កឹម សុខា៖ ខ្ញុំ និង សម រង្ស៊ី មិនបានបែកបាក់គ្នាទេ

លោក​ កឹម សុខា​ និង​លោក ​សម រង្សុី ​កាន់​ដៃគ្នា​ កាលពីពេល​កន្លង​មក

បើតាមបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel News Asia ដែលផ្សាយកាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថារាល់ទំនាក់ទំនងរវាងលោកនិងលោក សម រង្ស៊ី គឺមិនបានបែកបាក់គ្នាទេ បើទោះបីជាលោក សម រង្ស៊ី កំពុងនិរទេសខ្លួនដោយស្នាក់នៅក្រៅប្រទេស។

ការលើកឡើងរបស់លោក កឹម សុខា គឺឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានទូរទស្សន៍ដ៏ល្បីមួយរបស់សិង្ហបុរី ដែលសួរថា៖ អ្វីជាទំនាក់ទំនងរវាងលោក (កឹម សុខា) និង លោក សម រង្ស៊ី ហើយតើលោក សម រង្ស៊ី អាចដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងពេលដែលគាត់កំពុងរស់នៅក្រៅប្រទេសបានដែរ ឬទេ?

ជាការឆ្លើយតប លោក កឹម សុខា បានមានប្រសាសន៍ថា៖ «សព្វថ្ងៃ យើងអត់បែកបាក់គ្នាទេ ទោះបីគាត់នៅក្រៅក៏ដោយ ព្រោះការដឹកនាំ (បក្ស) សព្វថ្ងៃនេះ គឺដឹកនាំជាប្រព័ន្ធ។ យើងដឹកនាំដោយយន្តការ មិនមែនដោយបុគ្គល។ បើយើងដឹកនាំដោយបុគ្គល យើងអាចមែនការបែកបាក់មែន។ ប៉ុន្តែយើងដឹកនាំជាប្រព័ន្ធ យន្តការបក្ស។ អីញ្ចឹង អត់មែនបែកបាក់ទេ »។

ទោះជាយ៉ាងណា បើតាមបទស្ភាសន៍ជាវីដេអូដដែល លោក កឹម សុខា ថ្លែងទំនងចង់ឲ្យលោក សម រង្ស៊ី មកនៅក្បែរ និងធ្វើការជាមួយលោកនៅក្នុងប្រទេស។

លោកថា៖ «ជាយោបល់ខ្ញុំ បើលោក សម រង្ស៊ី មកនៅជាមួយខ្ញុំជាការល្អជាង ដែលខ្ញុំនៅ (ទីនេះ) ម្នាក់ឯង។ ប៉ុន្តែបើគាត់ សម្រេចចិត្តមិនមក អាហ្នឹងនៅយើងតែដឹកនាំទៅមុខបាន ពីព្រោះដឹកនាំជាប្រព័ន្ធ យន្តការរបស់គណបក្ស ហើយក៏យើងមានការទំនាក់ទំនងគ្នាតាមប្រព័ទ្ធអេឡិចត្រូនិច»

ទំនាក់ទំនងរវាងមេដឹកនាំជាន់ខ្ពស់ទាំងពីររបស់គណបក្សប្រឆាំងមួយនេះ ត្រូវបានកត់សម្គាល់យ៉ាងចិត្តទុកដាក់ពីសំណាក់សារធាណរៈជន ក៏ដូចជាអ្នកតាមដានស្ថានការនយោបាយនានា ពោលគឺក្រោយពីលោកសម រង្ស៊ី ត្រូវបានភៀសខ្លួនទៅនៅក្រៅប្រទេស និងបន្ទាប់ពីលោក កឹម សុខា កំពុងសំងំស្នាក់នៅតែទីស្នាក់ការគណបក្សអស់រយៈពេលជាច្រើនខែ ដែលោក កឹម សុខា ថានេះគឺជាការធ្វើកូដកម្មនិងតស៊ូមតិផ្នែកនយោបាយ។

អ្នកឯកទេសនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល យល់ថាបើទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយលោក សម រង្ស៊ី ក្នុងនាមជាមេដឹកនាំគណបក្សមួយមិនគួរចាកចេញទៅក្រៅប្រទេសនោះទេ។ លោកថា ការមិនចាកចេញនេះវាបានបង្ហាញពីឆន្ទៈ ភាពក្លាហាន និងតស៊ូរបស់ប្រធានគណបក្សមួយនេះ ក្នុងការធ្វើកិច្ចណាមួយដែលជាគោលដៅរបស់ខ្លួន។

នៅពេលវីអូឌី សួរអំពីការថ្លែងសារនបាយរបស់មេដឹកនាំទាំងពីរ ខណៈដែលសារនយោបាយរបស់លោក សម រង្ស៊ី ដែលនៅក្រៅប្រទេស និងបក្សរបស់ខ្លួននៅកម្ពុជា ពេលខ្លះហាក់បីដូចជាថ្លែងបែបផ្សេងគ្នានោះ លោកបណ្ឌិត ចាន់ វិបុល ឲ្យដឹងថានេះអាចបណ្តាលមកពីអត្តចរិតរបស់មេដឹកនាំ។

លោកបន្តថា ក្នុងការបញ្ចេញសារនយោបាយរបស់បក្សណាមួយនោះ ត្រូវមានការឯកភាពនៅក្នុងគណៈកម្មការនាយកជាមុន ទើបធ្វើឲ្យសារនយោបាយបក្សនោះ មានភាពច្បាស់លាស់។

លោកមានប្រសាសន៍ថា៖ «ឃើញថាលោក សម រង្ស៊ី ជាទូទៅគាត់តែងតែប្រើប្រាស់សារនយោបាយមួយចំនួន ដែលនាំឲ្យមានកំហឹង ដុតកំហឹង បើធៀបជាមួយលោក កឹម សុខា មិនសូវដុតកំហឹងដូចលោក សម រង្ស៊ី ទេ។  [] រឿងមួយ ដែលអាចធ្វើទៅបាន គណ:កម្មការនាយកដែលនៅកណ្តាល ត្រូវជជែកគ្នាអំពីការផ្ញើសារនយោបាយ ពីព្រោះនៅពេលនេះ ជាពេលវេលាដែលសមស្របបំផុតសំរាប់ផ្ញើសារនយោបាយ»

កាលពីថ្ងៃទី៥ ខែតុលា លោក កឹម សុខា ក៏បានទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ ក្រោយមានការប្រកាសបទឈប់បាញ់ផ្នែកនយោបាយ។

គួរបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃទី៩ ខែកញ្ញា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបំាងមុខឲ្យលោកជាប់ទោសចំនួន៥ខែពាក់ព័ន្ធនឹងបទល្មើសបដិសេធមិនចូលខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ