បក្សប្រឆំាង៖ បក្សកាន់អំណាច​ស្នើកែច្បាប់មួយចំនួន​ ដើម្បី​ចែកកៅអីនៅសភា

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង

គណបក្សប្រឆំាង បានឲ្យដឹងថា ​​តំណាង​​រាស្ត្របក្សកាន់អំណាច បាន​ស្នើ​សុំ​វិសោធ​នកម្ម​ច្បាប់​​ចំនួនបួន ដោយ​ថា ​ជាការបើកផ្លូវ ដើម្បីយកអាសនៈ​នៅសភារបស់គណបក្សណា​ ដែលនឹង​រំលាយដោយតុលាការ​ ទៅចែកអោយគណបក្សផ្សេង តាមរូប​មន្ត​សមា​មាត្រ​​ ខណៈតុលាការកំពូល កំពុងពិនិត្យបណ្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អេង ឆៃអ៊ាង​ ផ្សាយកាលពីថ្ងៃទី១០តុលាម្សិលមិញ សេចក្តីស្នើវិសោធនកម្មច្បាប់ ទំាងនោះរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ និងច្បាប់​​ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​។

លោក អេង ឆៃអ៊ាង សរសេរថា៖ «ខ្លឹមសារ នៃការសុំធ្វើវិសោធនកម្មច្បាប់ ទំាងបួននេះ គឺយកអាសនៈរបស់គណបក្ស​ ដែលត្រូវ​រំលាយ ​ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់​ទំាង​បួនខាងលើ​»

បើតាមទំព័រ​ហ្វេសប៊ុកដដែល តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាងថា សេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានទៅដល់រដ្ឋសភាហើយ ដែលគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​​​នៃ​រដ្ឋសភា នឹងប្រជុំសម្រេចតាមនីតិវិធី នៅថ្ងៃទី១២ខែតុ​លា ស្អែក​នេះ។

ទោះជាយ៉ាង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីម្សិលមិញ ក្រុមតំណាងរាស្ត្រគណបក្សប្រឆំាង ថា នឹងមិនចូលប្រជុំ សម័យប្រជុំ​សភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃ​ទី១២ខែ​តុលា ឆ្នាំ២០១៧។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី នៅថ្ងៃនេះថា សភានឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំពេញអង្គនៅថ្ងៃស្អែកនេះ​ ដោយថា ដើម្បីពិនិត្យលើសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួន តាមការ​ចង់​បាន​របស់​ក្រុមតំណាងរាស្រ្តបក្សកាន់អំណាច។ ប៉ុន្តែ លោកថា បើក្រុមតំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​​ មិ​ន​ចូលរួម​ប្រជុំ ជាសិទ្ធិរបស់ពួកគេ។

លោកនិយាយ​ថា៖ «ជារឿងរបស់គាត់ធ្វើជាធម្មតា គាត់ធ្វើពហិការ គាត់ធ្វើជាអ្នកទទួលខុសត្រូវខ្ញុំមិចង់អត្ថាធិប្បាយទេគេធ្វើបាន គេប្រជុំបានតាមច្បាប់ដោយសារ គេកំណត់កូរ៉ុម គ្រាប់គ្រាន់ដើម្បីប្រជុំបា​»

នៅពេល វីអូឌីសួរថា តើសេចក្តីស្នើកែច្បាប់នេះ អាចធ្វើបានដែរ ឬទេ លោក ឡេង ប៉េងឡុង សុំមិនបកស្រាយបន្ថែម ដោយបង្វែរសំនួរទៅសួរលោក ជាម យៀប វិញ។

វីអូឌី មិនអាចទាក់ទង លោក ជាម យៀប បានទេ។

ចំណែក លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា បើ​សភា ធ្វើ​វិសោធនកម្ម​ច្បាប់ទាំងបួនមែន នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​។

លោកបន្តថា៖ «ឥឡូវនេះ គេចង់ធ្វើអ្វីក៏បានដែរ ដើម្បីសម្របតាមការចង់បាន គឺយកឈ្មោះថា ធ្វើតាមច្បាប់ប៉ុន្តែការបកស្រាយតាមច្បាប់កន្លងមកវាខុសគ្នាពីអ្វី ដែលយើងរៀនពីសាលារៀន រៀនពីគ្រូ រៀនពីគម្ពីមក»

លោក ហុង គឹមសួន ឲ្យជាយោបល់ថា ដំណាក់កាលនេះ អ្នកនយោបាយបក្សប្រជាជនកម្ពុជា​ និងបក្សសង្គ្រោះជាតិ ត្រូវ​រកដំណោះស្រាយ ដោយធ្វើយ៉ាងណាប្រកួត​ប្រជែងគ្នា តាមរយៈការបោះឆ្នោត។

ដោយឡែក នៅព្រឹកថ្ងៃទី១១ ខែតុលានេះ មុនប្រជុំសភាមួយថ្ងៃ លោក ហ៊ុន សែន បានយកពិធីចុះជួបកម្មករ ថ្លែងសារនយោបាយ ថា នឹង​រំលាយបក្សមួយនៅក្នុងសភា នៅពេលឆាប់ៗនេះ ដោយនេះទំនងជាលោកសំដៅទៅគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា​ ក្រោយពីរំលាយ នឹងកើតគណបក្សចំនួន៥ផ្សេងទៀត ដើម្បី​ឲ្យ​កម្ពុជាកាន់តែមានដំណើរការលទ្ធិ​ប្រជា​ធិបតេយ្យ​ល្អប្រសើរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ