ករណីគ្រោះថ្នាក់នៅមុខវាំង គឺទូក ង បុកជាមួយទូកទេសចរណ៍វៀតណាម

ទូកដែលលិច មានឈ្មោះ «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ»

ទូកប្រណាំងមួយបានបុកជាមួយទូកទេសចរណ៍វៀតណាមនៅមុខព្រះមរមរាជវាំង បណ្ដាលឲ្យកីឡាករអុំទូក២នាក់បាត់ខ្លួន ក្នុងចំណោមមនុស្ស៩នាក់ដែលនៅលើទូកនោះ។

លោក យ៉ាន វណ្ណដា ជាជនរងគ្រោះម្នាក់ដែលបានរួចជីវិត អះអាងថាការប៉ះបង្គិច បង្កឡើងដោយទូកទេសចរណ៍របស់វៀតណាម ជិះមកបុកពេញមួយទំហឹងនិងកិនចំពីលើកីឡាករ២នាក់ បណ្ដាលឲ្យពួកគេធ្លាក់ពីលើទូកនិងត្រូវទឹកទន្លេគួចយកទៅបាត់។

លោកថា៖ «មកពីកប៉ាល់គេហ្នឹង។ បើយើងបត់មក តម្រូវថាមកមុខវាំងនេះ ហើយកប៉ាល់ហ្នឹង វាមកលឿនមែនទែនម៉ង។ វាឃើញយើងបត់អ៊ីចឹង វាអបហ្វ្រាំង អបអីណា វាអត់ទេ វាមកមួយទំហឹង។ បុកហើយ វាតំឡើងហ្គែ វាបុកយើង ហើយវាទៅមុខទៀត»។

លោកបន្ថែមថាទូក ង ត្រូវបានក្រុមរបស់លោកសណ្ដោងចេញពីចំណុចក្បែរសណ្ឋាគារសុខា លុះមកដល់កណ្ដាលទន្លេបួនមុខ ក្រុមរបស់លោកបានព្យាយាមនាំយកទូកទៅចតនៅមុខវាំងត្រៀមអុំសមពេលល្ងាច ក៏ត្រូវកប៉ាល់កម្សាន្ដវៀតណាមបុកតែម្ដង។

បើតាមលោក វណ្ណដា ក្នុងចំណោមជនរងគ្រោះទាំងពីរ ម្នាក់មានឈ្មោះ សុខ ចាន់ជេស្ដា អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈឺន ចន អាយុ១៨ឆ្នាំ។ ចំណែកកីឡាករ៧នាក់ផ្សេងទៀតត្រូវបានក្រុមបើកអូប័រជួយសង្គ្រោះទាន់ពេលវេលា។

លោក ម៉ន សំអឿន ជាកីឡាករចំណុះទូកម្នាក់ទៀត បានសំដែងការសោកស្ដាយចំពោះការបាត់បង់សមាជិកក្រុមរបស់លោក។

លោកថា៖ «មានការសោកស្ដាយម៉ង សឹងថានិយាយមិនចេញ។ សោកស្ដាយ គឺថាមនុស្សយើងតែបាត់បង់ទៅហើយ គឺមានការសោកស្ដាយ។ ថាមកសប្បាយ បែរក្លាយជាទុក្ខវិញ»។

លើសពីនេះ លោកក៏បានអំពាវនាវឲ្យអាជ្ញាធរជួយអន្ដរាគមន៍និងចាត់វិធានការលើទូកទេសចរណ៍នោះឲ្យទទួលខុសត្រូវ។

លោកថា៖ «ជាពិសេសការរៀបចំពិធីបុណ្យអុំទូក សុំឲ្យខាងគណៈកម្មាការ សាលាក្រុងភ្នំពេញ ជាពិសេសសម្ដេច ហ៊ុន សែន ដែលលោកបានឃើញពេលនេះ សូមសំណូមពរឲ្យលោកជួយតែម្ដង»។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានឲ្យវីអូឌីដឹងថា កម្លាំងជួយសង្គ្រោះកំពុងតាមស្វែងរកកីឡាការប្រណាំងទូកដែលកំពុងបាត់ខ្លួននៅឡើយ។

ទូកដែលលិចនេះមានឈ្មោះ «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ជាទូក ង មកពីវត្តអម្ពវ័ន្ដ សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចំណុះកីឡាករ៥៧នាក់ និងមានប្រវែង២៩ម៉ែត្រ។

គួរបញ្ជាក់ថាពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ ប្រព្រឹត្តទៅចាប់ពីថៃ្ងទី១៣ដល់ថៃ្ងទី១៥ ខែវិចិ្ឆកា ឆាំ្ន២០១៦ ពោលគឺនៅសល់២ថ្ងៃទៀតប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ