ពលរដ្ឋខេត្តបាត់ដំបងចោទក្រុមហ៊ុនកិនស្រូវ​មួយបង្ហូរទឹកស្អុយប៉ះពាល់សុខភាព

ប្រជាពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងបានចោទម្ចាស់រោងម៉ាស៊ីនកិនស្រូវថា បានបង្ហូរកាកសំណល់ស្អុយនិងផ្សែងចេញពីផេះដែលចម្រាញ់ចេញពីអង្កាមចូលស្រះទឹកប្រើប្រាស់ ដោយថាបណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ។

ពលរដ្ឋដែលរស់នៅក្បែររោងម៉ាស៊ីនកិនស្រូវ លោក អ៊ុន សំអាន បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថា រយៈពេល៣ឆ្នាំកន្លងទៅនេះ រោងម៉ាស៊ីនកិនស្រូវឯកជនឈ្មោះ ខៀវ ម៉ឹង ស្ថិតនៅភូមិកកោះ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានយកអង្កាមដុត ពោលធ្វើជាហ្គាស ដើម្បីឲ្យមានភ្លើងសំរាប់កិនស្រូវ លោកថាករណីនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ៖ «រាល់ដង ទឹកមិនសូវជាមានបញ្ហា គេឲ្យទៅក្រោម ទាល់តែទឹកវាវល់វីខ្លះ អ្នកក្រោមខូចស្រូវ ខូចស្រះគេក្រោម គេបិទត្រឹមខ្នល់ក្រហម វាចាល់នៅកន្លែងគាត់(កន្លែងរោងម៉ាស៊ីនកិនស្រូវ) ដ៏ពេញកន្លែងគាត់ហូរហៀដល់ខាងខ្ញុំ ហើយស្រះខ្ញុំក៏ប្រើលែងកើតដែរ ឥឡូវខ្ញុំអត់មានទឹកផឹកទេ ទិញទឹកគេទំាងស្រុង ហើយផ្សែងជុំវិញ យប់ឡើងឃើញផ្សែងដូចពពកស ឃើញជាប់ចុងឈើ ចុងដំណំា និយាយរួមធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ សុខភាពសត្វ និងដំណាំផ្សេងៗទូទៅហើយ»។

ប្រជាពលរដ្ឋម្នាក់ទៀតអ្នកស្រី ពន្លក យឿ និយាយថា គាត់មិនជំទាស់មិនឲ្យម្ចាស់រោងម៉ាស៊ីនធ្វើអាជីវកម្មនោះទេ តែអ្នកស្រីស្នើទៅម្ចាស់រោងម៉ាស៊ីនធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សុភាពប្រជាពលរដ្ឋ៖ «ខ្ញុំមិនថាបិទ មិនឲ្យគាត់ធ្វើទេ ឲ្យគាត់ធ្វើចោះ តែឲ្យបាត់ហុយ និងទឹកស្អុយចូលក្នុងស្រះ ខ្ញុំប្រើប្រាស់អត់កើត»។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវអ្នកស្រី គុយ នីក ទទួលស្គាល់ថា ពិតជាមានក្លិនស្អុយនិងផ្សែងបង្កឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋក្នុងភូមិមែន។ យ៉ាងណាក៏ដោយអ្នកស្រីសន្យាថា នៅខែប្រំាងខាងមុខ គាត់នឹងដោះស្រាយបញ្ហានេះ កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទំាងនោះ៖ «ជ្រាបតាមក្រោមរបងទៅ មិនដឹងធ្វើម៉េចឥឡូវគាត់(ពលរដ្ឋគិតមើល)គិតមើល ធ្វើម៉េចខ្ញុំសុំលុបគាត់អត់ឲ្យលុប(លុបប្រឡាយជាប់របង) ឥឡូវគាត់ព្រមឲ្យលុប ឲ្យលុបឥឡូវ មានដីឯណា ទឹកលិចអស់ ខែប្រំាខ្ញុំលុបឲ្យ ហើយនៅតែនិយាយស្តាប់ភាសាគ្នាមិនបាន ខ្ញុំមិនដឹងថាម៉េច ដ៏និយាយអញ្ចឹង សូម្បីតែឃុំក៏និយាយដែរ ធ្វើអញ្ចឹងមិនត្រូវ»។

មេភូមិកកោះ លោក យ៉ាន់ ប៊ុង មានប្រសាសន៍ថា គាត់បានឲ្យក្រុមការងារចុះសិក្សានិងជជែកជាមួយម្ចាស់រោងម៉ាស៊ីនឲ្យធ្វើយ៉ាងណាកុំឲ្យមានទឹកស្អុយហូរចូលស្រះទឹក និងផ្សែងហុយប៉ះពាល់ដល់សុខភាពពលរដ្ឋផងដែរ៖ «ខ្ញុំចុះទៅសួរគាត់ដែរ គាត់ថាកែម៉េច គាត់រកដីចាក់ទឹកស្អុយ ទីពីរ គឺថាហុយ ទុកពេលឲ្យពេល២ខែទៀត គាត់និងធ្វើបិទបំាងឲ្យជិត ធានាថាលែងហុយដល់ប្រជាពលរដ្ឋ»។

លោកយ៉ាន់ ប៊ុង បន្តថា បើម្ចាស់រោងម៉ាស៊ីនមិនធ្វើតាមការសន្យាទេ លោកនឹងជម្រាបទៅថ្នាក់លើ ជាពិសេសនៅស្រុកនិងខេត្តឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។

បើតាមម្ចាស់រោងម៉ាស៊ីនបានឲ្យដឹងថា រោងម៉ាស៊ីននេះបង្កើតឡើងចាប់ពីឆ្នាំ១៩៩៤មកម្លេះ ពោលមុនប្រជាពលរដ្ឋមករស់នៅតំបន់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ