សង្គមស៊ីវិលនិងក្រសួងមហាផ្ទៃ បណ្តុះគ្រូបង្គោលជំនាញប្រឆំាងអំពើពុករលួយ

អង្គការមួយដែលធ្វើការផ្នែក​ប្រឆំាង​អំពើពុក​រលួយបានសហការជាមួយក្រសួងមហាផ្ទៃ បើកវគ្គបណ្តុះ​បណ្តាល​គ្រូបង្គោល​ជំនាញ​អភិបាល​កិច្ច​ជាង២០​រូប​ ដោយ​ថា​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីថ្នាក់ជាតិ ថ្នាក់​ក្រោម​​ជាតិ​ក្នុង​កា​រ​ផ្តល់​​សេវា​ជូន​ប្រជាព​ល​រដ្ឋ និងកាត់បន្ថយអំពើពុករលួយនៅកម្ពុជា​។

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ខែកក្កដា នេះ​ថា អង្គការតម្លភាពកម្ពុជា និងក្រសួងមហាផ្ទៃ បាន​បើក​​វគ្គបណ្តុះបណ្តាលគ្រូបង្គោល​២៥រូប មក​ពី​រាជធានី ខេត្ត  ឲ្យទទួលមានជំនាញ​អភិបាល​កិច្ច​ ដោយថា​បង្កើនសមត្ថភា​ពមន្ត្រីរាជការ ដែលមានតួនាទី​ភារកិច្ច​ផ្តល់សេវាសាធារណៈ​ជូនប្រជា​ពលរដ្ឋគ្រប់វិស័យ​ទំាងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បី​ប្រយុទ្ធ​​ប្រឆំាងអំពើ​ពុករលួយ​ឲ្យមា​ន​ប្រ​សិទ្ធភាព។

លោកនិយាយថា «គោលបំណងធំដែលយើងធ្វើបញ្ហានេះ ចង់បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ​​​ជូនប្រជាពលរដ្ឋ កន្លងមកមានបញ្ហាលុយក្រោមតុ លើតុ បញ្ហាមានភាពអសកម្មខ្លះ កាលណា យើងអាចកាត់បន្ថយបញ្ហាអសកម្មបាននិងបញ្ហាអំពើពុករលួយបានសេវាក៏កាន់តែល្អ ប្រជាពលរដ្ឋគាត់ទទួលបានទាន់ពេលវេលា ពេលហ្នឹងអាចធ្វើឲ្យគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក៏ល្អប្រសើឡើង សង្គមយើងក៏កាន់តែមានការអភិវឌ្ឍជឿនលឿនទៅមុខទៀត​​​»

លោក អ៊ី យូឡាយ ជាមន្ត្រីមកពីសាលាខេត្តកំពត ដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាលជំនាញអភិបាលកិច្ចធ្វើឲ្យរូបលោកយល់ដឹងច្រើនពីការរងារនេះ។ លោកថា​ក្រោយ​ពី​ទទួល​​បាន​ចំណេះដឹង លោកនឹងយកទៅចែករំលែកបន្តទៅ​មន្ត្រីថ្នាក់ក្រោម​ជាតិដែល​ធ្វើកា​រផ្ត​ល់​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក​និយាយថា «ចប់ពីវគ្គនេះទៅ យើងទទួលបានជំនាញមួយចំនួនពាក់ព័ន្ធនឹងអភិបាលកិច្ចល្អ ហើយពេលដែលយើងត្រឡប់ទៅវិញ គឺយើងធ្វើការបណ្តុះបណ្តាលបន្ត ជាពិសេសដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គោលដៅធំបំផុតចង់ពង្រឹងការផ្តល់ សេវាបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែប្រសើឡើងថែមទៀត មានន័យថាយើងពង្រឹងគុណភាព ផ្តល់សេវា ដើម្បីឲ្យអ្នកទទួលសេវាគាត់ពេញចិត្ត ហើយពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ»

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈគ្រប់គ្រងសាលា លោក ងី ច័ន្ទ្រផល បានថ្លែងថា​ វគ្គ​បណ្តុះ​បណ្តាលគ្រូបង្គោលជំនាញអភិបាលកិច្ចនេះនឹងជួយពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។

នៅពេលសួរថា វគ្គបណ្តុះបណ្តាលនេះ អាចជាមូលដ្ឋានគ្រឹះជួយកាត់បន្ថយភាពក្រីក្រ និងអំពើពុករលួយ​នៅ​កម្ពុជា​បានដែរ ឬទេ?

លោក ច័ន្ទ្រផល ឆ្លើយយ៉ាងខ្លីថា ការពង្រឹងជំនាញអភិបាលកិច្ចនេះនឹងធ្វើឲ្យកាត់បន្ថយអំពើពុករលួយ​គ្រប់រូបភាពនៅកម្ពុជា។

លោកមានប្រសាសន៍ថា «អំពើពុករលួយនៅក្នុងឯកជនក៏មាន នៅក្នុងគ្រួសារក៏មាន រដ្ឋាភិបាលក៏មាន រដ្ឋបាលថ្នាក់ក្រោមជាតិក៏មាន សង្គមស៊ីវិលក៏មាន គណបក្សនយោបាយក៏មានទំាងអស់ហ្នឹង ទំាងអស់​  ហ្នឹ ប៉ុន្តែបញ្ហានេះដែលយើងត្រូវដោះស្រាយ អត់ត្រូវចង្អុលថាអ្នកនេះខុស អ្នកនេះត្រូវនាំគ្នាបង្កើតអភិបាលកិច្ច ពង្រឹងគុណធម៌ សីលធម៌នៃការធ្វើការ អ្វីៗត្រូវដោះស្រាយបាន​​»

បើតាមលោក ព្រាប កុល អង្គការតម្លាភាព​បានចុះ​ហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នាជាមួយ​ក្រសួង​មហាផ្ទៃ ដោយ​មាន​អាយុកាល៥ឆ្នាំ ចាប់​ពីឆ្នាំ​២០១៦​ដល់ឆ្នាំ២០២០ ដើម្បីបង្កើត​សាលា​អភិបាល​កិ​ច្ចសម្រាប់កសាង​សមត្ថភាព​ក្នុងការពង្រឹងការផ្តល់សេវាសាធារណៈឲ្យកាន់តែ​មាន​ប្រសិទ្ធិ​​ភាពខ្ពស់ ទូលំ​ទូលាយ​នៅទូទំាង ប្រទេស​កម្ពុជា។

របាយការណ៍​ឆ្នាំ​២០១៥ របស់អង្គការតម្លាភាព​កម្ពុជា​ស្តី​ពីអំពើពុករលួយបង្ហាញថាប្រទេសកម្ពុជានៅតែ​ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរដោយសារតែប្រព័ន្ធយុត្តិធម៌និងនីតិរដ្ឋកម្ពុជានៅទន់ខ្សោយ។ បើតាម​របាយការណ៍នោះក្នុងចំណោ​ម​ប្រទេស១៦៨ កម្ពុជាស្ថិត​នៅចំណាត់​​​ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទស្សន៍នៃការសិក្សាមានន័យ​ថា​កម្ពុជា​​​នៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់​ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ