អតីតប្រពន្ធ ​ជៀស ស្រួច ​បានតំណែងតួឯករឿង​ «ត្រកូលអ្នកប្រដាល់​»

តារា​សម្ដែង​ជើង​ថ្មីនាង​ សាត​ រស្មី (ដោយ វង្ស សុម៉ាលីន)

មុនផ្ទុះព័ត៌មានលែងលះជាមួយអតីតកីឡាករ ជៀស ស្រួច មានមនុស្សតិចណាស់ចាប់អារម្មណ៍ពីការងារសិល្បៈរបស់អ្នកមេម៉ាយ សាត រស្មី។ បើទោះជាកីឡាករ ជៀស ស្រួច ចេញមុខហែកហួរថានាងក្បត់ផិតនិងបានបោះបង់ជីវិតអាពាហ៍ពិពាហ៍ព្រោះតែប្រាក់៣០០ដុល្លារនិងចង់ក្លាយជាតារា ក៏តារារូបនេះតែបន្តឈរជើងក្នុងសិល្បៈ។ អ្វីដែលគេកត់សម្គាល់ គឺនាងបានឡើងតួឯកក្នុងរឿងខ្នាតធំថ្មីរបស់ផលិតកម្ម LD គួរឲ្យភ្ញាក់ផ្អើល។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលតារាសម្ដែងជើងថ្មីនាង សាត រស្មី ស្រាប់តែបានទទួលតំណែងជាតួឯកស្រីក្នុងរឿង «ត្រកូលអ្នកប្រដាល់» ដែលជារឿងខ្នាតធំរបស់ផលិតកម្ម LD នឹងត្រៀមដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី១៣ ខែតុលា ខាងមុន។

នាង សាត រស្មី ត្រូវបានផលិតករលើកស្ទូយទន្ទឹមនឹងរឿងអាស្រូវផ្ទុះឡើងដែលក្នុងពេលនោះគឺអតីតកីឡាករ ជៀស ស្រួច ជាអតីតស្វាមីបកអាក្រាតយ៉ាងចាស់ដៃថានាងក្បត់ចិត្តនិងធ្វើឲ្យលោកខូចចិត្តទើបបណ្ដាលឲ្យលោកប្រែក្លាយជាមនុស្សធ្លាក់ខ្លួន។ មនុស្សជាច្រើនមិនធ្លាប់ស្គាល់ថា សាត រស្មី ជាអ្នកណាបានបង្វែរការចាប់អារម្មណ៍ចំពោះនាងតែមួយពព្រិចភ្នែក បន្ទាប់ពីបានដឹងថានាងគឺជាអតីតភរិយារបស់កីឡាករ ជៀស ស្រួច ដែលជាតារាសម្ដែងល្បីឈ្មោះក្នុងរឿង «បេះដូងអ្នកប្រដាល់»។

សាត រស្មី បានអះអាងក្នុងពិធីសម្ពោធដាក់បញ្ចាំងរឿង «ត្រកូលអ្នកប្រដាល់» កាលពីថ្ងៃទី១០ ខែតុលាថា នាងមិនចាប់អារម្មណ៍ចំពោះសម្ដីហែកហួរលោក ជៀស ស្រួច នោះទេ ផ្ទុយទៅវិញថានាងបែរជាលើកឡើងថាចំហាយនៃការនិយាយអាក្រក់ពីនាងបានជួយឲ្យនាងឡើងកូដនាពេលចុងក្រោយ។

នាងថាតំណែងតួឯកក្នុងរឿង «ត្រកូលអ្នកប្រដាល់» ត្រូវបានទទួលមុនពេលបែករឿង ប៉ុន្តែគ្រាន់តែរឿងនោះបានស្ងប់គឺនាងទទួលបានការងារដូចគេទម្លាក់ក្នុងតំណែងជាតួឯក។ នាងនិយាយថាខ្សែរឿង «ត្រកូលអ្នកប្រដាល់» ជារឿងទី១ដែលនាងសម្ដែងតួឯក ប៉ុន្តែក្នុងពេលដ៏ខ្លីគឺនាងនឹងមានខ្សែរឿងជាច្រើនផ្ដល់ឱកាសឲ្យនាងសម្ដែងតួឯកដូចគ្នា។

នាងនិយាយថារឿងរ៉ាវអាស្រូវ មិនសុទ្ធតែអាក្រក់ចំពោះរូបនាងនោះទេ ដោយសារតែការទម្លាយរបស់អតីតស្វាមី ទើបជួយអោយមហាជនស្គាល់មុខនាងនិងឈ្មោះនាងនៅក្នុងពេលនេះ។ នាងថាបើទោះជាមានមួយចំនួនស្អប់នាង ជេរប្រទិចថានាងស្រីផិតក្បត់តាមអ្វីដែល ជៀស ស្រួច បានប្រកាស តែក៏មានមនុស្សមិនតិចនោះដែរអាណិតនាងនិងគាំទ្រនាងឲ្យបន្តជំហរនៅក្នុងសិល្បៈ។ អ៊ីចឹងហើយទើបនាងយល់ថាខ្លួនឯងទទួលបានជោគជ័យ ក្រោយរឿងអាស្រូវកើតឡើង។

រស្មី បន្តថា៖ “គាត់ (ជៀស ស្រួច) ចង់បង្ខូចឈ្មោះខ្ញុំ ប៉ុន្តែក៏មានមនុស្សមិនតិចដែរដឹងថាគាត់យ៉ាងម៉េចខ្លះ! បានធ្វើឲ្យខ្ញុំសុខចិត្តចុះចេញដើម្បីសេរីភាព ហើយប្រឹងតស៊ូខ្លួនឯង! ខ្ញុំនៅតែយល់ថា អ្វីដែលគាត់និយាយជារឿងអត់ប្រយោជន៍!”។

នាងថាខ្សែរឿងដែលនាងបានសម្ដែងលើកទី១ក្នុងរឿង «ត្រកូលអ្នកប្រដាល់» នឹងទទួលជោគជ័យ ដោយសារតែចំហាយរឿងអាស្រូវដែលបានទម្លាយចេញដោយអតីតស្វាមី។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានអះអាងថាហេតុផលដែលលោកជ្រើសយកតារាសម្ដែង សាត រស្មី ឲ្យសម្ដែងតួឯកស្រីក្នុងរឿង «ត្រកូលអ្នកប្រដាល់» ទាំងនាងផ្ទុះឡើងនូវរឿងអាស្រូវ គឺដោយសារតែនាងជាតារាដែលមានត្រេមុខនិងស្ទីលសម្ដែងត្រូវតាមក្ដីស្រមៃរបស់លោកនៅក្នុងសាច់រឿង។

លោកថាបុគ្គលណាម្នាក់ក៏មានរឿងអតីតកាលនោះដែរ ដូច្នេះលោកមិនបានយល់ថារឿងអាស្រូវដែលបានបោកបក់លើ សាត រស្មី នឹងធ្វើឲ្យរឿងរបស់លោកធ្លាក់ទឹកនោះឡើយ។ ផ្ទុយទៅវិញ លោកបែរជាយល់ថារឿង «ត្រកូលអ្នកប្រដាល់» ដែលផលិតកម្មលោកប្រកាសបញ្ចាំងនៅថ្ងៃទី១៣ ខែតុលា ខាងមុខ បែរជាមានការចាប់អារម្មណ៍ដោយសារតែ សាត រស្មី សម្ដែងជាតួឯកនោះផង។

លោក លៀក លីដា បន្តថា៖ “ពេលខ្ញុំជ្រើសយកគាត់ (សាត រស្មី) អ្នកខ្លះភ័យ តែខ្ញុំអត់គិតចឹងទេ ព្រោះរឿងហ្នឹងខ្ញុំដាក់តួល្អច្រើន ប៉ុន្តែឥឡូវនឹងខ្ញុំឃើញថាអត់ចឹងទេ ព្រោះមើលទៅគេចាប់អារម្មណ៍គាត់ច្រើន!”។

លោកថាលោកជ្រើសយកអតីតភរិយារបស់កីឡាករ ជៀស ស្រួច ឲ្យមកធ្វើជាតួឯកបានក្លាយជាការលើកសម្រស់ផលិតកម្មរបស់លោកទៅវិញ។ លោករំពឹងយ៉ាងខ្លាំងថារឿង «ត្រកូលអ្នកប្រដាល់»នឹងស្រូបចំណូលបានចំណូលមួយខ្ពស់ ដោយសារតែរឿងមួយនេះជារឿងដែលផលិតកម្មចំណាយអស់ច្រើនម៉ឺនដុល្លារ និងតម្រូវឲ្យតួអង្គនាយគ្រឿន សម្ដែងជាតួភេទទី៣ខុសប្លែកពីរឿងមុនៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ