រដ្ឋាភិបាលបង្កកគណនីធនាគារអង្គការរបស់អតីតម្ចាស់កាសែត ដេលី ដោយមិនជូនដំណឹងមុន

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 8:40 AM | សិទ្ធិមនុស្ស | 0 | 6959 រូបភាពពី Cambodiaschools

រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កកគណនីធនាគារអង្គការមួយ ដែលដំណើរការដោយស្ថាបនិកកាសែត ដឹ ខេមបូឌា ដេលី បន្ទាប់ពីកាសែតភាសាអង់គ្លេសមួយនេះ បានសម្រេចផ្អាកដំណើរការរបស់ខ្លួនកាលពីសប្ដាហ៍មុន ដោយពុំបានទូទាត់បំណុលពន្ធទៅតាមការបង្គាប់របស់រដ្ឋាភិបាល។

អង្គការជំនួយពិភពលោកដើម្បីកម្ពុជា ដែលដំណើរការដោយអតីតម្ចាស់កាសែត ដឹ ខេមបូឌា ដេលី លោក Bernard Krisher បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១០ខែកញ្ញាថា គណនីធនាគាររបស់ខ្លួន ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបង្កកហើយ ដោយពុំមានការជូនដំណឹងជាមុននោះទេ។

អង្គការនេះ បានបញ្ជាក់ថា សេចក្ដីសម្រេចបែបនេះរបស់អាជ្ញាធរកម្ពុជា បានរំលោភលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងអង្គការមនុស្សធម៌មួយនេះ។ ក្រៅពីថា រំលោភលើអនុស្សារណៈហើយ អង្គការនេះបានអះអាងថា កម្មវិធីជំនួយមនុស្សធម៌ដែលផ្ដល់ការអប់រំដល់កុមារកម្ពុជានោះ ក៏នឹងត្រូវផ្អាក ដោយសារតែវិធានការបែបនេះរបស់រដ្ឋាភិបាលកម្ពុជា។

វិធានការបែបនេះ របស់រដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីកាសែត ដឹ ខេមបូឌា ដេលី បានសម្រេចបិទដំណើរការរបស់ខ្លួនកាលពីថ្ងៃទី០៤ខែកញ្ញា បន្ទាបពីផុតឱសានវាទ ដែលរដ្ឋាភិបាលកំណត់ឲ្យកាសែតនេះបង់ពន្ធជាង ៦លានដុល្លារ ដែលរដ្ឋាភិបាលចោទថា កាសែតបរទេសមួយនេះ ជំពាក់រដ្ឋនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

អង្គការជំនួយពិភពលោកដើម្បីកម្ពុជា ឲ្យដឹងថា ចាប់ពីថ្ងៃទី១១ខែកញ្ញា ខ្លួននឹងផ្អាកកម្មវិធីសិក្សាភាសាអង់គ្លេស ថ្នាក់កុំព្យូទ័រ កម្មវិធីសាងសង់សាលារៀន និងការផ្ដល់គ្រូបង្រៀនទៅដល់មណ្ឌលសិក្សា នៅតំបន់ជនបទប្រមាណ៩០កន្លែង។

អង្គការនេះថា គ្រាន់តែអាចបន្ដដំណើរការមជ្ឈមណ្ឌលថែទាំ ដល់កុមារជិត៤០នាក់ ក្នុងរយៈពេល១ខែទៀតប៉ុណ្ណោះ ដោយថា បើគិតពីមូលនិធិ ដែលមាននោះ គឺអង្គការនេះ នឹងត្រូវបញ្ឈប់ការងារបុគ្គលិកចំនួន ១០០នាក់ ក្នុងចំណោម១២០នាក់។

កាលពីថ្ងៃទី៨កញ្ញាកន្លងទៅនេះ លោក Bernard Krisherបានផ្ញើលិខិតស្នើសុំកិច្ចអន្ដរាគមន៍ទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា លោកនឹងរ៉ាប់រង កាតព្វកិច្ចពន្ធមួយភាគធំ គិតពីខែសីហាឆ្នាំ១៩៩៣ ដល់ខែមិនាឆ្នាំ២០១៧។

លោកស្នើថា កូនស្រីរបស់លោក គឺលោកស្រី Deborath Krisher Steele គួរទទួលខុសត្រូវបង់ពន្ធ សម្រាប់រយៈពេល៤ខែប៉ុណ្ណោះ ចាប់ពីខែមិនាឆ្នាំ២០១៧ទៅ បន្ទាប់ពីលោកស្រី បានទិញកាសែតនេះបន្ដ និងចុះបញ្ជីជាមួយរដ្ឋាភិបាល។

បន្ថែមលើសនេះ លោកស្រី Deborath Krisher Steele ក៏បានផ្ញើលិខិតមួយដែរ ដោយស្នើឲ្យលោក​ ហ៊ុន សែន អន្ដរាគមដោះស្រាយទំនាស់ រវាងអគ្គនាយកដ្ឋានពន្ធដារនិងកាសែត ដឹ ខេមបូឌា ដេលី ដើម្បីអាចឲ្យកាសែតនេះដំណើរការឡើងវិញ។

VOD មិនទាន់អាចទាក់ទងអគ្គនាយកដ្ឋានពន្ធដាលោក គង់ វិបុល បាននៅឡើយទេ។ ប៉ុន្ដែលោក គង់ វិបុល បានប្រាប់អង្គភាព Fresh Newsកាលពីម្សិលមិញថា ពាក់ព័ន្ធរឿងនីតិបុគ្គល គឺមិនអាចឲ្យអ្នកណា សុំទទួលខុសត្រូវបាននោះទេ ហើយថា ត្រូវតែសងជាដាច់ខាត។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក Phil Robertson បាន​ចាត់​ទុក​ការ​បិទ​កាសែត​ Cambodia Daily ថា​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ចាប់​តាំង​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក Phil Robertson បាន​លើក​ឡើង​ថា ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​តែ​អំពាវ​នាវទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​មួយ​នេះ រហូត​ដល់​មាន​ការ​ធ្វើ​សវនកម្ម​ស្រប​ច្បាប់​ទៅ​លើ​បញ្ហា​បំណុល​ពន្ធ​នេះ។

កាសែត​ភាសា​អង់គ្លេស Cambodia Daily ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​កាសែត​អាមេរិក​ជើង​ចាស់ លោក Bernard Krisher ក្នុង​ឆ្នាំ​១៩៩៣ មុន​នឹង​កាសែត​នេះ ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នកស្រី Deborah Krisher-Steele នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required