បន្ទាប់ពី ឌុច លីដា បានបង្ហោះលើផេកផ្ទាល់ខ្លួន ជុំវិញករណីរឿងផលិតករក្រឡិចក្រឡុច និងគេចវេះមិនព្រមបើកលុយថ្លៃសម្ដែងអោយនាងឡើងផ្អើលហ្វេសប៊ុក លោក គាំ ចន្ធី បានចេញមុខមកប្រកាសតែម្ដងថាផលិតករដែល ឌុច លីដា ដែលបានបង្ហោះបង្ខូចឈ្មោះដោយមិនបញ្ជាក់អត្តសញ្ញាណនោះ គឺលោក ដោយសារតែមុនការបង្ហោះរបស់នាងប៉ុន្មានម៉ោង គឺនាងនិងលោកផ្ទុះសម្ដីដាក់គ្នាធ្ងន់ៗ។
លោកប្រកាសថា មិនខ្វះលុយត្រឹម៥០ភាគរយ បើកអោយនាងនោះទេ បើនាងពិតជាបានបំពេញការងារច្បាស់លាស់ជាមួយនឹងផលិតកម្ម FCI របស់លោក ក្នុងនោះលោកប្រកាសដាក់បណ្ដឹងបន្ថែមពីលើការបកអាក្រាតផងដែរ ប្រសិនបើនាងស្រាប់តែឈប់ថតរឿងអោយលោកក្រោយផ្ទុះចម្រូងចម្រាស់។
លោក គាំ ចន្ធី និយាយថា ឌុច លីដា បានកុងត្រាថតរឿងភាគអោយលោកក្រោមចំណងជើងថា «ទូកបាត់ច្រវ៉ា» ដោយក្នុងពេលកុងត្រា នាងបានសន្យាអោយថ្ងៃថតលើសពីមួយថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្តែភាគតិចដែលនាងគោរពពាក្យសន្យា ក្នុងពេលដែលនៅថ្ងៃខ្លះនាងមកយឺតយ៉ាវដល់ទៅមួយព្រឹកៗធ្វើអោយលោកខាតបង់។
លោកថា ឌុច លីដា បានសន្យាជាមួយលោកថាក្នុងអំឡុងខែ៦ នាងអោយមួយសប្ដាហ៍មួយថ្ងៃ ខែ៧អោយ២ថ្ងៃ និងអំឡុងខែ៨ នាងអោយមួយសប្ដាហ៍៣ថ្ងៃ ប៉ុន្តែតិចណាស់ដែលនាងអោយមួយសប្ដាហ៍៣ថ្ងៃតាមការព្រមព្រៀង។
លោកថាក្រោយទទួលនាងអោយសម្ដែងជាតួក្នុងរឿង «ទូកបាត់ច្រវ៉ា» លោកមានសម្ពាធយ៉ាងខ្លាំងដោយសារតែនាងជាអ្នកធ្វើអោយយឺតយ៉ាវចំពោះការផលិតរបស់លោក ខណៈដែលរឿង «ទូកបាត់ច្រវ៉ា» ត្រូវដាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN តាំងពីថ្ងៃទី១៦ ខែ៩ ប៉ុន្តែរហូតមកដល់ពេលនេះនៅថតមិនទាន់ចប់ ដោយសារតែ ឌុច លីដា អោយថ្ងៃតិចពេក ហើយក្នុងពេលមកថតម្ដងៗក៏សុំសម្រាក ព្រោះតែជាប់ស្រវឹងពីយប់ និងជួនកាលគឺណាត់ម៉ោង៦ព្រឹក មកថតម៉ោង៨ និងម៉ោង១០ជាដើម។
លោកថា PNN ត្រូវបង្ខំចិត្តដាក់រឿងចាស់ជំនួស ដោយសារតែបញ្ហាការផលិតរបស់លោកមិនទាន់ពេលនេះឯង ប៉ុន្តែលោកមិនដែលបន្ទោសតារាសម្ដែងណាម្នាក់ទេ គឺនៅតែបន្តការអត់ធ្មត់អូសបន្លាយតាមការកំណត់របស់ ឌុច លីដា មករហូត។
លោក គាំ ចន្ធ បានពន្យល់ពីហេតុផលនៃជម្លោះ រហូតធ្វើអោយ ឌុច លីដា បង្ហោះសារជាធារណៈនោះថា កាលពីថ្ងៃទី១០ តុលា នាងបានទាក់ទងមកសុំបើកលុយពីលោកចំនួន៥០ភាគរយ ហើយលោកក៏បានណាត់អោយនាងមកយកពីលោកនៅទូរទស្សន៍អប្សរានៅវេលាម៉ោង១០ព្រឹក។
ប៉ុន្តែរហូតដល់ម៉ោង៥ល្ងាចទើបមានមនុស្សម្នាក់ផ្សេងទៀតដែលអះអាងថាជាបងប្រុសរបស់នាងទាក់ទងមកសុំបើកលុយ ដោយចំពេលលោកជាប់ណាត់ហើយចេញទៅក្រៅទៅហើយ ទើបលោកស្នើអោយចាំបើកថ្ងៃស្អែក(ថ្ងៃទី១១ តុលា)ម៉ោង១០ព្រឹកជំនួសវិញ ដោយអ្នកនិយាយជាមួយលោកនោះក៏បានទាំងឆ្លើយអូខេ។
ប៉ុន្តែ មិនដល់ប៉ុន្មាននាទីក្រោយមកផង ឌុច លីដា ក៏បានផ្ញើសំឡេងមកលោកមាក់ងាយចំពោះលោកយ៉ាងខ្លាំង ដោយនាងនិយាយថាលុយនោះ គឺលុយដែលនាងខំសម្ដែង មិនមែនលុយនាងសុំលោកនោះទេ ទើបបណ្ដាលអោយផ្ទុះពាក្យសម្ដីដាក់គ្នាទៅវិញទៅមក។
លោកថាកាន់តែឆេះដុំខ្លាំងឡើង ក្នុងពេលដែល ឌុច លីដា បង្ហោះសារជាសាធារណៈនៅលើហ្វេសប៊ុក ដោយលោកប្រកាសថាបើនាងជ្រុលជាហ៊ានធ្វើបែបនេះទៅហើយ លោកក៏លែងបន្តទុកមុខអោយនាងទៀតដែរ។ លោកបានបញ្ជាក់ថា ក្នុងកិច្ចកុងត្រាអត់មានកំណត់ថានាងថតបានប៉ុន្មានភាគបើកលុយប៉ុន្មានភាគរយទេ គឺនោះជាការចរចារវាងលោកនិងនាងសុទ្ធសាធ តែបើមានគឺនាងត្រូវកំណត់មកថតអោយលោក អោយបានចប់ប៉ុណ្ណេះភាគប៉ុណ្ណោះភាគនិងកំណត់កាត់លុយជាដើម បើនាងមកយឺតចាប់ពី២ម៉ោងឡើងទៅ។
លោកថានាងយឺតគ្រប់លើក តែលោកអត់ដែលបានកាត់លុយនាងសូម្បីតែមួយដុល្លារនោះទេ ហើយបើទោះជានាងអោយថ្ងៃថតតិចក្នុងមួយសប្ដាហ៍ក៏លោកស៊ូទ្រាំសុខចិត្តត្រូវមាត់ខាង PNN នោះដែរ ប៉ុន្តែសម្រាប់ ឌុច លីដា វិញ គឺលោកចោទថាបើទារបើកលុយគឺលឿន តែបើពេលមកថតគឺពិបាក។
មកទល់ពេលនេះលោកអះអាងថារឿង «ទូកបាត់ច្រវ៉ា» ទើបតែថតបានជាង២០ភាគប៉ុណ្ណោះ ក្នុងចំណោម៣០ភាគ ហើយលោកនឹងមានវិធានការចំពោះ ឌុច លីដា ផងដែរ ប្រសិនបើក្រោយផ្ទុះចម្រូងចម្រាស់ស្រាប់តែ ឌុច លីដា មិនព្រមមកថតបញ្ចប់រឿងអោយលោកតាមការកំណត់ក្នុងកុងត្រា។
លោកនិយាយថាលោកនឹងសម្រេចកែប្រែខ្លឹមសារដោយតម្រូវអោយតួឯកស្លាប់កណ្ដាលទី ហើយដាក់ជំនួសតួអង្គមួយថ្មី ប៉ុន្តែបើឈានដល់ដំណាក់កាលត្រូវផ្លាស់ប្ដូរសាច់រឿងនោះមែន លោកនឹងក៏រៀបមេធាវីដាក់បណ្ដឹង ឌុច លីដា អោយសងថ្លៃការផលិតចំពោះលោកទាំងស្រុងតាំងពីការចំណាយផលិតពីដើមរឿងមកទល់នឹងពេលនាងបញ្ឈប់ការសម្ដែងនោះផងដែរ។
លោកបញ្ជាក់ដោយកំហឹងថាបើផលិតករនៅស្រុកខ្មែរមានតារាសម្ដែងដែលមានអត្តចរឹកដូច ឌុច លីដា ដែលលោកធ្លាប់ជួប គឺផលិតកម្មទាំងនោះនឹងបះជើងហើយ ដោយសារតែត្រូវខាតថ្ងៃថ្ងៃម៉ោងនិងផលិតអោយគេមិនទាន់ហើយត្រូវគេអោយសងជាដើម។
យ៉ាងណាមិញ មុនការបញ្ជាក់របស់លោក គាំ ចន្ធី តារាសម្ដែងនាង ឌុច លីដា បានអះអាងថានាងមានទម្លាប់ពិបាកតែជាមួយផលិតករដែលមិនច្បាស់លាស់ការងារជាមួយនាងប៉ុណ្ណោះ។ នាងបានលើកឧទាហរណ៍ថាដូចជាករណីពេលនាងចេញថតអោយអ្នកស្រី ពាន់ ភួងបុប្ផា គឺអ្នកស្រីច្បាស់លាស់ទាំងម៉ោងពេលថត និងថ្ងៃថតទើបនាងសុខចិត្តមិនហ៊ានដេក និងមិនហ៊ានសម្រាកដើម្បីកុំអោយខកខានចំពោះការងារ ក្នុងនោះចំពោះលុយកាក់ក៏នាងប្រកាសថាអ្នកស្រីច្បាស់លាស់ជាមួយនឹងផងដែរ។
នាងបានបន្តបញ្ហាយឺតយ៉ាវគឺរមែងតែងតែមានដោយសារតែផ្លូវស្ទះខ្លាំងនិងជួនកាលរថយន្តនាងក៏មានបញ្ហា ឬក្នុងពេលខ្លះនាងក៏មានបញ្ហាសុខភាពក្នុងថ្ងៃចេញថតជាដើម ប៉ុន្តែនាងថាផលិតករទាំងនោះសុទ្ធតែប្រាប់នាងថាអត់មានអីទេ។
លោក គាំ ចន្ធី និយាយថាលោកធ្វើការផលិតរឿងច្រើនឆ្នាំមកហើយ គឺម៉ោងពេលនិងកាលបរិច្ឆេទលោកច្បាស់លាស់ក្នុងការផលិត តែទើបតែបានធ្វើការជាមួយ ឌុច លីដា ម្នាក់ប៉ុណ្ណោះ ដែលនាងក្រឡុកដល់ការផលិតរបស់លោករហូតធ្វើអោយលោករាងចាលហើយចុងក្រោយគ្រាន់តែលោកមិនបាននៅបើកលុយអោយនាងក្នុងពេលនាងបញ្ជូនមនុស្សអោយមកយកក្នុងពេលលោកចេញពីការងារទៅហើយ ក៏ធ្វើអោយបង្ហោះវាយប្រហារលោក និងផ្ញើសំឡេងមកមាក់ងាយ។
លោកថាទទួលយកអត់បាន ខណៈដែល ឌុច លីដា ក៏បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានមួយថានាងក៏មិនអាចទទួលយកបានពីភាពមិនច្បាស់លាស់របស់ផលិតករដែលនាងបង្ហោះជាសាធារណៈនោះដូចគ្នា៕