម ឡី

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 9:35 AM | កែម ទ្បីសន្ដិសុខ | 0 | 3193 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចេញបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចបើកយុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងការពង្រឹងសន្តិសុខឡើងវិញ ដោយលោកចាត់ទុកការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី ជាករណី”ឃោរឃៅព្រៃផ្សៃ”មួយ។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ហ៊ុន សែន បានចេញបញ្ជាឲ្យចាត់វិធានការបង្រ្កាបយ៉ាងតឹងរ៉ឹងលើឃាតកម្ម ការប្លន់ប្រដាប់អាវុធ បញ្ហាគ្រឿងញៀននិងការគ្រប់គ្រងអាវុធជាតិផ្ទុះជាដើម។ លោកបន្តថាមិនមានបញ្ហាអសន្តិសុខនៅតាមព្រំដែននោះទេ តែលោកថាសន្តិសុខផ្ទៃក្នុងនៅមានបញ្ហា។

លោកនាយករដ្ឋមន្រ្តីក៏បានលើកជាឧទាហរណ៍នៃឃាតកម្មចុងក្រោយមួយចំនួន មានការបាញ់សម្លាប់ទាហានម្នាក់នៅរាជធានីភ្នំពេញនិងមន្រ្តីរដ្ឋបាលព្រៃឈើជាដើម។ លោកបញ្ជាក់ថា៖ “ដូច្នេះទាមទារនូវការបើកយុទ្ធនាការទ្រង់ទ្រង់ធំមួយ ដើម្បីពង្រឹងនូវសន្តិសុខយើងឡើងវិញ”។ លោកបន្ថែមថា៖ “ឃាតកម្ម ការប្លន់ប្រដាប់អាវុធ បានកើតឡើងជាបន្តបន្ទាប់ ដែលនោះគឺជាបញ្ហាដែលទាមទារឲ្យយើងមានការដោះស្រាយ។ ចំណុចនេះខ្ញុំអាចនឹងលើកជាគូសបញ្ជាក់ហើយដើម្បីឲ្យកងរាជអាវុធហត្ថនៅទីនេះ ក៏ដូចជាកម្លាំងអនុវត្តនូវសមត្ថកិច្ចដទៃទៀត ដើម្បីនឹងធ្វើប្រតិបត្តិការ ពង្រឹងសន្តិសុខឡើងវិញសម្រាប់ក្របខណ្ឌផ្ទៃប្រទេសរបស់យើង”។

លោក ហ៊ុន សែន បន្តថាករណីបាញ់សម្លាប់លោក កែម ឡី ត្រូវបានប្រជាពលរដ្ឋរិះគន់ថាកងកម្លាំងសន្តិសុខអសមត្ថភាពក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការលាបពណ៌ថានេះជារឿងនយោបាយ។លោកមានប្រសាសន៍ថា៖ “អ្វីទៅដែលហៅថាជាការខាតបង់? នេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្តង? តើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើង នៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងនិយាយអំពីសន្តិសុខនិងសុវត្ថិភាពប្រជាពលរដ្ឋ។ ចំណុចនេះ ខ្ញុំគិតថាវាហាក់ដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើង”

លោកនាយករដ្ឋមន្រ្តីចាត់ទុកឃាតកម្មលើលោក កែម ឡី ជាលើកទីពីរហើយ បន្ទាប់ពីការបាញ់សម្លាប់ឧកញ៉ាម្នាក់ ឈ្មោះ អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានប្រាប់វីអូឌីកាលពីថ្ងៃអាទិត្យថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required