សង្គ្រោះជាតិថា​នឹងមិន​ចូល​រួម​ការ​បោះឆ្នោត​ ​បើអ​វត្ត​មាន​មេបក្សខ្លួន​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:58 PM | នយោបាយ | 0 | 7014 អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិលោក​ស្រី​ មួរ សុខ​ហួរ (រូបភាពផ្តល់ឲ្យ)

គណបក្ស​ប្រឆាំងប្រកាសថា នឹង​មិន​ចូល​​រួ​ម​ការ​បោះឆ្នោត​ឆ្នាំ២០១៨ ​ប្រសិនបើអ​វត្តមាន​មេ​បក្សខ្លួន​ ខណៈលោក ​ហ៊ុន សែន នៅថ្ងៃនេះ ព្រមាន​រំលាយ​គណបក្សជាថ្មីទៀត បើតុលាការកឃើញថា លោក កឹម សុខា ពិតជាមានទោសក្បត់​ជាតិ​។

ថ្លែង​ក្នុង​សន្នីសីទសារព័ត៌មាន​មួយនៅព្រឹក​ថ្ងៃ​ទី​១១កញ្ញា​នេះ​ នៅ​មុខ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ ដោយមានការដាក់ពង្រាយសមត្ថកិច្ចជាច្រើនរយនាក់នៅក្បែរនោះ អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិលោក​ស្រី​ មួរ សុខ​ហួរ​ បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ប្រកាស​ថា គណបក្ស​នេះ​មិន​ចូល​រួ​ម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៨​នោះ​ទេ ​ប្រសិន​ជា​គ្មាន​វត្ត​មាន​ប្រធាន​គណបក្ស និងគ្មាន​ការ​បោះឆ្នោត​មួយ ដោយ​សេរី ​ត្រឹមត្រូវ និងយុត្តិធម៌។

​នៅ​ថ្ងៃនេះ​ផង​ដែរ លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​​ព្រមានរំលាយ​​គណបក្ស​សង្គ្រោះ​ជាតិចោល បើរកឃើញថា​គណបក្ស​នេះ ​មាន​ជាប់​ទាក់​ទង​នឹង​សកម្មភាព​របស់​លោក​ កឹម សុខា។ ហើយលោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា បើគ្មានបក្សប្រឆាំង ក៏ការបោះឆ្នោតឆ្នាំ២០១៨ អាចប្រព្រឹត្តទៅជាធម្មតាបាន​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ថា​បាន​ក្បត់​ជាតិ​ខ្មែរ​ ដោយ​សំអាង​ទៅ​លើ​វី​ដេអូ​ ដែល​លោក កឹម​ សុខា​ ថ្លែង​នៅ​ក្រៅប្រទេស​កាល​ពី​ឆ្នាំ​២០១៣ ថា​លោក​ទទួល​ជំនួយ​ពី​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ការ​ដើម្បី​យក​ឈ្នះ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន តាម​គំរូ​ប្រទេស​យូ​ហ្គោ​ស្លាវី និង​ស៊េប៊ី យក​មក​ចោទ​ប្រកាន់​។

ក្រោយពីចាប់ខ្លួនមេបក្សប្រឆំាង​លោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗ រួម​មាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែង​ការ​ព្រួ​យ​បារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ ហើយពួកគេជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​​បក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិន បានគាំទ្រ​ចំណាត់​ការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required