វិភាគ៖ អ្វីជាដើមចមនៃឃាតកម្មបាញ់សម្លាប់ លោក កែម ឡី?

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អ្នករិះគន់រដ្ឋារដ្ឋាភិបាលម្នាក់ទៀតគឺលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងលក់ភេសជ្ជៈ (Star Mart) របស់ស្ថានីយ៍ប្រេងឥន្ទៈកាល់តិច ជាប់ស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា។

ការបាញ់សម្លាប់អ្នករិះគន់រដ្ឋាភិបាលនិងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនាពេលនេះ មិនមែនជាលើកទីមួយទេនៅកម្ពុជា។

កន្លងទៅអតីតប្រធានសហជីពសេរីកម្មករដែលស្និទ្ធនឹងបក្សប្រឆាំង លោក ជា វិជ្ជា ត្រូវគេបាញ់សម្លាប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ពេលលោកកំពុងអានកាសែតនៅជាប់របងវត្តល័ង្កា រាជធានីភ្នំពេញ។

ចំណែកប្រធានអង្គការការពារបរិស្ថាន លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ពេលជនរងគ្រោះរូបនោះចុះស្រាវជ្រាវបទល្មើសព្រៃឈើ។

មិនតែប៉ុណ្ណោះតារាចម្រៀងល្បីៗដូចជាកញ្ញា ទូច សូនិច និងអ្នកស្រី ពិសិដ្ឋ ពីលីកា ជាដើមក៏ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្រៅច្បាប់ដូចគ្នាដែរ។ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌ទេ បើទោះបីឃាតកម្មនោះបានកន្លងទៅច្រើនឆ្នាំក៏ដោយ។

ងាកមកមើលឃាតកម្មបាញ់សម្លាប់លោក កែម ឡី វិញ ថ្វីបើសមត្ថកិច្ចបានអះអាងថាខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបានតែប៉ុន្មានម៉ោងក្រោយមានអំពើឃាតកម្មក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនបានដាក់ការសង្ស័យថា យុត្តិធម៌ពិតសម្រាប់លោក កែម ឡី រឹតតែពិបាកជាងជនរងគ្រោះមុនៗទៅទៀត។

ការពិបាកសង្ឃឹមថាបានយុត្តិធម៌ដោយសាតែអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនោះមុនគេបានបាញ់សម្លាប់ បានរិះគន់រដ្ឋាភិបាលឥតសម្ចៃទាំងពីរបៀបដឹកនាំបែបគ្រួសារនិយមទាំងយុទ្ធសាស្ត្របែបពង្រឹងអំណាច។

ជាងនេះទៅទៀតលោក កែម ឡី មុនឃាតករបាញ់សម្លាប់ លោកបានចុះធ្វើយុទ្ធនាការ១០០ថ្ងៃ ដោយដេកតាមផ្ទះពលរដ្ឋ សិក្សាពីបូរភាពទឹកដីនិងប្រជុំកោះនានាទុកជាឯកសារសម្រាប់យុវជនជំនាន់ក្រោយ។ បន្ថែមពីនេះទៀតលោកបានបកស្រាយពន្យល់លើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»។ របាយការណ៍នេះជាញឹកញាប់ រដ្ឋាភិបាលតែងតែទាត់ចោលដូចរបាយការណ៍ស៊ើបអង្កេតមុនៗដែលដាក់ចំណងជើងថា «សែស្រឡាយអ្នកលួចជាតិ» និង «កម្ពុជា ជាប្រទេសសម្រាប់លក់» ជាដើម។

តើអ្វីជាដើមចមនាំឲ្យមានការបាញ់សម្លាប់ លោក កែម ឡី?

បើទោះបីជាមានព័ត៌មានបែកធ្លាយខ្លះថាជនសង្ស័យជាខ្មាន់កាំភ្លើងនោះបានសារភាពថាការបាញ់សម្លាប់នោះដោយសារតែលោកបណ្ឌិត កែម ឡី មិនបានសងលុយខ្លួនជាកម្មករយាមចំការឲ្យថៃចំនួន៣០០០ដុល្លារក៏ដោយ ក៏ប៉ុន្តែមជ្ឈដ្ឋាននានានៅតែអះអាងថាការបាញ់សម្លាប់លោក កែម ឡី ជារឿងនយោបាយ។

អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ការបាញ់សម្លាប់លោក កែម ឡី អាចដោយសារតែលោក កែម ឡី ហ៊ានរិះគន់ចំៗទៅលើរដ្ឋាភិបាល ដែលលោកគិតថាដើម្បីជំរុញឲ្យមានការអភិវឌ្ឍសង្គមប្រកបដោយតម្លាភាព។ ពិសេសរបាយការណ៍ស៊ើបអង្កេតរបស់ Global Witness នាពេលថ្មីៗនេះ។

លោកថា៖ «ការសម្លាប់គាត់នេះក្នុងបរិបថនយោបាយមួយតឹងតែងហើយក្តៅ ហើយគាត់ហ៊ាននិយាយការពិតប៉ះពាល់ដល់ផលប្រយោជន៍គេ។ ខ្ញុំមិនហ៊ានឲ្យចាប់ទេ[និយាយឲ្យចំ] ពីព្រោះខ្ញុំឥតមានភស្តុតាង គេអាចចង្អុលបានថាវាគ្មានអីក្រៅពីរឿងនយោបាយហ្នឹងទេ ក្រៅពីគាត់ហ៊ាននិយាយ អ្នកចេះដឹងមានព័ត៌មានច្បាស់លាស់ហ៊ាននិយាយការពិតជាក់ស្តែង ដើម្បីចូលរួមកែប្រែសង្គមឲ្យទៅល្អបាទ!»។

លោក កែម ឡី មុនឃាតករបាញ់ស្លាប់មួយថ្ងៃ បានចូលរួមតុមូលនៅវិទ្យុអាស៊ីសេរី ដោយបានពន្យល់បន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន» ដោយក្នុងកម្មវិធីនោះលោកឡើកឡើងថា របាយការណ៍បានបង្ហាញការពិតមួយផ្នែក តែលោកថានៅមួយផ្នែកធំទៀតដែលរបាយការណ៍នេះមិនបានដឹង។ លោកបានលើកឧទាហរណ៍ថា បើគេឃើញត្រីខ្លះលូត មិនប្រាកដថានៅក្នុងទឹកនោះមានតែត្រីពីរបីដែលលូតនោះទេគឺអាចមានត្រីច្រើនជាងនេះដែលមិនបានលូត។

លោក កែម ឡី ក៏លើកឡើងថាការដែលកូនមន្ត្រីមានអំណាចប្រទាក់ក្រឡាគ្នាគ្រប់គ្រងមុខជំនួញ១១៤ក្រុមហ៊ុនដូចរបាយការណ៍ផ្សាយ លោកថាធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនដទៃទៀតនៅកម្ពុជា។ ពេលនោះលោក កែម ឡី លើកឧទាហរណ៍ថាដូចករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងករណីអ្នកគ្រប់គ្រងអចលនទ្រព្យផ្សេងទៀត ដែលកើតមានកន្លងទៅជាដើម។

លោក កែម ឡី អះអាងទៀតថាមានមិត្តភ័ក្តលោកខ្លះជាមន្ត្រីគយនិងមន្ត្រីនៅក្រសួងពាណិជ្ជកម្មអះអាងថា ពួកគេឈឺក្បាលនឹងជម្លោះកើតមានរវាងកូនអ្នកមានអំណាច និងខ្លះទៀតមិនហ៊ានទៅត្រួតពិនិត្យទំនិញនាំចូល បើពួកគេដឹងថាទំនិញទាំងនោះជារបស់ក្រុមហ៊ុនកូនអ្នកមានអំណាចនោះ។

លោក កែម ឡី អត្ថាធិប្បាយបែបវាយបកថា មានតែពង្រឹងប្រព័ន្ធច្បាប់ឲ្យឯករាជ្យទេ ដែលលោកគិតថាទើបអាចកាត់បន្ថយអំណាចប្រមូលផ្តុំនិងកាត់បន្ថយភាពលោភលន់របស់មនុស្សបាន។

លោកថា៖ «ភាគច្រើនមនុស្សណាដូចមនុស្សណាដែរ[មាន]ភាពលោភលន់ ប៉ុន្តែដើម្បីទប់ស្កាត់ ដើម្បីលោភលន់ ឲ្យមានតម្លាភាពវាទាល់តែមានយន្តការណ៍តុល្យភាពអំណាចធ្វើឲ្យមនុស្សហ្នឹងទប់ស្កាត់កុំឲ្យមានភាពលោភលន់។ បើមិនអីចឹងទេ នៅពេលមនុស្សមានអំណាចកាន់តែខ្លាំង នឹងយកអំណាចហ្នឹងមកធ្វើជាទ្រព្យសម្បត្តិខ្លួនឯងគ្រប់ៗគ្នាហ្នឹង។ ហើយយើងឃើញហើយ មេដឹកនាំមួយចំនួននៅអារ៉ាប់ មេដឹកនាំមួយចំនួននៅអាស៊ីហ្នឹងក៏អញ្ចឹងដែរ។ អញ្ចឹងហើយបានជាចិន វៀតណាមអីៗគ្មាននរណាឈរនៅលើច្បាប់ទេ។ កាលណាពុករលួយដូចប៉ូស៊ីឡៃអី គឺជាប់ពន្ធនាគារតែម្តង។ រដ្ឋមន្ត្រីនៅវៀតណាមអីជាប់គុកតែម្តង គេមិនចង់ឲ្យប្រព័ន្ធគ្រប់គ្រងមួយខូចដោយសារតែអ្នកមានអំណាចនោះទេ»។

សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគថាព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី អាចជាកត្តាគួបផ្សំដែលលោករិះគន់រដ្ឋាភិបាលខ្លាំងៗរួមទាំងការធ្វើអត្ថាធិប្បាយលើរបាយការណ៍ Global Witness និងបញ្ហាព្រំដែន។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា មិនជឿថាលោក កែម ឡី ជំពាក់លុយជនសង្ស័យដូចចម្លើយសារភាពនោះទេ ហើយលោកក៏មិនជឿថាឃាតកម្មនេះរដ្ឋាភិបាលរៀបចំឡើងដែរនោះឡើយ។ ប៉ុន្តែលោកចាត់ទុកថាព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី ធ្វើឲ្យអ្នកវិភាគខ្លះព្រួយបារម្ភពីសុវត្ថិភាពនិងធ្វើឲ្យរដ្ឋាភិបាលបាត់បង់ប្រជាប្រិយភាពធ្ងន់ធ្ងរ បើការស៊ើបអង្កេតរបស់អាជ្ញាធរមិនបានធ្វើឲ្យសាធារណជនអាចជឿបាននោះ។

លោកថា៖ «អ្វីៗចេញពីការគាំទ្រចេញពីការទុកចិត្ត ប្រសិនបើសិនជាអត់មានការគាំទ្រទេ អំណាចគាំទ្រពីពលរដ្ឋទេ អំណាចស្អីក៏បាត់បង់ដែរ។ អញ្ចឹងខ្ញុំគ្រាន់តែសំណូមពរថារដ្ឋាភិបាលត្រូវផ្តល់ជំនឿទុកចិត្តឲ្យមហាជនជឿទុកចិត្ត ឲ្យមហាជនហ្នឹងបានជឿជាក់ ប្រសើជាងការគាបសង្កត់ឬការរិតត្បិតឲ្យគេបញ្ចេញទស្សនៈមក ហើយរដ្ឋាភិបាលលើកយកទៅដោះស្រាយ អានេះទើបអាចដោះស្រាយបាន ហើយបើបិទសិទ្ធិគ្រប់រឿងបែបនេះទេ មិនអាចដោះស្រាយបានទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក សូ ចន្ថា វិភាគដែរថាការបាញ់សម្លាប់លោក កែម ឡី អាចពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើរបាយការណ៍ស៊ើបអង្កេតរបស់ Global Witness រួមទាំងការអះអាងពីបូរណភាពទឹកដីមួយផ្នែកទៀតដែលលោក កែម ឡី ធ្លាប់ប្រាប់អ្នកសារព័ត៌មានថាខេត្តមួយចំនួននៅជាប់ព្រំដែន នឹងត្រូវវៀតណាមគ្រប់គ្រងនៅពេលខាងមុខ បើរដ្ឋាភិបាលគ្មានវិធានការច្បាស់លាស់លើអន្តោប្រវេសន៍ខុសច្បាប់វៀតណាម ដែលកំពុងហូរចូលកម្ពុជាតាមរយៈការធូររលុងនៃការអនុវត្តច្បាប់និងការផ្តល់ដីសម្បទាននៅជាប់ព្រំដែន។

លោកថា៖ «លោកបានលើកឡើងពីបញ្ហាព្រំដែនពាក់ព័ន្ធអាចនឹងមានការទន្ទ្រានកាន់កាប់ពីប្រទេសជិតខាងមកលើប្រទេសកម្ពុជាជាដើម ហើយអ្វីដែលធ្ងន់ធ្ងរជាងនេះ លោកបានអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងរបាយការណ៍ Global Witness ដែលចេញចុងក្រោយពាក់ព័ន្ធនឹងការក្តោបក្តាប់ជំនួញនៅកម្ពុជានេះបាទ»។

ក្រោយពី Global Witness ចេញរបាយការណ៍ស៊ើបអង្កេតដាក់ចំណងជើង អាណាចក្រជំនួញត្រកូលហ៊ុន នេះ កូនៗរបស់លោកនាយករដ្ឋមន្រ្តីបានប្រតិកម្មច្រានចោលរបាយការណ៍នេះ ដោយថារបាយការណ៍នេះ ”ពោរពេញដោយកំហុសនិងព័ត៌មានមិនពិត” ក្នុងគោលបំណងបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន។ លោក ហ៊ុន ម៉ាណែត លោកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត បានសរសេរសារនៅលើហ្វេសប៊ុក តែមិនបានបកស្រាយលើចំណុចដែលរកឃើញដោយអង្គការ Global Witness នោះទេ។

បើទោះបីជាលោកនាយករដ្ឋមន្ត្រីបានចាត់ទុកការបាញ់សម្លាប់លោក កែម ឡី នេះថាជាអំពើឃោឃៅនិងស្តីបន្ទោសថាជាការធ្វេសប្រហែសរបស់អាជ្ញាធរក៏ដោយ ក៏ប៉ុន្តែអ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថាយុត្តិធម៌ពិតសម្រាប់គ្រួសារលោក កែម ឡី អាចនឹងគ្មានពន្លឺដូចគ្រួសារជនរងគ្រោះដទៃទៀត និងបានដាក់ការព្រួយបារម្ភថាអ្នកដែលហ៊ានរិះគន់ពីបញ្ហាព្រំដែន និងអំពើពុករលួយ នៅតែប្រឈមនឹងការចាប់ដាក់ពន្ធនាគារនិងការធ្វើឃាតគ្រប់ពេល បើស្ថាប័នជាតិធំៗរួមទាំងតុលាការផងនោះមិនឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ