កម្មករថារោងចក្រ Samsung មានសារធាតុគីមីពុលស្លាប់​អ្នកធ្វើការអស់​៧៦នាក់​

រោងចក្រ Samsung ផលិតគ្រឿងអេឡិចត្រូនិចនៅកូរ៉េខាងត្បូង (រូបភាពពី AP)

កម្មករធ្វើការនៅរោងចក្រ Samsung ផលិតគ្រឿងអេឡិចត្រូនិចនៅកូរ៉េខាងត្បូងចោទថា ក្នុងរោងចក្រមានសារធាតុគីមី បណ្តាលឲ្យពួកគេកើតមានជំងឺមហារីកនិងជំងឺឆ្លងផ្សេងៗទៀត ហើយបានបណ្តាលឲ្យអ្នកធ្វើការ៧៦នាក់ស្លាប់។

ក្រុមគ្រួសារនិងកម្មករធ្វើការនៅរោងចក្រ Samsung លើកឡើងថា បច្ចុប្បន្នកម្មករប្រមាណ២០០នាក់មានជំងឺដោយសារឥទ្ធិពលនៃសារធាតុគីមី។ ពួកគេថ្លែងថាក្នុងចំណោមជាង២០០នាក់ដែលមានជំងឺនេះ គឺ៧៦នាក់បានស្លាប់ហើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។

ក្រុមគ្រួសារកម្មករបានទាមទារឲ្យក្រុមហ៊ុនបកស្រាយជុំវិញបញ្ហានេះ ហើយចេញសងចំពោះការខូចខាតដល់កម្មករនិងក្រុមគ្រួសារដែលរងគ្រោះ។

ទោះយ៉ាងណាខាងភាគីរោងចក្រ Samsung បានច្រានចោលព័ត៌មាននៃការចោទប្រកាន់នេះ។ ក្រុមហ៊ុនបញ្ជាក់ថាសុវត្ថិភាពនិងសុខុមាលភាពគឺជាចំណុចអាទិភាពខ្ពស់បំផុតដែលក្រុមហ៊ុនយកចិត្តទុកដាក់។ ទោះយ៉ាងណាក្រុមហ៊ុនបដិសេធមិនបកស្រាយឬលាតត្រដាងឯកសារជុំវិញការចោទប្រកាន់ទេ ដោយបញ្ជាក់ថានេះជាការសម្ងាត់របស់ក្រុមហ៊ុន។

សំណុំរឿងក្រុមហ៊ុន Samsung ធ្លាប់យកទៅដោះស្រាយនៅតុលាការក្នុងក្រុងសេអ៊ូល គឺពី៥ឆ្នាំមុនម្តងទៅហើយ ពាក់ព័ន្ធកម្មករពីរនាក់មានជំងឺដែលសង្ស័យថាបណ្តាលមកពីសារធាតុគីមីនៅក្នុងក្រុមហ៊ុន។

នៅកូរ៉េខាងត្បូងជាញឹកញាប់តែងរងការរិះគន់ពីភាពស្និទ្ធគ្នារវាងរដ្ឋាភិបាលនិងក្រុមហ៊ុន Samsung ក្នុងការមើលថែរក្សាគ្នាឬហៅថារដ្ឋាភិបាល Samsung។ ចំណែកសំណងការខូចខាតឬជំងឺចិត្តក្រុមហ៊ុនតែងផ្តល់ឲ្យក្រុមគ្រួសារកម្មករដែលស្លាប់។

ច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនតម្រូវឲ្យក្រុមហ៊ុនលាតត្រដាងព័ត៌មានសម្ងាត់នៃការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនទេ ប៉ុន្តែទោះយ៉ាងណាក៏ដោយច្បាប់កំណត់ថា វាជាកាតព្វកិច្ច បើសិនជាមានការសង្ស័យថាផលិតផលរបស់ខ្លួនមានសារធាតុគីមីបង្កគ្រោះថ្នាក់នោះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Samsung លើកឡើងថា ការចោទប្រកាន់នេះគឺជាចេតនាមួយដែលចង់ធ្វើឲ្យរាំងស្ទះដល់ដំណើរការការងារ ហើយប្រើហេតុផលការពារសុខភាពនិងសុវត្ថិភាព ដើម្បីទាមទារឲ្យលាតត្រដាងព័ត៌មាននោះវាជារឿងមិនត្រូវទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ