រយៈពេល៣ឆ្នាំកម្ពុជាបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់បានជាង១ម៉ឺននាក់​

រដ្ឋាភិបាលឲ្យដឹងថារយៈពេលបីឆ្នាំមកនេះស្ថាប័នជំនាញបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាបានជាង១ម៉ឺននាក់ ក្នុងនោះវៀតណាមប្រហែល៩០%។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែល VOD ទទួលបានពីប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា តាមរយៈសារអេឡិចត្រូនិច (WhatsApp) នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ ដល់២០១៦ ដោយគិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាបានជាង១ម៉ឺននាក់ (១០ ៨៩២នាក់) ស្រី ១ ៧១១នាក់ ក្នុងចំណោម៦៨សញ្ជាតិ។

ក្នុងរបាយការណ៍ការដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមជនអន្តោប្រវេសន៍ជាង១ម៉ឺននាក់នោះ មានជនជាតិវៀតណាម ៩ ២២១នាក់ ក្នុងនោះមានស្រី ១ ៥៥៤នាក់។

ចំណាត់ការនេះធ្វើឡើងក្រោយពេលរដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់ ដោយសារបាត់បង់សន្លឹកឆ្នោតអស់២២អសនៈកាលពីឆ្នាំ២០១៣។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់ថាវិធានការចុះបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជាក្នុងរយៈពេលបីឆ្នាំមានជាង១ម៉ឺននាក់ ក្នុងនោះមានវៀតណាមប្រហែល៩០ភាគរយ លោកថារដ្ឋាភិបាលធ្វើឡើងដោយមានភាពយឺតយ៉ាវនិងខ្លាចប៉ះពាល់មិត្តភាពជិតស្និទ្ធ (ម៉ឺនឆ្នាំ) ជាមួយវៀតណាម។

យ៉ាងណាក៏ដោយលោក មាស នី ថាបើរដ្ឋាភិបាលមានឆន្ទៈទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ លោកមានជំនឿថាកម្ពុជាអាចធ្វើការស្រាវជ្រាវចាប់ជនបរទេសខុសច្បាប់ទំាងនោះជាពិសេសជនជាតិវៀតណាមបានច្រើនជាងនេះ ហើយនឹងធ្វើឲ្យប្រទេសជិតខាងគោរពនិងឲ្យតម្លៃប្រទេសកម្ពុជា។ លោកបន្តថា៖ “ខ្ញុំគិតថា បើយើងចង់ធ្វើឲ្យប្រទេសយើងឲ្យវាទៅជាប្រទេសមួយដែលមានតម្លៃ ដែលធ្វើឲ្យប្រទេសជិតខាងគោរពយើង ដូចដែលគេធ្វើមកលើយើង (ប្រទេសថៃបញ្ជូនជនអន្តោប្រវេសន៍ខ្មែរមកកម្ពុជា) ដែរ ខ្ញុំគិតថារឿងអស់នេះ វាមិនមែនរឿងដែលធ្វើឲ្យមានការរើសអើងទេ វាជាវិធានការច្បាប់នៅក្នុងប្រទេសនីមួយៗ ដើម្បីរក្សាតម្លៃជាតិរបស់ខ្លួនឯង

ទាក់ទឹងនឹងបញ្ហាជនជាតិវៀតណាមនៅកម្ពុជានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានប្រតិកម្មទៅនឹងអ្នកលេងហ្វេសប៊ុកម្នាក់ដោយបញ្ជាក់ថា វៀតណាមមិនមែនជាចៅហ្វាយរបស់លោកទេ ហើយក៏មិនមានហេតុផលដែលលោកត្រូវស្មោះត្រង់ដែរ៖ «តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែររបស់ខ្ញុំ ហើយវៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»

នេះជាការឆ្លើយតបរបស់លោក ហ៊ុន សែន ទៅនឹងហ្វេសប៊ុកមួយឈ្មោះ Phạm Đức Hiển ដែលផ្តល់យោបល់ឬ Comment ថាលោក ហ៊ុន សែន ក្បត់វៀតណាម។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកស្មោះត្រង់តែជាមួយជនជាតិខ្មែរ ព្រះមហាក្សត្រ និងភរិយាគឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប៉ុណ្ណោះ។ លោកបន្ថែមទៀតថា បើអ្នកផ្តល់យោបល់លើហ្វេសប៊ុករបស់លោកនោះជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា ហើយបើរស់នៅខុសច្បាប់ត្រូវចាកចេញពីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ