ចិនផ្ដល់ជំនួយសម្ភារៈដល់ គ.ជ.ប មុនដំណើរទស្សនកិច្ចប្រធានាធិបតី ហ្ស៊ី ជីនពីង មកកម្ពុជា

គ.ជ.ប

រដ្ឋាភិបាលចិនបានប្រកាសផ្ដល់ជំនួយផ្នែកសម្ភារៈជាច្រើនមុខដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកប្រទេសកម្ពុជានៅពាក់កណ្តាលខែនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ បញ្ជាក់ថាជំនួយផ្នែកសម្ភារៈចំនួន១០មុខ បានមកដល់កម្ពុជាហើយ ចំណែក១៩មុខទៀត រដ្ឋាភិបាលចិននឹងបញ្ជូនមកតាមក្រោយ នាពេលខាងមុខ។

បើតាមសេចក្ដីប្រកាសដដែល ជំនួយទាំងនោះ រួមមាន ម៉ាស៊ីនភ្លើង១៧០គ្រឿង កុំព្យូទ័រ៥៥គ្រឿង កុំព្យូទ័រយួរដៃ៣០គ្រឿង ម៉ាស៊ីនព្រីន៥៥គ្រឿង មាស៊ីនព្រីនខូល័រ២០គ្រឿង ម៉ាស៊ីនស្កែន៤០គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ៣៧គ្រឿង ផ្ទាំងក្រណាត់បញ្ចាំងស្លាយ៣៧គ្រឿង ម៉ាស៊ីនហ្វូតូកូពី២គ្រឿង និងឧបករណ៍បំពងសំឡេង៨គ្រឿង។

ការប្រកាសផ្ដល់ជំនួយរបស់សមភាគីចិន ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហើបឲ្យដឹងអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិប ហ្ស៊ី ជីនពីង ដែលនឹងមកកម្ពុជា នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ខាងមុខ។

ក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ លោក ហ៊ុន សែន បានថ្លែងថានៅក្នុងដំណើរទស្សនកិច្ចនោះ ប្រមុខរដ្ឋាភិបាលចិន-កម្ពុជានឹងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងយ៉ាងតិច២៨ ប៉ុន្តែលោកមិនបានគូសបញ្ជាក់ថាតើភាគីទាំងពីរនឹងលើកយកបញ្ហាបោះឆ្នោតនៅកម្ពុជាមកពិភាក្សាឬអត់នោះទេ។

ពាក់ព័ន្ធបញ្ហាផ្ដល់ជំនួយវិញ មន្ដ្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធោ បានឲ្យវីអូឌីដឹងនៅថ្ងៃអង្គារនេះថាការផ្ដល់ជំនួយរបស់ចិន គឺធ្វើតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកថាជំនួយនេះមានគោលបំណងបម្រើដល់ការអភិវឌ្ឍន៍ជាតិ។

លោកមានប្រសាសន៍ថា៖ «ជំនួយនេះនៅពេលដែលប្រមុខរដ្ឋាភិបាលទាំងពីរលោកជួបគ្នា លោកបានស្នើសុំ ហើយ គ.ជ.ប ទទួលចំណែកនេះពីខាងរដ្ឋាភិបាល»។

លោកបន្ថែមទៀតថា៖ «ចិនមិនមានដាក់លក្ខខ័ណ្ឌអីទាំងអស់សម្រាប់ជំនួយនេះ។  គ.ជ.ប សម្រេចទទួលដែរ ដោយសារមិនមានលក្ខខ័ណ្ឌ ផ្ទុយទៅវិញ បើមានលក្ខខ័ណ្ឌ គ.ជ.ប ក៏នឹងពិចារណាថាតើគួរទទួល ឬមិនទទួល»។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដំណើរការងារដំបូងរបស់ខ្លួន គ.ជ.ប ពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបច្ចេកទេស និងសម្ភារៈបានមកពីសហភាពអឺរ៉ុប និងជប៉ុន ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦។

នៅដើមខែសីហា គ.ជ.ប បានទទួលសម្ភារៈសម្រាប់ចុះឈ្មោះឆ្នោតឃុំ/សង្កាត់ពីសហភាពអ៊ឺរ៉ុបប្រមាណ៩៥ភាគរយ រួមមាន កុំព្យូទ័រ ឧបករណ៍ស្កេនក្រយ៉ៅដៃ កំាមេរ៉ា ប្រមាណ២៤០០ឈុត។ ចំណែក៥ភាគរយទៀត គឺជាជំនួយផ្នែកម៉ាស៊ីនភ្លើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ