សាលាក្ដីខ្មែរក្រហមប្រាប់មូលហេតុនៃការទម្លាក់ការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម

អ្នកស្រី អ៊ឹម ចែម កម្មាភិបាលម្នាក់នៃរបបខ្មែរក្រហម (ECCC)

ក្រោយពីសម្រេចលើកលែងការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម សាលាក្ដីខ្មែរក្រហមបានចេញសេចក្ដី ប្រកាសថ្មីមួយទៀត បញ្ជាក់ពីមូលហេតុ នៃការទម្លាក់ចោលការចោទប្រកាន់នោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១០កក្តដាឆ្នាំ២០១៧ សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម (ស.ច.ស) អះអាងថា ការលើកលែងការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម គឺដោយសារជនសង្ស័យមិនស្ថិតក្រោមយុត្តាការ ឬដែនសមត្ថកិច្ចរបស់សាលាក្ដីខ្មែរក្រហម។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សហចៅក្រមស៊ើបអង្កេតយល់ឃើញថា អ្នកស្រី អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដោយថា អ្នកស្រីនៅតែមានសិទ្ធិទទួលបានការសន្មត់ថាគ្មានទោស ព្រោះមិនមានភស្ដុតាងគ្រប់គ្រាន់អាចបញ្ជាក់ថា អ្នកស្រីគួរត្រូវបានសាសាក្ដីបន្ដបទចោទប្រកាន់ឡើយ។

សាលាក្ដីខ្មែរក្រហមសម្រេចលើកលែងការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម គឺពិចារណាលើភ័ស្តុតាង របាយការណ៏១៩៩៧និង១៩៩៨របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងរបាយការណ៍ឆ្នាំ១៩៤៤របស់ រដ្ឋាភិបាល ដោយពិនិត្យឃើញថា ចំនួនជនរងគ្រោះនៅក្នុងរបាយការណ៏ទាំងនោះមិនអាចទុកចិត្តបានទេ ហើយមានតម្លៃភ័ស្តុតាងតិចតួច។

មួយផ្នែកទៀតដែលសាលាក្ដីខ្មែរក្រហមសន្និដ្ឋានថាអ្នកស្រី អ៊ឹម ចែម ស្ថិតនៅក្រៅយុត្តាធិការបុគ្គល របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺសាលាក្ដីពិចារណាលើភ័ស្តុតាងពាក់ព័ន្ធនឹងទីតាំង ឧក្រិដ្ឋកម្មដែលគាត់ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ និងភ័ស្តុតាងពាក់ព័ន្ធនឹងទីតាំងចោទប្រកាន់ ផ្សេងទៀតដោយរកឃើញថា អ្នកស្រី អ៊ឹម ចែម មិនមែនជាមេដឹកនាំជនខ្ពស់ ហើយក៏មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនោះដែរ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿង០០៤នេះ ក្រៅពីអ្នកស្រី អ៊ឹម ចែម ក៏មានជនត្រូវចោទ២នាក់ផ្សេងទៀត​កំពុង​ស្ថិត​នៅក្រោម​ការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើប​អង្កេត ​គឺមាន​លោក អោ អាន និង​លោក យឹម ទិ​ត្យ​។

លោក អោ អាន ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥។ ចំណែក លោក យឹម ទិ​ត្យ ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​នៅ​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ