បក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​បង្កើត​គណៈកម្មការជំនាញតែ​មិនមែន​​រដ្ឋមន្ត្រី​ស្រមោល

គណបក្សសង្គ្រោះជាតិបញ្ជាក់ថា គណបក្សនេះបង្កើតគណៈកម្មការរបស់ខ្លួន មិនមែនបង្កើតរដ្ឋាភិបាលស្រមោលក្នុងការតតាំងជាមួយរដ្ឋាភិបាលបច្ចុប្បន្ននោះទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងក្នុងសន្និសីទសារព័តមាននៅថ្ងៃនេះថា គណៈកម្មការទាំង១០ដែលត្រូវបានប្រកាសកាលពីថ្ងៃទី៩នោះ មិនមែនជារដ្ឋាភិបាលស្រមោលដែលមានរដ្ឋមន្រ្តីទៅតតាំងជាមួយរដ្ឋាភិបាលបច្ចុប្បន្នទេ ហើយលោកថាគណៈកម្មការនេះគឺជាអ្នកធ្វើការក្នុងគណៈកម្មាធិការនាយករបស់គណបក្សដែលជាស្ថាប័នផ្ទៃក្នុងរបស់ខ្លួនដែលត្រូវបានបង្កើតឡើង ដើម្បីស្រាវជា្រវបញ្ហាទាក់ទងទៅនឹងជំនាញរបស់ខ្លួន ដើម្បីផ្តល់យោបល់ដល់គណបក្សនិងគណៈកម្មការរបស់រដ្ឋសភាដែលដឹកនាំដោយគណបក្សនេះ។

លោកបន្តថា៖ “អ្វីដែលគណបក្សសង្គ្រោះជាតិចង់បញ្ចាក់ឲ្យកាន់តែច្បាស់នោះថា គណកម្មការទាំង១០ដែលយើងបានប្រកាសកន្លងមក គឺជាគណៈកម្មាធិការទាំង១០របស់គណបក្សសង្គ្រោះជាតិ ដែលធ្វើការងារនៅក្នុងក្របខណ្ឌនៅក្នុងគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិនោះ គឺជាស្ថាប័នផ្ទៃក្នុងរបស់គណបក្ស។ដូច្នេះមិនមែនរដ្ឋាភិបាលស្រមោលមួយក៏ទៅតតាំងជាមួយរដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលនោះទេ

កាលពីថ្ងៃទី៩ លោក សុន ឆ័យ បានថ្លែងជាសាធារណៈ ថាការបង្កើតគណៈកម្មការជំនាញនេះក្នុងគោលបំណងធ្វើឲ្យមានអ្នកទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួនក្នុងការស្រាវជ្រាវទាក់ទងនឹងបញ្ហាដែលខ្លួនទទួលខុសត្រូវ ដើម្បីត្រៀមសម្រាប់ឱកាសដែលគណបក្សនេះបានឈ្នះឆ្នោត។

ទាក់ទងទៅនឹងការបង្កើតនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផវរុណ ថ្លែងថានេះជាការទើបនឹងភ្ញាក់ពីដេករបស់បក្សសង្គ្រោះជាតិ ហើយចាត់ទុកថានេះបានបោកប្រាស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរកាលពីខែកក្កដា ឆ្នាំ២០០៤ លោក ហ៊ុន សែន បានចោទលោក ជាម ច័ន្ទនី តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ថាបានរៀបចំផែនការបះបោរ ដោយការបង្កើត “កងទ័ពស្រមោល” បន្ទាប់ពីលោកត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការការពារ កិច្ចការយុទ្ធជន រំសាយ និងសន្តិសុខសាធារណៈរបស់គណបក្សប្រឆាំង។

គណៈកម្មាធិការនេះគឺជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការចំនួនប្រាំបួនដែលគណបក្សរបស់លោក សម រង្ស៊ី បានបង្កើតឡើងដើម្បីឲ្យឃ្លាំមើលនិងឆ្លើយតបចំពោះក្រសួងរបស់រដ្ឋាភិបាល។

ក្រោយមក លោក ជាម ច័ន្ទនី ត្រូវបានសភាដកអភ័យឯកសិទ្ធិនៅឆ្នាំ២០០៥ ហើយត្រូវបានអនុវត្តទោសជាប់ពន្ធនាគារជិត១ឆ្នាំនៃទោសដាក់ពន្ធនាគារ៧ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ