វិភាគ៖ តើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា នឹងត្រូវដោះលែងឬទេ?

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ខណៈការបោះឆ្នោតជាតិនៅសល់មិនដល់មួយឆ្នាំផងនោះ អ្នកតាមដានពីបញ្ហានយោបាយមើលឃើញថា រ​លក​ប្រជា​ធិ​ប​​តេយ្យ​នៅ​​កម្ពុជាត្រូវបានរាំងខ្ទប់។

ពួកគេថា ការរាំងខ្ទប់នោះ ដោយសារតែបក្សកាន់អំណាច បានបញ្ជាឲ្យបិទ​វិ​ទ្យា​ស្ថា​​​​ន​ជា​តិប្រជាធិ​បតេ​យ្យ​ NDI របស់​អាមេរិក បញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានការចាប់ខ្លួន​មេ​ដឹក​នាំបក្ស​ប្រ​ឆាំង​លោ​​​​ក កឹម សុខា ជា​​ដើម។

ថ្វីបើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចោទលោក កឹម សុខា ថាមានទោស​ក្បត់​ជាតិក៏ដោយ ប៉ុន្តែ​សហគមន៍អន្តរ​ជាតិមួយចំនួ​នដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី និ​ង​បា​​​​​រាំងជាដើម ដែល​ជា​ប្រទេស​ចុះ​ហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​សន្តិភាពទី​ក្រុងប៉ារីសនោះ បានរិះគន់ចំណាត់ការរបស់រ​ដ្ឋាភិ​បាលកម្ពុជា លើ​​កលែងតែប្រទេសមហាអំណាចចិនមួយគត់ បានគាំទ្រចំណាត់ការមួយនេះ។

អ្នក​តាម​​ដានមួយចំនួនក៏បានពន្យល់ផងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ មិ​ន​​ត្រឹ​​​​​​មតែ​ជំរុ​ញ​​​​ឲ្យ​​​កម្ពុ​​ជាឈប់បង្ហូរឈាមគ្នាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចព្រមព្រៀងដែលមានប្រទេសទាំង១៨ រួម​​​​ទាំ​​​ង​​​​​​​ម​ហា​អំណា​ច​​​ទាំង​​​៥ផងនោះ ពួកគេមានកាតព្វកិច្ចតាមដាន និងជំរុញកម្ពុជា ឲ្យប្រកាន់ភ្ជាប់ ប្រជា​ធិ​​ប​តេយ្យ សេ​​រីពហុបក្ស តាមរយៈរៀបចំ​ការបោះ​ឆ្នោត ​សេ​​​រី​ ​ត្រឹមត្រូវ និងយុត្តិធម៌ លើ​យន្តការជ្រើ​ស​​រើស​​​មេដឹ​ក​​នាំ។ ពោលគឺ​ការដណ្តើ​មអំណាចគ្នា ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតមួយ ដោយសេរី មានតម្លាភាព ដែលអា​ច​ឲ្យ​​សហគមន៍​ជាតិ និងឲ្យអន្តរជាតិ ជឿទុកចិត្តបាន។

កម្តៅនយោបាយនៅកម្ពុជាពេលនេះមា​នសំនួ​រ​ជាច្រើ​ន ​បា​ន​ចោទសួរថា តើប្រតិកម្មរបស់សហ​គមន៍អ​ន្តរ​ជា​​តិ​ ដែលឃ្លាំមើលការវិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា អាចជំរុញឲ្យបក្សកាន់អំណាច​ដោះលែង លោក កឹម សុ​ខា ឲ្យចូ​ល​រួមប្រ​កួ​ត​​​ការបោះឆ្នោត ដោយតម្លាភាពនៅ​ឆ្នាំ​២០១​៨​ ឬ​ក៏អត់?

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា គេពិបាកនឹងនិ​យាយថា ពេ​លនេះ ​អ្ន​កនយោ​បា​យកំពុ​ងតែចង់ធ្វើអីពិតប្រាកដ។ ប៉ុន្តែលោកវិភាគថា បើពិនិត្យមើលពីដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា នៅពឹ​ង​ផ្អែក​ទៅលើបណ្តាប្រទេសលោកសេរីស្ទើរទាំងស្រុងនៅឡើយនោះ លោកថារបត់ន​យោបាយមិនអាចពឹងលើ​ម​ហា​អំណាចចិនតែម្នាក់បានទេ។ លោកវិភាគបន្តថា ដំណោះ​ស្រាយនយ​បោ​យ​តា​​​មកា​រចង់បានរបស់​សហ​​គ​មន៍​អន្តរជាតិ ដែលប្រកាន់ប្រជាធិបតេយ្យ នៅតែមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា។

លោកថា៖ «បើតាមទស្សនៈខ្ញុំ គិតប្រហែលជាគេ[រដ្ឋាភិបាល]​មិនទុកទេ គេឲ្យចូលរួមការបោះឆ្នោតហើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ រុញបញ្ហាហ្នឹងកាន់តែខ្លាំង ទាមទារឲ្យមានការដោះ​លែង ឬក៏មានសហគម​ន៍អន្តរជាតិរុញ។ ហើយបើសិនជាអត់មានការដោះលែង គឺពិបាកក្នុងការបង្ហាញទៅអន្តរជាតិថា ការរៀបចំការបោះឆ្នោតហ្នឹង វាប្រ​ព្រឹត្តិទៅសមភាព ដោយបរិយាកាសនយោបាយល្អ អាហ្នឹងវាពិបាកបង្ហាញគេ មធ្យោបា​យបង្ហា​ញមា​នការ​លំបាក»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា កម្តៅនយោបាយនៅពេលនេះ ហាក់បាន​រុញសហគមន៍អ​ន្ត​រ​ជា​តិឲ្យហក់ចូលកម្ពុជា ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត២០១៨ទៅវិញទេ។

លោកថា៖ «បច្ចុប្បន្នវាតានតឹង វាបង្ហាញទៅសាធារណជន ឬគណបក្សប្រឆាំងមានការ​លំបាក ក្នុងការបញ្ចេ​ញមតិ ប៉ុន្តែវាក៏ជាកត្តាមួយជំរុញដល់ការជំនះឲ្យបរិយាកាសនៃការរៀ​បចំការបោះឆ្នោត​ ឬក៏ការ​ចាប់អា​រម្មណ៍ពីអន្តរជាតិហ្នឹង មានការកើនឡើង អញ្ចឹងបញ្ហានេះអាចជាលក្ខខណ្ឌមួ​យ ធ្វើឲ្យគណបក្សប្រឆាំងហាក់​មាន​អ្នកជួយ គេហៅថា ត្រួតពិនិត្យមើលនៃដំណើរការបោះឆ្នោតនៅឆ្នាំក្រោយ ហើយវា អាចជំរុញកា​របោះ​ឆ្នោត​​នៅឆ្នាំក្រោយប្រសើរឡើងល្អជាងមុន»។

អ្នកវិភាគនយោបាយជើងចាស់មួយរូប គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ចំណាត់ការនានារប​ស់រដ្ឋា​ភិបាលនៅពេលនេះ បានបង្ហាញថារបត់នយោបាយកំពុងបំលែងរដ្ឋធម្មនុញ្ញទៅជារបត់​ដឹកនាំ​បែប​ប្រទេ​សកម្មុយនីស្ត ទប់ស្កាត់មិនឲ្យ​គណបក្ស​តូចឡើងមកប្រកួតដោយស្មើភាពបាន។

ប៉ុន្តែលោក ឡៅ ម៉ុងហៃ វិភាគថា កម្ពុជាទំនងជាពិបាកធ្វើទៅរួច ដោយសារតែកិច្ច​ព្រមព្រៀ​ងស​ន្តិ​ភាព​ទី​ក្រុង​​ប៉ារីស បានចងបណ្តាប្រទេសមួយចំនួន រួមទាំងអង្គការសហប្រជាតិ ឲ្យបន្តតាមដា​នពីកា​រវិវឌ្ឍ​ប្រជា​ធិ​ប​​តេយ្យនៅកម្ពុជា។

លោកថា៖ «ក្នុងនោះក៏មានចែងថា ប្រទេសហត្ថលេខីទាំងអស់ សន្យាធ្វើឲ្យប្រទេសកម្ពុជា គោរពសិ​ទ្ធិមនុ​ស្ស ហើ​​​យនឹងត្រូ​​វមានយន្តកា​រដោះស្រាយ បើសិនជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។​ ប្រទេសជាហត្ថលេ​ខី ​នៃ​​ប្រ​​​ទេសណា​មួយ អាចលើកបញ្ហានេះ ទៅអង្គការសហប្រជាជាតិ ឲ្យបញ្ចប់ការរំ​លោភសិទ្ធិម​នុស្សធ្ង​ន់ធ្ងរ​នេះ​»។

ទោះជាយ៉ាងណានៅថ្ងៃទី១១ខែកញ្ញា តំណាងរាស្ត្របក្សប្រឆាំង បានទៅប្រមូលផ្តុំគ្នានៅមុខពន្ធនាគារ ខេ​ត្ត​​ត្បូងឃ្មុំ ប្រឆាំងនឹងការឃុំខ្លួនមេដឹកនាំរបស់ខ្លួន ខណៈតំណាងរា​ស្ត្របក្សកាន់អំណា​ចបើកកិ​ច្ចជុំវិ​សា​ម​ញ្ញ​​ដោ​យឯកតោ​ភាគី សម្រេចឲ្យអាជ្ញាធររដ្ឋ បន្តនីតិវិធីករណីចាប់ខ្លួនលោក កឹម សុខា។

ករណីនេះ លោ​ក ឯម ​សុវណ្ណារ៉ា វិភាគដែរថា ដំណើរអ្នកតំណាងរាស្ត្របក្សប្រឆាំង ទៅកាន់មណ្ឌលឃុំខ្លួនលោក កឹម សុខា អាចជាសញ្ញា​ណមួយទៀត​រំឭកដល់អ្នកគាំទ្រថា យុទ្ធនាការតាមតវ៉ាតាមដងផ្លូវនៅពេលខាងមុខ អា​ច​​នឹងជៀសមិនផុត ក្នុងករណីចាំបាច់ណាមួយ ដើម្បីជំរុញការដោះលែងនេះ។

លោកថា៖ «គណបក្សសង្គ្រោះជាតិ យើងឃើញចរន្តមួយ គឺការទាមទារដើរទៅជួបប្រធានបក្សរបស់ខ្លួននៅត្រពាំងផ្លុង នេះជាយន្តការមួយជំហានដំបូង នេះជាពញាក់ឲ្យម​ហាជនគាំទ្រខ្លួនឯ​ងហ្នឹង មានការចា​ប់អារម្ម​ណ៍ហើ​យ អញ្ចឹ​​​ងបើ​មានពលរដ្ឋចូលរួមកាន់តែច្រើន បញ្ហាផ្សេងៗរដ្ឋាភិបាល នឹងឆ្លើ​យតបហើយ​មិនអាច​នៅស្ងៀមបានទេ»។

ទោះជាយ៉ាងណានៅលោក ហ៊ុន សែន បានព្រមានថ្មីទៀតថា គណបក្សប្រឆាំងនឹងត្រូវរំលាយចោល មុ​នការបោះឆ្នោត បើតុលាការរកឃើញកំហុសថា លោក កឹម សុខា បានប្រ​ព្រឹត្ត​ទង្វើ​​ក្បត់ជាតិនោះ។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោកបណ្ឌិត មាស នី លើកឡើងទាំងប្រយ័ត្នប្រយែងថា ស្ថាន​កា​រណ៍នយោ​​បាយពេលនេះ ហាក់កំពុងជាប់ផុង ពិបាកនឹងថយក្រោយ បើពុំមានសម្ពាធធ្ងន់ធ្ងរណាមួយ​កើ​តឡើងទេ លោកថាស្ថានការណ៍នយោបាយពិបាកនឹងត្រឡប់ក្រោយ។

ប៉ុន្តែលោក មាស នី វិភាគថា បើគណបក្សកាន់អំណាចជ្រើស​រើសយកយន្តការរំលាយ​បក្សប្រឆាំង ដូចកា​​រគំ​រា​មមែន លោកថា បក្សកាន់អំណាចនិងមានហានិភ័យខ្ពស់​ផងដែរ ទាក់ទិននឹងស​ម្ពាធអន្តរជា​តិ​កា​ន់តែ​ខ្លាំង​។

លោកថា៖ «ហានិភ័យខ្ពស់នៅត្រង់ថា កាលណារំលាយសង្គ្រោះជាតិ គ.ជ.ប ក៏លែងមានដំណើរការ ហើយក្រុមប្រឹក្សាឃុំសង្កាត់អីហ្នឹង ក៏ត្រូវរំលាយបន្តបន្ទាប់គ្នា ដល់អញ្ចឹងទៅ វានាំឲ្យ​រដ្ឋាភិបាល​ហ្នឹង វាហៅ​ថា​​​លែ​​ងគ្រ​ប់ខ្នាត វាលែងមានអ្វី ជាភាពស្របច្បាប់ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ»។

បើតាមអ្នកវិភាគ បើដង្ហើមសេដ្ឋកិច្ច និងប្រភពទីផ្សា​រនាំចេញរបស់កម្ពុជា​ នៅពឹងផ្អែកទាំ​ងស្រុង​លើ​បណ្តា​ប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ រួមទាំងកិច្ចព្រមព្រៀងនា​នា ជា​មួ​យ​អង្គ​ការស​ហ​ប្រជា​ជាតិ ស្តីពី​យន្តការប្រជាធិបតេយ្យនោះ ពួកគេថាមេដឹកនាំបក្សប្រឆាំង លោក កឹម សុ​ខា អាចនឹ​ងត្រូ​វ​បាន​ដោះ​​​​​​លែង ឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៨ បើមានសម្ពាធពីអន្ត​រជាតិ និង​ស​​​ម្ពា​ធ​នៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ