តុលាការខេត្ដសៀមរាបឃុំខ្លួនអគ្គនាយករងនិងមន្ដ្រីអាជ្ញាធរជាតិអប្សរា​

អគ្គនាយករងនៃអាជ្ញាធរអបស្សរា លោក ឈរ ថាណាត (បូ សាវី)

សាលាដំបូងខេត្ដសៀមរាបបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន អគ្គនាយករងនិងមន្ដ្រី៤រូបទៀតរបស់អាជ្ញាធរជាតិអប្សរា ករណីកាប់ឈើក្រញូងអាយុ២០០ឆ្នាំនៅតំបន់អង្គរ កាលពីថ្ងៃទី៦ ខែវិច្ឆិកា។

អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាបលោក យិន ស្រាង ឲ្យVODដឹងនៅថ្ងៃសុក្រនេះថា ចៅក្រមស៊ើបសួរលោក កូយ សៅ បានសម្រេចបានសម្រេចបញ្ជូនអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរានិងមន្ដ្រី៤រូបទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញ ក្រោមបទចោទកាប់ដើមឈើប្រភេទកម្រ ក្នុងមាត្រា៩៨នៃច្បាប់ស្ដីពីព្រៃឈើ។

ចៅក្រមស៊ើបសួរ លោក កូយ សៅ មានប្រសាសន៍ថាជនត្រូវចោទអាចមានទោសពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ផងដែរ ប្រសិនតុលាការរកឃើញថា ពួកគាត់ប្រព្រឹត្ដដូចការចោទប្រកាន់មែន។ លោកបន្ដថា អ្នកកាប់បំផ្លាញព្រៃឈើទាំង៥នាក់នោះ ចោទពីបទកាប់ព្រៃឈើប្រភេទកម្រ ក្នុងមានត្រា៩៨នៃច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ព្រហ្មទណ្ឌមាត្រា២៨ ប៉ុន្ដែលោកថា ចំពោះអគ្គនាយករងលោក ឈរ ថាណាត និងប្រធានការិយាល័យបរិស្ថានគ្រប់គ្រងព្រៃឈើ លោក ចេវ ផល មានបទចោទបន្ថែមទៀត គឺពីបទជាអ្នកផ្ដើមគំនិតឲ្យមានបទល្មើស។លោកថា៖ “អគ្គនាយករងនិងប្រធានការិយាល័យ គេចោទគាត់ពីបទផ្សំគំនិតឲ្យប្រព្រឹត្ដបទល្មើសបាទ ឥឡូវយើងឃុំគាត់បណ្ដោះអាសន្នសិន ច្បាប់ពីព្រៃឈើមាត្រា៩៨ក្នុងកឋាខណ្ឌពីរចំណុច៥ក្រោមព្រហទណ្ឌមាត្រា២៨“។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មន្ដ្រីអាជ្ញាធរជាតិអប្សរាមួយក្រុម ដែលមានលោក ចែវ ផល ប្រធានការិយាល័យបរិស្ថានគ្រប់គ្រងព្រៃឈើ បានផ្ដួលដើមឈើក្រញូងមួយដើមដែលមានអាយុប្រមាណ២០០ឆ្នាំនៅតំបន់អង្គរធំ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ក្រោយពីការកាប់បំផ្លាញឈើប្រណិតនោះប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបដិសេធភ្លាមៗផងដែរ ដោយលោកថា ការផ្ដួលរលំដើមឈើមានតម្លៃមហាសាលនោះ បន្ទាប់ពីមានជនខិលខូចលួចកាប់ជិតដាច់ទៅហើយ ទើបមន្ដ្រីស្ថាប័ននោះផ្ដួលរលំបន្ថែម ដោយបារម្ភខ្លាចមានគ្រោះថ្នាក់ដល់មនុស្សដោយយថាហេតុ ខណៈមានពលរដ្ឋតវ៉ាចោទប្រកាន់ថា មន្ដ្រីអាជ្ញាធរជាអ្នកកាប់បំផ្លាញដើមឈើប្រណិតនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ