មន្ត្រីថាវៀតណាមបន្តធ្វើប៉ុស្តិ៍ក្នុងតំបន់ហាមឃាត់ក្នុងខេត្តរតនគីរី

អាជ្ញាធរកម្ពុជាអះអាងថាភាគីវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមចំនួនពីរជាប់ព្រំដែនក្នុងតំបន់ហាមឃាត់ស្ថិតក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគីរី បើទោះបីកម្ពុជាបានធ្វើកំណត់ទូតស្នើឲ្យផ្អាកក៏ដោយ។

ជាងពីរសប្តាហ៍មកនេះ ភាគីកងទ័ពវៀតណាម បានសាងសង់ប៉ូស្តិ៍យាមចំនួនពីរ ក្នុងតំបន់ហាមឃាត់ ឬតំបន់សជាប់ព្រំដែន នៅឃុំប៉ក់ញៃ ស្រុកអូយ៉ាដាវ ខេត្តរតនគី ដែលមន្ត្រីថាគ្មានការយល់ព្រមពីភាគីកម្ពុជា។

អ្នកនាំពាក្យសាលាខេត្តរតនគីរី លោក ញែម សំអឿន ឲ្យVODដឹងនៅថ្ងៃទី១១ខែសីហានេះថា ភាគវៀតណាម នៅតែបន្តសាងសង់ប៉ុស្តិ៍នៅតំបន់នោះ បើទោះភាគីកម្ពុជាបានធ្វើកំណត់ទូតស្នើឲ្យពួកគេផ្អាកការសាងសង់នោះក៏ដោយ។

លោក ញែម សំអឿន ឲ្យដឹងទៀតថាកម្លាំងចម្រុះរបស់អាជ្ញាធរខេត្តបានចុះទៅហាមឃាត់ញឹកញាប់ ប៉ុន្តែលោកថាពេលកម្លាំងទៅដល់ ភាគីវៀតណាមផ្អាកសាងសង់មួយរយៈខ្លី លោកថាពេលភាគីកម្ពុជាចេញមកវិញ វៀតណាមចាប់ផ្តើមសាងសង់ប៉ុស្តិ៍នោះវិញ។

មន្ត្រីរដ្ឋាភិបាលរូបនោះត្អូញត្អែរថាទង្វើរបស់ទាហានវៀតណាមនេះ ធ្វើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិរបស់កម្ពុជាពិបាកទប់ស្កាត់។

លោកថា៖ «អាការធ្វើបុស្តិ៍ធ្វើអីនេះ ភាគច្រើនវាជាទាហានព្រំដែន ទាហានព្រំដែនជា ទាហានថ្នាក់ជាតិរបស់ពួកគេ ដល់យើងថ្នាក់ខេត្ត យើងទៅនិយាយវាអត់កើត វាមានតែថ្នាក់ជាតិនិងថ្នាក់ជាតិទេ។ ប៉ុន្តែកាលពីវាចាប់ផ្តើមធ្វើហ្នឹង យើងបានធ្វើរបាយការណ៍ធ្វើកំណត់ហេតុធ្វើអី ដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលហើយ ទៅក្រសួងមហាផ្ទៃ ទៅក្រសួងការបរទេស ទៅគណៈកម្មាធិការព្រំដែន។ តាមពិតកំណត់ទូត គេបានដាក់ទៅហើយតើ ថ្នាក់ជាតិខ្ញុំស្តាប់ទៅថាបានដាក់ទៅភាគីវៀតណាមហើយ អត់ទាន់ឃើញមានប្រែប្រួលអី»

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានដឹកនាំសកម្មជនចុះទៅពិនិត្យព្រំដែនដែលពួកគេថា វៀតណាមបានរំលោភយកដីស្រែចំការកសិករខ្មែរនៅតាមខ្សែបន្ទាប់ព្រំដែន។

យុទ្ធនាការនោះសកម្មជននិងបក្សប្រឆាំងក៏បានរកឃើញថា វៀតណាមបានជីកស្រះច្រើនកន្លែងចូលទឹកដីកម្ពុជាក្នុងខេត្តរតនគិរីនេះ។ ប៉ុន្តែក្រោយមកសកម្មជនរបស់បក្សប្រឆាំងជិត២០នាក់រួមទាំងតំណាងរាស្រ្តពីររូបផង ដែលសកម្មរឿងព្រំដែនដូចជាលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ត្រូវបានបក្សកាន់អំណាចប្តឹង ហើយពេលនេះពួកគេកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី និយាយថាទំនងជាប្រជាប្រទេសជិតខាងមើលឃើញថា អ្នកនយោបាយខ្មែរងាយនឹងបាចទឹកដាក់គ្នា បង្កឲ្យមានជម្លោះផ្ទៃក្នុង ពីបញ្ហាព្រំដែននេះ លោកថាទើបប្រទេសជិតខាងបង្កើតឲ្យមានព្រឹត្តិការណ៍តាមព្រំដែននេះឡើងវិញ ស្របពេលដែលអ្នកនយោបាយខ្មែរនៅបន្តពាក់មុខយក្សដាក់គ្នា។

លោកថា៖ «រឿងបញ្ហាព្រំដែននេះ ខ្ញុំគិតថាវាជាភ្លើងមួយដែលវៀតណាមអាចនឹងយកមកប្រើដើម្បីដុតឲ្យអាទំនាស់ស្ថានការណ៍នយោបាយផ្ទៃក្នុង ជាពិសេសអ្នកដឹកនាំខ្មែរ ដែលចូលចិត្តលាបពណ៌គ្នាហ្នឹង ងាយស្ទុះទៅឈ្លោះគ្នាឬខ្មែរយើងហៅថា ខាំគ្នា គឺងាយស្រួល។ អញ្ចឹងអានយោបាយហ្នឹង គឺជានយោបាយបង្កើតនូវទំនាស់ផ្ទៃក្នុង ដោយសារតែអ្នកនយោបាយខ្មែរហ្នឹងមិនសូវជាមានសមត្ថភាពធ្វើការជាមួយគ្នា។ បើយើងនិយាយពីការបែកបាក់វាមានភាពធំធេង។ អញ្ចឹងអ្វីដែលកើតឡើងនេះ យើងឃើញថាវាធំធេងណាស់ អញ្ចឹងបញ្ហាព្រំដែននេះ មិនមែនខ្មែរ អ្នកបង្កើតមុខទេ គឺវៀតណាមអ្នកបង្កើតមុន។ អញ្ចឹងបានជាយើងកើតការសង្ស័យមួយថា ហេតុអីបានជានៅពេលដែលយើងមានភាពតានតឹងនៅក្នុងស្រុក វាតែងតែមានការឈ្លៀតឱកាសពីវៀតណាមនៅខាងក្រៅ»

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថាការដែលវៀតណាមផ្តើមបង្កើនកំដៅតាមព្រំដែនឡើងវិញ លោកថាមកពីរដ្ឋាភិបាលកម្ពុជា ពេលនេះកំពុងងាកទៅរកមហាអំណាចចិន ដែលចិនជាគូជម្លោះរបស់វៀតណាមក្នុងបញ្ហាសមុទ្រចិនខាងត្បូង។

លោក ឯម សុវណ្ណារ៉ា វិភាគថាករណីព្រំដែនេះ វៀតណាមចង់បង្ហាញថាកម្ពុជាមិនអាចងាកទៅចិន ដោយបំភ្លេចបង្កើនទំនាក់ទំនងល្អជាមួយប្រទេសគេបានទេ។

បើតាមលោក ឯម សុវណ្ណារ៉ា កម្ពុជាត្រូវពង្រឹកយន្តការការពារបូរណភាពទឹកដី ទាំងធនធានមនុស្សទាំងកម្លាំងប្រដាប់អាវុធ ដែលលោកថាដើម្បីកុំឲ្យប្រទេសជិតខាងមើលឃើញថាកម្ពុជាងាយរំលោភបំពានបាន។

លោកថា៖ «ទស្សនខ្ញុំផ្ទាល់ គឺកម្ពុជាត្រូវពង្រឹងខ្លួនឯង ដែលអាចការពារបូរណភាពទឹកដីបាន។ ពង្រឹងខ្លូនឯងទាំងវិស័យកម្លាំង ទាំងវិស័យបញ្ញា។ បើយើងនិយាយពីកម្លាំង គឺយើងគិតពីស្ថានភាពស្ថេរភាពតាមព្រំដែនយើងហ្នឹង មានសន្តិសុខ មានខាងយោធា កងកម្លាំងប្រដាប់អាវុធខាងប៉ូលីស នគរបាលហ្នឹង គឺយើងត្រូវមានប៉ូលីសព្រំដែន ហើយនិងយោធាធ្វើការឲ្យស៊ីសង្វាក់គ្នា។ បច្ចុប្បន្ននេះយើងប្រើនគរបាលព្រំដែន យើងអត់ប្រើយោធាកាន់កាប់ដូចប្រទេសគេទេ។ អញ្ចឹងទេករណីហ្នឹងត្រូវឲ្យច្បាប់ ហើយសហការគ្នាឲ្យរឹងមាំ ហើយមានការផ្គត់ផ្គង់នៅតាមមូលដ្ឋាននិងនៅតាមភូមិសាស្ត្រជាក់ស្តែង»

លោក ឯម សុវណ្ណារ៉ា អះអាងទៀតថាប្រទេសវៀតណាមគេមានអ្នកជំនាញផ្នែកព្រំដែនដល់ទៅជាង៤ពាន់នាក់ ក្នុងនោះថ្នាក់បណ្ឌិតប្រមាណជា៥០នាក់សម្រាប់សិក្សានិងពង្រឹងបូរណភាពទឹកដីរបស់ប្រទេសគេ។

VODមិនអាចសុំអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ដើម្បីចង់ដឹងថាកម្ពុជានឹងមានចំណាត់ការបែបណាទៀត បើភាគីវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមនៅតំបន់ស មិនគោរពតាមកិច្ចព្រៀមព្រៀងនៃប្រទេសទាំងពីរនោះ។

ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញែម សំអឿន អះអាងថាក្រុមការងាររបស់កម្ពុជានិងវៀតណាមគ្រោងជួបពិភាក្សគ្នាពីបញ្ហានេះនៅថ្ងៃទី២០ខែសីហាខាងមុខនេះទៀត ស្វែងរកដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ