លោក ហ៊ុន សែន​៖ រំលាយបក្ស១ កើតបក្ស៥ នៅក្នុងសភា

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 10:52 AM | នយោបាយ | 0 | 24786 លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បក្សប្រឆាំង នឹងត្រូវរំលាយនៅពេលដ៏ខ្លីខាងមុខនេះ ដោយថា​កា​ររំលា​យគណបក្សនេះ កម្ពុជានឹងក្លាយជាឋានសួគ៌នៃប្រជាធិបតេយ្យ។

លោក ហ៊ុន សែន ក្នុងពិធីជួបជាមួយកម្មករ ក្នុងរាជជានីភ្នំពេញ ​នាថ្ងៃទី១១​ខែតុ​លា​នេះ បានថ្លែងដោ​យមិន​បញ្ចេញឈ្មោះថា គណបក្សមួយ នឹងត្រូវរំលាយនៅពេលខាងមុខដ៏ខ្លីនេះ។

លោកថា៖ «សូមបញ្ជាក់ បើរំលាយបក្សមួយ បក្ស៥ទៀត ចូលជំនួយ បានសេចក្តីថា ពីបក្ស២ ដល់បក្ស៦នៅក្នុងសភា នេះវានឹងកើតមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ។ ព្រឹកមិញនេះឃើញសារព័ត៌មានចុះផ្សាយអំពីការកែច្បាប់មួយចំនួន។ ព្រោះនៅកម្ពុជា មានគណបក្សនយោបាយរាប់សិ វាជាឋានសួគ៌លោកកិយនៃបក្សនយោបាយ ហើយវាក៏ជាឋានសួគ៌ នៃអង្គការក្រៅរដ្ឋាភិបាលដែរៗ។ យើងបានខិតខំនូវការជំនះ រាល់ការលំបាក អ៊ុនតាក់ ចាយលុយ២ពាន់លានដុល្លារសហរដ្ឋអាមេរិកមិនអាចរំលត់ភ្លើងសង្គ្រាមនៅកម្ពុជាបានទេ យើងត្រូវប្រឹងប្រែងដោយខ្លួន ដើម្បីបង្រួបបង្រួមជាតិ តាមនយោបាយឈ្នះៗ»

បើទោះបីជា លោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែនៅសប្តាហ៍មុន ក្រសួងមហាផ្ទៃ​បា​នប្តឹងទៅតុលាការកំពូល សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើបទចោទប្រ​កាន់មេ​ដឹក​​នាំ​​បក្សប្រឆាំងលោក កឹម សុខា។

ក្នុងពិធីនោះដែរ លោក ហ៊ុន សែន ក៏បានរិះគន់អង្គការសហប្រជាជាតិផងដែរ ទាក់ទិនទៅនឹងការគាំ​ទ្រ​ខ្មែ​​រក្រហម ឲ្យគ្រប់គ្រងអាស​នៈ​កម្ពុ​ជា​​ នៅអង្គការសហ​ប្រជាតិ ​អំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ពេល​​ដែ​ល​​​ភាគីខ្មែរ ទាំង៤កំពុងមានជម្លោះ ដោយថា ការគំាំទ្រនោះ ជារឿងដ៏អាម៉ាស់មួយរបស់អ​ង្គកា​រស​ហប្រ​ជា​ជាតិ។

លោកថា៖ «ថ្ងៃ២៣ខែតុលា កិច្ចព្រមព្រៀងប៉ារីសជិតមកដល់ហើយ ខ្ញុំគិតថា រាប់ទាំងអង្គការសហប្រជាជាតិ ជាការគួរឲ្យអាម៉ាស់ណាស់ ដែលបានបន្តឲ្យរបបប្រល័យពូជសាសន៍អង្គុយ នៅអង្គការសហ​​ប្រជា​​ជាតិតាំពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១ នៅពេល ដែលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ចូលទៅកាន់កាប់អាសនៈនៅទីនោះ​»

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានទេនៅថ្ងៃនេះ ប៉ុន្តែ​កន្ល​ងទៅ​​លោកធ្លាប់អះអាងថា សន្តិភាព​យូរអង្វែង រប​ស់កម្ពុ​ជា​លោ​​​​​ក​ថា គឺការធ្វើន​យោបាយ​តបតាមឆន្ទៈ​រាស្ត្រ មិនតាមការចង់បានរបស់អ្នកនយោបាយមួយក្រុមទេ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បើបក្សកាន់អំណាចរំលាយបក្សឆាំងមែន លោ​​​កថា ស្ថាប័នបី មានរដ្ឋសភា រដ្ឋាភិបាល និង ស្ថាប័នជាតិរៀបចំ​ការបោះឆ្នោ​ត នឹងបា​ត់ភា​ពស្របច្បា​ប់​។​​ លោកថា ពេលនោះ នឹ​​ងប៉ះ​​​បាល់​ដល់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។

លោកថា៖ «ស្ថាប័ន៣នេះ វាប្រឈម នឹងភាពមិនស្របច្បាប់ ហើយបើសិនជា រដ្ឋា​ភិបាលមិនស្របតា​មគោ​លការ​ណ៍ច្បាប់ពេញលេញ តើអាសនៈ របស់កម្ពុជានៅអង្គការសហប្រជាជាតិ គេឲ្យតម្លៃបែបណា? គេគិតបែបណា? នេះ ហើយជាបញ្ហា នៃកិច្ចសហប្រតិបត្តិការនានា ទាក់ទងនឹងរដ្ឋាភិបាល ជាបញ្ហាប្រ​ឈមនៅ​ក្នុ​​ងសម័​យអន្តរកាលទៀតហើយ»។

យ៉ាងនេះក្តី គណៈប្រតិភូសហភាព​អឺរ៉ុប ដែលតំណាង២៧ប្រទេស បានចេញសេចក្តីថ្លែងការណ៍ កាល​ពីថ្ងៃ​ទី៩​តុលា បញ្ជាក់ជំហរថា កា​​រ​ព្យា​​​យាមដកគណបក្សប្រឆាំងចេញពីឆាកនយោបាយ ថា ជាការដើផ្ទុយ​ទៅនឹង​យ​​​​​ន្ត​​កា​រប្រជាធិបតេយ្យ និង​​ថា ​​នឹង​ធ្វើ​ឲ្យបាត់​បង់​ប្រសិទ្ធភាព​នៃដំណើ​ការ​បោះឆ្នោត​ឆ្នាំ២០១៨៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required