រដ្ឋាភិបាលបញ្ជាឲ្យបញ្ឈប់ការនាំខ្សាច់ទៅបរទេសបន្ទាប់ពីរកឃើញថាបង្កផលប៉ះពាល់ខ្លាំង

ការបូមខ្សាច់នៅកម្ពុជា​

ក្រសួងរ៉ែនិងថាមពលចេញបញ្ជាឲ្យបញ្ឈប់ការនាំខ្សាច់ក្នុងខេត្តកោះកុងចេញទៅក្រៅប្រទេស ខណៈមន្ត្រីបក្សប្រឆាំងស្នើឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ បំភ្លឺពីចំពោះការបន្តអាជីវកម្មខ្សាច់ក្នុងខេត្តនេះកាលពីខែមុន។

ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១០កក្តដាឆ្នាំ២០១៧នេះ ក្រសួងបានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះ កុងឈប់អនុញ្ញាតឲ្យមានការធ្វើអាជីកម្មនាំខ្សាច់សំណងគ្រប់ប្រភេទនិងខ្សាច់ភក់ចេញទៅបរទេស។

អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ម៉េង សក្តិធារ៉ា បានបញ្ជាក់បន្ថែមលើកខ្លឹមសារលិខិតថា ការចេញវិធានការលើកនេះគឺបញ្ឈប់ជាស្ថាពរ បន្ទាប់ពីក្រសួងប្រកាសផ្អាកបណ្តោះអាសន្នកាលឆ្នាំ២០១៦ ដើម្បីសិក្សា ផលប៉ះពាល់។

លោកបន្តថា បន្ទាប់ពីមន្រ្តីជំនាញសិក្សារកឃើញថាការធ្វើអាជីវកម្មបូមខ្សាច់ខ្នាតធំនាំទៅក្រៅប្រទេសធ្វើឲ្យប៉ះពាលបរិស្ថានសង្គមធំធៀងពេកទើបក្រសួងចេញសុំឲ្យបញ្ឈប់ការនាំខ្សាច់ទៅក្រៅប្រទេសជាស្ថាពរតែម្តង។

លោកបន្ថែមថា «តាមលទ្ធផលនៃការសិក្សាវាយតម្លៃរបស់ក្រុមការងារបច្ចេកទេសហ្នឹងបានបង្ហាញនូវ សក្តានុពលនៃហានិភ័យប៉ះពាល់បរិស្ថានសង្គមហ្នឹងធំធេងក្នុងករណី ដែលនៅតែមានការបន្តធ្វើអាជីវ កម្មបូមខ្សាច់ទ្រងទ្រាយធំនៅតាមបណ្តាស្ទឹងទាំងអស់ហ្នឹង អញ្ចឹងហើយបានជាផ្អែកលើលទ្ធិផលដែល បានសិក្សារហ្នឹងទើបក្រសួងបានចេញសេចក្តីសម្រេចជាស្ថាពរមួយបញ្ឈប់ការអនុញ្ញាតឲ្យមានការធ្វើ អាជីវកម្មទ្រុងទ្រាយធំដោយសារអាជីវកម្មទ្រុងទ្រាយធំហ្នឹងជាប្រភេទអាជីវកម្មធ្វើក្នុងគោលដៅនាំចេញទៅប្រទេស»។

កាលពីខែមិថុនាឆ្នាំ២០១៧ប្រធានក្រុមតំណាងរាស្ត្របក្សសង្រ្គោះជាតិ លោក សុន ឆ័យ តាមរយៈប្រធា​នរដ្ឋ​សភាបានដាក់លិខិតមួយស្នើឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បំភ្លឺពីចំពោះការបន្ត​អាជីវកម្មខ្សាច់ និងបង្ហាញឯកសារពាក់ព័ន្ធដើម្បីពង្រឹងគ​ណ​នេ​យ្យភាព ជម្រះមន្ទិលសង្ស័យថា អាចមានអំពើពុករលួយ ព្រមទាំងជៀសវាងកា​រភាន់ច្រឡំ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានគាំទ្រចំពោះការសម្រេចរបស់ រដ្ឋាភិបាលដែលបញ្ជាឲ្យបញ្ឈប់ការនាំខ្សាច់ចេញទៅក្រៅប្រទេសនេះ ប៉ុន្តែលោកហាក់មិនមានជំនឿថា រដ្ឋាភិបាលអនុវត្តមានប្រសិទភាពនោះទេ ដោយថា ប្រសិនមិនមានការសហការណ៏ល្អជាមួយសហគមន៍ក្នុងទទួលយកព័ត៌មាន និងការចុះអនុវត្តទាន់ពេលនោះ។

លោកបន្ថែមថា «ខ្ញុំយល់ថាសេចក្តីសម្រេចរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃ១០កក្តដាម្សិលម៉ិញ នេះវាជាសេចក្តីសម្រេចចុងក្រោយមួយដើម្បីផ្អាក់សកម្មភាពទាំងស្រុងតែម្តង ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងនូវតែបារម្ភពីការបូមខ្សាច់អនាធិបតេយ្យ មានន័យការបូមខ្សាច់ខុសច្បាប់នៅទីនោះប្រសិនបើយន្ត ការនៃការឆ្លើយតបទៅនឹងការរាយការណ៏របស់ប្រជាពលរដ្ឋហ្នឹងមិនបានទាន់ពេលវេលានិងដោះស្រាយភ្លាមៗទេនោះ»។

កាលពីចុងឆ្នាំ២០១៦ ក្រសួងរ៉ែងនិងថាមពលបានចាត់វិធានការផ្អាកនំាំចេញខ្សាច់ទៅលក់នៅក្រៅប្រទេសជាណ្តោះអាសន្ន បន្ទាប់ពីអង្គការសង្កមស៊ីវិលរកឃើញថា ការនាំខ្សាច់ចេញទៅលក់នៅក្រៅប្រទេសមាន​អំពើពុករលួ​យ​បា​ត់​​​ថវិ​កាជាតិរាប់សិបលានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ