ក្រសួងយុត្ដិធម៌ថា បទល្មើសលោក កឹម សុខា កើតចេញពីការបង្ហោះវីឌីអូចាស់ឡើងវិញ  

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ក្រសួងយុត្ដិធម៌ បំភ្លឺទៅតំណាងរាស្ដ្រគណបក្សប្រឆាំងថា លោក កឹម សុខា ពិតជាបានប្រព្រឹត្តបទល្មើសជាក់ស្ដែងដូចការចោទប្រកាន់ ដោយក្រសួងថា បទល្មើសនោះ កើតចេញពីការថ្លែងសារនយោបាយ ក្នុងវីដេអូចាស់ ដែលត្រូវគេបង្ហោះតៗគ្នា លើបណ្ដាញសង្គមឡើងវិញ។

ការឆ្លើយបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំង បានដាក់លិខិតមួយទៅរដ្ឋសភា ដើម្បីស្នើឲ្យក្រសួងយុត្តិធម៌ បកស្រាយចំណាត់ការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលរដ្ឋាភិបាលចោទថា ក្បត់ជាតិនោះ។

ក្នុងលិខិតផ្ញើជូនទៅប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី១០តុលាម្សិលមិញ ក្រសួងយុត្ដិធម៌ ព្យាយាមបកស្រាយ និងការពារចំណាត់ការ ក្នុងករណីចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក ទាំងកណ្ដាលយប់ កាលពីខែកញ្ញាកន្លងទៅ។

បើតាមលិខិតនេះ ក្រសួងយុត្ដិធម៌បកស្រាយថា «សកម្មភាពនៃបទល្មើស ដែលបានប្រព្រឹត្តរួចហើយ តែសកម្មភាពនេះ ត្រូវបានបង្ហោះ និងបន្ដផ្សព្វផ្សាយនៅលើគេហទំព័រ រហូតដល់នៃការចាប់ខ្លួន គឺត្រូវបានចាត់ទុកថា ជាករណីនៃការប្រព្រឹត្តបទល្មើសជាក់ស្ដែង»។

ក្រសួងយុត្ដិធម៌បកស្រាយទៀតថា ករណីចាប់ខ្លួន លោក កឹម សុខា គឺមិនបំពានអភ័យឯកសិទ្ធិសភានោះទេ ដោយក្រសួងថា ក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង គឺ ក្រសួងមានសមត្ថកិច្ច អាចចោទប្រកាន់​ ចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួនបាន ហើយត្រូវធ្វើសេចក្ដីរាយការណ៍ ជូនរដ្ឋសភា ឬគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច

VOD មិនអាចទាក់ទង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានទេ។

ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ អះអាងថា ករណីនេះ មិនមែនជាបទល្មើសជាក់ស្ដែងទេ ដោយថា វីដេអូ ដែលគេយកមកចោទនោះ គឺតាំងពីឆ្នាំ២០១៣។ ក្រុមសមាជិកសភាគណបក្សប្រឆាំង ទទូចឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ដោយថា ដើម្បីធានាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនាឆ្នាំក្រោយ។

មេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិមួយរូប គឺលោក សំ សុគង់ ហាក់ច្រានចោល ការបកស្រាយរបស់ក្រសួងយុត្តិធម៌ ដោយលោកថា វីដេអូ នោះ វាកន្លងហួសទៅយូរហើយ និងថា មិនគួរចាត់ចូលជាបទល្មើសជាក់ស្ដែង តាមមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌឡើយ។

មាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា អាចចាត់ទុកជាបទឧក្រិដ្ឋ ឬបទមជ្ឈឹមជាក់ស្ដែងបាន លុះត្រាតែបទល្មើស ដែលគេចោទនោះ កំពុងតែប្រព្រឹត្ត ជនសង្ស័យត្រូវគេស្រែកដេញប្រផាប់ចាប់ប្រភីង ឬ ជននោះ ត្រូវគេរកឃើញថា មានវត្ថុតាង ឬតម្រុយច្បាស់លាស់ ដែលអាចឲ្យគេសន្និដ្ឋានបានថា ជនសង្ស័យនោះ បានចូលរួម ឬ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ដបទល្មើស។

ចំណែក លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា នេះ ជាការខុសឆ្គង ដែលបកស្រាយច្បាប់ ដោយផ្អែកលើសកម្មភាពរបស់វត្ថុ ឬវីដេអូ ដែលគេចែកចាយបន្ដគ្នាលើបណ្ដាញសង្គម។ លោកថា តាមច្បាប់ គឺត្រូវមើលទៅលើសកម្មភាពរបស់ជនសង្ស័យ ដែលកំពុងប្រព្រឹត្តបទល្មើសនោះ ទើបជាការត្រឹមត្រូវ។

លោកថា៖​ «បទល្មើសជាក់ស្ដែង គេនិយាយពីមនុស្ស សកម្មភាពរបស់មនុស្ស វាមិនមែនជាសកម្មភាពរបស់វត្ថុឬឧបករណ៍ទេ មើលច្បាប់ទៅ បើបទចោទវិញ គេថា ជនណាដែលប្រព្រឹត្តអំពើ អំពើហ្នឹង គឺជាសកម្មភាព សកម្មភាពនោះគឺរបស់មនុស្ស ប៉ុន្ដែអាហ្នឹង គឺគ្រឿងអេឡិចត្រូនិច មនុស្សបង្កើតមែន ប៉ុន្ដែអាហ្នឹង សកម្មភាពរបស់មនុស្ស ឬរបស់ឧបករណ៍? ថា គេរៀនច្បាប់ពីគ្រូណា សាស្ដ្រាចារ្យណាទេ មកបកស្រាយបទល្មើសជាក់ស្ដែងចឹង គួរតែឲ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ ឲ្យពន្យល់យកជាគោលមួយទៅ»

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​កាលពីយប់ថ្ងៃទី៣កញ្ញាឆ្នាំ២០១៧ ហើយគិតមកទល់ពេលនេះ មានរយៈពេលជាង១ខែហើយ ដែលលោកជាប់ក្នុងពន្ធនាគារ នៃខេត្តត្បូងឃ្មុំ។

រដ្ឋាភិបាល អះអា​ង​ថា​​​ ការចាប់ខ្លួន លោក កឹម សុខា គឺជា​វិធានការច្បាប់។ ​ប៉ុន្តែ សហ​គ​ម​ន៍​​​​​អន្តរជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បាន​ហៅ​​ការចាប់​ខ្លួន​នេះ ​ថា ជា​​ការ​គំរាម​កំហែ​ងផ្នែកន​យោ​​បា​​​យ និងទាមទារឲ្យដោះ​លែង​ជា​បន្ទាន់​ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ