វិភាគ៖ តើការបោះឆ្នោតនៅអាមេរិកផ្តល់មេរៀនអ្វីខ្លះដល់កម្ពុជា?

សហរដ្ឋអាមេរិកជាមហាអំណាចទាំងសេដ្ឋកិច្ចនិងប្រជាធិបតេយ្យ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនទី៤៥ កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ ដោយជ័យជំនះបានទៅលើមហាសេដ្ឋី ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ។

យ៉ាងណាក៏ដោយ មហាជនជាច្រើនមិនសូវចូលចិត្តអត្តចរិតរបស់បុគ្គលជាមហាសេដ្ឋីអាយុ៧០ឆ្នាំរូបនេះទេ ព្រោះលទ្ធផលបោះឆ្នោតបង្ហាញថា ពលរដ្ឋអាមេរិកចំនួន២៥,៥ភាគរយបានបោះឆ្នោតជូនលោក ដូណាល់ ត្រាំ និង២៥,៦ភាគរយបានបោះឆ្នោតជូនស្រ្តីទី១ជាបេក្ខជនប្រធានាធិតី គឺលោកស្រី ហ៊ីលឡារី គ្លីនតុន។ ប៉ុន្តែពលរដ្ឋអាមេរិកាំងជិត៥០ភាគរយមិនបានទៅបោះឆ្នោតទេ។

ថ្វីបើចំនួនសន្លឹកឆ្នោត លោកស្រី គ្លីនតុន ទទួលបានច្រើនជាង លោក ត្រាំ ក៏ពិតមែន តែនៅពេលបែងចែកទៅ ប្រតិភូតំណាងទៅជ្រើសរើសប្រធានាធិបតី គឺលោក ត្រាំ ទទួលបាន២៩០ ខណៈលោកស្រី គ្លីនតុន ទទួលបានតែ២២៨ប្រតិភូ ដែលជាហេតុធ្វើគណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត។

យ៉ាងណាក៏ដោយលោកស្រី គ្លីនតុន បានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ បើទោះជាអ្នកគាំទ្រលោកស្រីរាប់រយនាក់ចេញមុខតវ៉ា។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយយល់ថា ការដែលអ្នកនយោបាយអាមេរិកប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត ទោះជាខ្លួនចាញ់ក៏ដោយនោះ លោកថាមកពីប្រព័ន្ធបោះឆ្នោតនៅស្រុកគេមានភាពយុត្តិធម៌អាចទុកចិត្តបាន ដែលលោកថាផ្ទុយពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជាកាលពីពេលកន្លងមក។ លោកមានប្រសាសន៍ថា៖ «គឺបោះឆ្នោតដោយសេរី យុតិ្តធម៌ គេរៀបចំទាំងអស់គ្នាមានសិទិ្ធសេរីភាពក្នុងការត្រួតត្រា ហើយមានការប្រកួតប្រជែងគ្នាចាក់តាមទូរទស្សន៍។ គួរយកតាមគេដែរ ការជជែកដេញដោលគ្នាតាមទូទស្សន៍ផ្សព្វផ្សាយជាសាធារណ:ដើម្បីឲ្យសាធារណជនទៅបោះឆោ្នត  ការបោះឆ្នោតហឹ្នងដែលអាចសំគាល់បានអី្វដែលជាការល្អប្រសើរ»។

លោក ឡៅ ម៉ុងហៃ កត់សំគាល់ថា ចំណុចខុសគ្នានៃការបោះឆ្នោតនៅកម្ពុជានិងអាមេរិក គឺអ្នកនយោបាយនៅកម្ពុជាដែលមានលទ្ធភាពច្រើន បានធ្វើការឃោសនាពេញមួយអាណត្តិ អាងតែមានប្រព័ន្ធផ្សព្វផ្សាយច្រើន ចំណែកអ្នកគ្មានលទ្ធភាព គឺឃោសនាបានតិចតួច។ បញ្ហានេះលោកថា ជាការប្រកួតប្រជែងមួយមិនស្មើភាពគ្នាតាំងដំបូង ទើបក្រោយការបោះឆ្នោតអ្នកចាញ់មិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។

លោក ព្រាប កុល សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) មានប្រសាសន៍ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកពេលថ្មីៗនេះ បានផ្តល់មេរៀនមួយចំនួនដល់ពលរដ្ឋនៅបណ្តាប្រទេសផ្សេងៗរួមទាំងកម្ពុជាដែរដូចជា ពលរដ្ឋអាមេរិកមានទម្លាប់ប្តូរគណបក្សនយោបាយមិនឲ្យលើសពីពីរអាណត្តិ(៨ឆ្នាំ) ការខកខានមិនបានទៅបោះឆ្នោតរបស់អ្នកគាំទ្រ លោកស្រី ហ៊ីឡារី គ្លីនតុន ធ្វើឲ្យ លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត ក្រោយមកអ្នកមិនបានទៅបោះឆ្នោតខ្លះចេញទៅធ្វើបាតុកម្ម តែហួសពេលទៅហើយ។

បើតាម លោក ព្រាប កុល បើទោះបីជាមានការវាយប្រហារដោយពាក្យសំដីយ៉ាងគ្រោធគ្រាតរវាងបេក្ខជនទាំងពីររូប ប៉ុន្តែបន្ទាប់ពីលទ្ធផលបោះឆ្នោតបានប្រកាស បេក្ខជនទាំងពីក៏បានសម្របសម្រួលគ្នាដោយប្រើពាក្យសំដីដែលមានលក្ខណៈផ្សះផ្សារ ហើយលោកស្រី ហ៊ីឡារី បានលើកទឹកឲ្យអ្នកគាំខ្លួនទទួលស្គាល់ លោក ត្រាំ ថាជាប្រធានាធិបតីស្របច្បាប់។

លោកមានប្រសាសន៍ថា៖ «ឃើញថាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីដំបូងកាន់អំណាចនេះគាត់មិនចូលចិត្តលោក ត្រាំ  មានការប៉ះពាក្យសំដីធ្ងន់ធ្ងរ នៅពេលដែលលោក ត្រាំ សួរពីររឿងភាពស្របច្បាប់របស់ លោក អូបាម៉ា ដោយសារតែគាត់មានពូជអម្បូរជនជាតិមូស្លីម ហើយការដែលធើ្វឲ្យលោក អូបាម៉ា គាត់មានប្រតិកម្មខឹងនេះ ធើ្វឲ្យមានការប្រកែកគ្នាជាច្រើន ក៏ប៉ុន្តែក្រោយការបោះឆោ្នតលោក អួបាម៉ា គាត់បានស្វាគមន៍ហើយអបអរសាទរ លោក ដូណាល់ ត្រាំ បានរៀបចំឲ្យមានការជួបភ្លាមៗនៅក្រោយពីការបោះឆោ្នត គាត់បេ្ដជ្ញាឲ្យមានការផ្ទេរតំណែងដោយរលូន»។

លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញខាងអភិបាលកិច្ចនិងប្រជាធិបតេយ្យកត់សំគាល់ថា បើទោះជាពេលឃោសនាបោះឆ្នោតអ្នកនយោបាយអាមេរិកលើកនេះបានវាយប្រហារគ្នារឿងបុគ្គលច្រើន ក៏ដោយប៉ុន្តែលោកថា ពួកគេមិនមានការគុំគួនគ្នានោះទេ នេះហើយជាគំរូល្អមួយ។ លោកមានប្រសាសន៍ថា៖ «យើងឃើញថា អ្នកទាំងពីរនេះមិនបានចាត់ទុកគេជាកីឡាប្រដាល់ទេ យើង[មិន]ឃើញអ្នកណារងរបួសរហូតដល់សន្លប់ រហូតដល់គ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែអ្នកទាំងពីរបានចាប់គ្នាជាអ្នកប្រកួតផែ្នកកីឡារត់ប្រណាំង។ ចឹងនៅពេលដែលឈ្នះដោយសារសមត្ថភាពគាត់ធើ្វបានល្អ ពេលហឹ្នងឃើញថាលទ្ធផលនៃការបោះឆោ្នតនៅសហរដ្ឋអាមេរិក វាមានប្រព័ន្ធមួយ សុច្ចរិតភាពមានការទទួលស្គាល់ពីប្រជាពលរដ្ឋទាំងមូល ហើយនិងសង្គមអន្តរជាតិ។ ចឹងអ្នកទាំងអស់គ្នាត្រូវតែទទួលយកលទ្ធផលហឹ្នងហើយអត់មាននរណាមួយហ៊ានប្រកែកទេ»។

សម្រាប់មេរៀនដែលកម្ពុជាត្រូវយកតាមនោះ លោក ចាន់ វិបុល លើកឡើងថា អ្នកចាញ់ត្រូវហ៊ានទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបើអ្នកកាន់អំណាចចាញ់វិញ គឺត្រូវហ៊ានផ្ទេរអំណាចដោយសន្តិវិធី។

លោកមានប្រសាសន៍ថា៖ «ទោះបីចាញ់កី្ដ គាត់គួរតែទទួលយកលទ្ធផលនោះ ទុកឱកាសនោះឲ្យគណ:កម្មាធិការជាតិរៀបចំការបោះឆោ្នតបំពេញមុខងាររបស់គាត់នៅក្នុងប្រវតិ្តសាស្រ្តផង។ ចឹងគាត់គួរតែទទួលយក គាត់គួរតែគិតពិចារណា ប្រសិនបើអ្នកដែលកំពុងតែឈ្នះនោះនិងអ្នកដែលមិនទាន់កាន់អំណាចសុខចិត្តទទួលយក សុខចិត្តទទួលយកលទ្ធផលនោះ ហើយរួមចំណែកកសាងសង្គមធើ្វការជាមួយគ្នាប្រសើរជាង ប៉ុន្តែនៅក្នុងករណីដែលអ្នកកំពុងកាន់អំណាចបច្ចុប្បន្នធ្លាក់ឆោ្នតហើយអ្នក[ថ្មី]ឡើង ថាតើអ្នកដែលកំពុងតែកាន់អំណាចលោកមានឆន្ទ:ក្នុងការផ្ទេរអំណាចដោយសនិ្តវិធីយ៉ាងម៉េច ហើយអ្នកដែលឈ្នះឆោ្នតនោះមានឆន្ទ:នយោបាយដើម្បីរក្សាអ្នកទាំងអស់គ្នានោះរួមចំណែកក្នុងការកសាងជាតិយ៉ាងម៉េច»។

ប្រទេសកម្ពុជាបានប្រកាសទទួលរបបប្រជាធិបតេយ្យមកអនុវត្តនោះ បានឆ្លងកាត់ការបោះឆ្នោតចំនួន៥ដងមកហើយ។ ប៉ុន្តែជាការកត់សំគាល់ រៀងរាល់ការបោះឆ្នោត អ្នកចាញ់តែងតែបដិសេធមិនទទួលស្គាល់លទ្ធផល មិនថាការបោះឆ្នោតរៀបចំដោយតំណាងអង្គការសហប្រជាជាតិឬរៀបចំដោយកម្ពុជាខ្លួនឯងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ