ទូតអាមេរិកសង្ឃឹមថា អាជ្ញាធរនឹងចាប់ជនល្មើសពិតក្នុងករណីឃាតកម្ម លោក កែម ឡី

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:45 AM | កែម ទ្បី | 0 | 7575 រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារំពឹងថា អាជ្ញាធរនឹងតាមចាប់ខ្លួនជនល្មើសពិតប្រាកដមកដាក់ទោស ក្នុងករណីឃាតកម្មអ្នកវិភាគបញ្ហានយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី។

យោងតាមការចុះផ្សាយលើបណ្ដាញហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃចន្ទម្សិលមិញ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយប្រជាជនកម្ពុជានិងក្រុមគ្រួសារ ដែលបានប្រារព្ធខួប១ឆ្នាំ នៃបុណ្យសពអ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី។

ស្ថានទូតអាមេរិកប្រចាំកម្ពុជាទទូចឲ្យអាជ្ញាធរតាមចាប់ខ្លួនអ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោស ខណៈដែលក្រុមគ្រួសារថា មិនទាន់មានពន្លឺយុត្តិធម៌នៅឡើយ។

បើតាមហ្វេសប៊ុកស្ថានទូតអាមេរិកនៅកម្ពុជាបញ្ជាក់ថា៖ «យើងសូមសំដែងសមានទុក្ខសារជាថ្មីចំពោះគ្រួសាររបស់លោក កែម ឡី ដែលកំពុងរង់ចាំ ហើយសង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់អោយទទួលខុសត្រូវពេញលេញ ចំពោះអំពើលីលា និងដ៏កំសាកនេះ»។

ករណីនេះ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ក៏បានទទូចឲ្យអាជ្ញាធរជួយរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារលោក កែម ឡី ផងដែរ ដោយថា ការស៊ើបអង្កេតរបស់តុលាការ កាលពីពេលកន្លងទៅ នៅពុំទាន់មានយុត្តិធម៌ពេញលេញ និងមិនអាចទទួលយកបាន។ លោកថ្លែងដូចនេះ ពេលដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធលោក​ កែម ឡី ឯស្រុកកំណើត ក្នុងខេត្តតាកែវ កាលពីថ្ងៃទី៩កក្កដា។

លោកថ្លែងថា៖ «យើងនៅតែទទូចទាមទារនូវយុត្តិធម៌ឲ្យរូបគាត់ឲ្យបាន ពីព្រោះខ្ញុំគិតថាវីរភាព
របស់លោកបណ្ឌិត កែម ឡី មិនអាចនរណាយកទៅជីកកប់វីរភាពគាត់បានទេ ហើយយកទៅលាក់បាំងបានទេ ហើយយុត្តិធម៌នឹង ទោះបីមិនរកឃើញពេលនេះក៏ប្រជាពលរដ្ឋខ្មែរនៅតែទាម ទាររកឱ្យឃើញដែរ»។

បន្ថែមលើសពីនេះ ក្នុង​លិខិត​ចំហមួយ ចុះ​ថ្ងៃ​ទី​៧ ខែ​កក្កដា បណ្ដុំ​អង្គការ​ជាតិនិង​អន្តរជាតិចំនួន១៦៤​ស្ថាប័ន បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេតឯករាជ្យ​មួយ​ ជុំ​វិញ​​ករណីឃាតកម្មនេះ។

ក្រុមអង្គការទាំងនោះក៏បានបង្ហាញ​ក្ដី​បារម្ភ​ ​ជុំ​វិញ​ការ​វិវឌ្ឍ​តិច​តួច ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ ដោយ​ថា ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំ​ជម្រះ ​មិន​ទាន់​គ្រប់​គ្រាន់ ដោយសារ​ថា មាន​តែ​ជនជាប់ចោទ​ឈ្មោះ អឿត អាង ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​តុលាការផ្ដន្ទា​ទោសជាប់ពន្ធនាគារមួយជីវិត។

អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានឲ្យដឹងថា លោកមិន​ជំទាស់​នឹងការ​ស្នើសុំបង្កើតឲ្យមាន​គណៈកម្មការ​ស៊ើប​អង្កេ​ត​ឯករាជ្យ ដើម្បី​​បើក​ការ​ស៊ើប​អង្កេត​​បន្ថែមទៀតលើករណីឃាតកម្មលោក កែម ឡី ទេ។ ប៉ុន្តែលោកថា កម្ពុជា​មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការនេះ និងថា ​បើមានអន្តរជាតិចូលរួមស៊ើបអង្កេត នោះកម្ពុជា​នឹងស្ថិត​ក្រោម​អាណានិ​គ​ម​​​​បរទេស​។

លោកថា៖ «យើងមានស្ថាប័នរបស់យើងគ្រប់គ្រាន់ហើយ មានច្បាប់គ្រប់គ្រាន់​ ទំាងច្បាប់​នីតិវិធី ព្រ​ហ្ម​ទណ្ឌ ក្រមព្រហ្មទណ្ឌ​ មានតុលាការ មាននគរបាលគ្រប់គ្រាន់ ជាប្រទេសមួយធិបតេយ្យ ហើយទំរាន់​បាន​ជាប្រទេសធិបតេយ្យ តើយើងឆ្លងកាត់អ្វីខ្លះយើងដឹង​ហើយ​ ឆ្លងកាត់កិច្ចប្រជុំទីក្រុងប៉ារីសរហូតដល់​មានរដ្ឋធម្មនុញ្ញ ដូច្នេះខ្ញុំយល់ថា​បើការងារប៉ុណ្នឹង មានការស៊ើបអង្កេត​អន្តរជាតិចូល​ វានាំឲ្យ​ធិបតេយ្យ​ភាពរបស់យើងធ្លាក់ចូលទៅក្នុងអាណានិគម​និយមបរទេសទៀត​​»។

ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា ថា លោកមិនអាចបញ្ជាក់លម្អិតពីដំណើរការនីតិវិធីករណីឃាតកម្មនេះបានទេ ព្រោះជាការសម្ងាត់របស់តុលាការ។

ប៉ុន្ដែប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មានប្រសាសន៍ថា ការស្នើឲ្យបង្កើតគណៈកម្មការ​ស៊ើប​អង្កេ​ត​ឯករាជ្យណាមួយក្នុងករណីឃាតកម្មនេះ គឺជារឿងសមស្រប ដោយថា បញ្ហាសិទ្ធិមនុស្ស ជាបញ្ហាអន្ដរជាតិ មិនមែនជាការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ។

កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងប្រជាពលរដ្ឋ ដែលអាណិតស្រឡាញ់លោកបណ្ឌិត កែម ឡី បានប្រារព្ធខួប១ឆ្នាំ នៃការស្លាប់របស់លោក បន្ទាប់ពីមានករណីបាញ់សម្លាប់កណ្ដាលថ្ងៃត្រង់ នៅស្ដារម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ ដោយគិតមកទល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required