នាយករដ្ឋមន្ត្រីណែនាំលោក សុខ ទូច កុំតាំងខ្លួនថាអ្នកចេះមានតែឯង

លោក ហ៊ុន សែន និងលោក សុខ ទូច (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់ប្រធានរាជបណ្ឌិត្យសភាថ្មី ដោយថា ក្រោយពេលចូលកាន់តំណែង សូមកុំតាំងខ្លួនថា អ្នកចេះមានតែឯង ដែលនេះនឹងធ្វើឲ្យបែកបាក់សាមគ្គីផ្ទែក្នុង ហើយការដឹកនាំ នឹងមិនបានជោគជ័យ។

ក្នុងពិ​​ធីប្រកាសនិងផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃទី១១ខែសីហានេះ លោ​កនា​យ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែងថា ដើម្បីឲ្យស្ថាប័នរាជបណ្ឌិត្យសភាកាន់តែខ្លាំងនោះ លោកថា ត្រូវចេះសាមគ្គីគ្នា ធ្វើការរួមគ្នា ដោយបែងចែងតួនាទីឲ្យបានច្បាស់លាស់និងចេះរៀនសូត្រពីគ្នាទៅវិញទៅមក។ លោកថ្លែងទៀតថា ប្រសិនបើលោក សុខ ទូច តាំងខ្លួនថា អ្នកចេះមានតែ​​​ឯង នោះលោកនឹងក្លាយជាមនុស្សឯកោ។

លោកថ្លែងថា៖ «​​ចំណុចនេះ ត្រូវយល់ឲ្យបានច្បាស់ ភាពពើងទ្រូង…កាន់តែឡើងខ្ពស់កាន់តែដាក់ខ្លួន…ពើងទ្រូងក្រអឺតក្រទម នឹងនាំទៅរកភាពឯកោខ្លួនតែប៉ុណ្ណោះ ចុងបំផុតដល់ពេលចុះនរក គឺចុះ តែឯង​ទេ គ្មាននរណាគេ ចុះជាមួយ ព្រោះយើងអត់បានរួមសុខរួមទុកជាមួយគេឯណា។…ធ្វើជាមេដឹកនាំមិនថា កន្លែងនេះ រាជបណ្ឌិត្យសភា ឬនៅកន្លែងណាទេ ត្រូវចាំ ភាពក្រអឺតក្រទម ឬតាំងខ្លួនជាអ្នក ដែលចេះដឹង លើសគេ លើសឯង វានឹងបង្កើត បាននៅស្ថានភាព ដែលហៅថាការបង្កើតស្វ័យឯកោតែម្ដង»។

បន្ថែមពីការរំលឹកពីលោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ លោក សុខ ទូច បានឡើងប្ដេជ្ញាថានឹងពង្រឹងសាមគ្គីផ្ទៃក្នុង និងធ្វើឲ្យស្ថាប័នរាជបណ្ឌិត្យសភា ក្លាយទៅជាប្រភពយុទ្ធសាស្ត្រផ្ដល់ដល់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «គួរកត់សម្គាល់ថា កងទ័ពខ្លាំង ត្រូវមានទាហានស្ម័គ្រត្រង់ មោះមុត អង់អាចក្លាហាន​ បំពេញភារកិច្ចនិងតួនាទីរៀងៗខ្លួន ឯមេទ័ពត្រូវមានគុណធម៌ ចក្ខុវិស័យ យុទ្ធសាស្ត្រក្ដាប់ឲ្យបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចពាក្យមួយថាដឹក១០០ដង ច្បាំង១០០ដង ឈ្នះ១០០ដង ការដែលមិនដឹងព័ត៌មាន គឺជាភាពគ្រោះថ្នាក់ សម្រាប់អ្នកដែលរៀបចំយុទ្ធសាស្ត្រ»។

អ្នក​ឃ្លាំមើលពី​ការ​អភិវឌ្ឍសង្គម​ ​លោក ប៊ូ បញ្ញា ស្វាគមន៍ចំពោះការណែនាំរបស់លោកនាយកមន្ត្រីដល់លោក សុខ ទូច ប៉ុន្តែលោកថា រដ្ឋាភិបាលគួរតែជំរុញឲ្យមន្ត្រីទាំងអស់នោះគោរពច្បាប់ប្រទេសជាតិ ទើបជាការប្រសើរ។

លោកថា៖ «ខ្ញុំគិតថា ប្រទេសកម្ពុជា នឹងមានការ​ផ្លាស់ប្ដូរមុខមាត់ថ្មី បើសិនជាអនុសាសន៍ របស់លោកនាយករដ្ឋមន្រ្តី មានការធ្វើ អនុវត្តតាម ហើយនឹងជាពិសេស លោកខ្លួនឯង ក៏គួរតែពិចារណានៅស្ដីដែលគាត់លើកឡើងដែរ»។

នៅ​ក្នុងព្រះ​រាជ​ក្រឹត្យ​​​ដែល​ចុះ​ហត្ថលេខា​ដោយ​​ប្រមុខ​រដ្ឋ​ស្ដី​ទី លោក សាយ ឈុំ កាល​ពី​ថ្ងៃ​ទី២៩ខែកក្កដា លោក សុខ ទូច ត្រូវ​បាន​ដំឡើង​​ពី​អនុ​ប្រធាន ទៅ​ជា​ប្រធាន​រាជ​បណ្ឌិត​សភា្យ​កម្ពុជា ជំនួស​លោក​ស្រី ខ្លូត ធីតា ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​រាជ​ប​ណ្ឌិត្យ​សភា​កម្ពុជានៅចុងខែកក្កដា តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ថ្លែង​គាំ​ទ្រ​សំណើ​​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស់។

ក្រៅ​ពី​គាំ​ទ្រ​សំណើ​វិសោធនកម្ម​ច្បាប់​នេះ​ហើយ លោក សុខ ទូច កាល​ពី​ថ្ងៃ​ទី​២០ខែ​កក្កដាកន្លងទៅ មាន​បំណង​ចង់ឲ្យ​មាន​ច្បាប់​ហាម​ឃាត់​ការ​ប្រើ​ពាក្យ​មួយ​ចំនួន ដូចជា ពាក្យ “សង្គ្រោះ” និង​ពាក្យ​ “បដិវត្តន៍” ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ