បវរកញ្ញាមកពី៤០ប្រទេស ជួយ​ផ្សព្វ​ផ្សាយ​ទេសចរណ៍​នៅ​កម្ពុជា

បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​​​​​​​​ទាំង៤១ប្រទេស (វង្ស សុម៉ាលីន)

មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីគណៈកម្មការព្រឹត្តិការណ៍បវរកញ្ញាទេសចរណ៍អន្តរជាតិបានជ្រើសរើសប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីអោយកញ្ញាឯកទេសចរណ៍តំណាងប្រទេសនីមួយៗដណ្ដើមមកុដគ្នា។

គណៈកម្មការរៀបចំបានអះអាងថា ក្រៅពីក្នុងន័យប្រកួតប្រជែង បេក្ខនារីទាំងអស់ក៏ជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» ផងដែរ។

លោក Tan Sri Datuk Danny OOi ប្រធានការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៦បានអះអាងថា ក្រុមការងារទាំងមូលបានសម្រេចជ្រើសយកប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺដោយសារតែកម្ពុជាជាប្រទេសដែលមានការរីកចំរើនមួយនិងមានវប្បធម៌ផូរផង់ ដែលក្រុមការងារចង់អោយបេក្ខនារីនៅទូទាំងពិភពលោកបានស្គាល់ពីប្រទេសកម្ពុជា។

ចំណុចពិសេសច្រើនទៀត រួមមានបញ្ហាសន្តិសុខល្អនិងភាពល្បីល្បាញនៃប្រាសាទអង្គរ ក៏ជាហេតុផលដែលធ្វើអោយគណៈកម្មការព្រឹត្តិការណ៍កញ្ញាឯកទេសចរណ៍អន្តរជាតិជ្រើសយកកម្ពុជាធ្វើជាកន្លែងប្រកួតផងដែរ។

លោកថាការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិបានចាប់កំណើតឡើងកាលពីឆ្នាំ២០០៧ នៅក្នុងទីក្រុងកូឡាំពួប្រទេសម៉ាឡេស៊ី ដោយក្នុងពេលនោះបេក្ខនារីតំណាងអោយប្រទេសរ៉ូម៉ានីជាអ្នកពាក់មកុដ ក្នុងចំណោម៤០ប្រទេស។

សម្រាប់ឆ្នាំ២០១៦នេះ លោកថាជាឆ្នាំទី១០របស់ព្រឹត្តិការណ៍បវរកញ្ញាទេសចរណ៍អន្តរជាតិ ដោយមានបេក្ខនារី៤១ប្រទេស រួមទាំងកម្ពុជាចូលប្រកួត។

លោកថាបេក្ខនារីទាំងអស់ត្រូវបានអញ្ចើញអោយមកកម្ពុជាកាលពីថ្ងៃទី៦ វិច្ឆិកា នឹងគ្រោងបញ្ចប់បេសកកម្មទាំងស្រុងនៅថ្ងៃទី២០ វិច្ឆិកាខាងមុខ ក្រោយស្វែងរកម្ចាស់មកុដ។

បេក្ខនារីទំាំង៤១ប្រទេស នឹងត្រូវកំណត់អោយធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឯករាជ្យជាដើម ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រធានបទ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» អោយកាន់តែមានការចាប់អារម្មណ៍។

វត្តមានព្រឹត្តិការណ៍នេះ លោកថាប្រទេសជាម្ចាស់ផ្ទះរមែងទទួលបានការចាប់អារម្មណ៍ច្រើនឡើងនូវវិស័យវប្បធម៌និងទេសចរណ៍ក្នុងក្រសែភ្នែកអន្តរជាតិ។ ក្នុងនោះការផ្សព្វផ្សាយពីសកម្មភាពបេក្ខនារីទាំងអស់នៅលើផេក លើវេបសាយ និងតាមកញ្ចក់ទូរទស្សន៍អន្តរជាតិជាដៃគូរបស់គណៈកម្មការ ក៏នឹងជួយអោយកម្ពុជាទទួលបានការចាប់អារម្មណ៍ទ្វេរដងផងដែរ។

លោក Tan Sri Datuk Danny OOi បន្តថា ការប្រកួតមិនមែនសំដៅតែសម្រស់និងទេពកោសល្យសិល្បៈនោះទេ ប៉ុន្តែការយល់ដឹងពីវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះនិងការចែករំលែកគំនិតច្នៃប្រឌិតជាប្រយោជន៍ដល់ពិភពលោក ក៏ជាវិញ្ញាសារសំខាន់ក្នុងការប្រកួតប្រជែង។

អ៊ីចឹងហើយទើបលោកយល់ថាវត្តមានរបស់បេក្ខនារីទាំង៤០នាក់ដែលធ្វើដំណើរមកពីពិភពលោក នឹងជំរុញអោយវិស័យទេសចរណ៍នៅក្នុងកម្ពុជាកាន់តែមានភាពទាក់ទាញ។

លោកថាប្រទេសមួយដែលត្រូវបានជ្រើសជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិ គឺបង្ហាញយ៉ាងច្បាស់ថាប្រទេសនោះ ក្រៅពីមានសន្ដិភាពនិងការរីកចំរើន ក៏បង្ហាញថាប្រទេសនោះមានវិស័យទេសចរណ៍រីកចំរើនផងដែរ ទើបលោកចាត់ទុកថាវត្តមានរបស់បវរកញ្ញាទាំង៤០រូប ក៏មិនខុសពីការផ្សព្វផ្សាយពីកម្ពុជាសំខាន់មួយ ទៅកាន់ពិភពលោក។

ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្តលោកថានឹងត្រូវធ្វើឡើងនៅសណ្ឋាគារណាហ្គាវើលនៅថ្ងៃទី១៨ វិច្ឆិកា ដោយក្រៅពីមានការផ្សាយផ្ទាល់នៅទូរទស្សន៍ក្នុងស្រុក ក៏មានទូរទស្សន៍ក្រៅស្រុកជាដៃគូបន្តផ្ទាល់។

 

បេក្ខនារី ហង្ស ម៉ារីតា តំណាងអោយកម្ពុជាគ្រងឈុតព្រះនាងអប្សរា (វង្ស សុម៉ាលីន)
បេក្ខនារី ហង្ស ម៉ារីតា តំណាងអោយកម្ពុជាគ្រងឈុតព្រះនាងអប្សរា (វង្ស សុម៉ាលីន)

លោកបានសរសើរថា បេក្ខនារីតំណាងអោយប្រទេសកម្ពុជាមានទម្រង់មុខស្រស់ស្អាត ប៉ុន្តែលោកមិនហ៊ានប៉ាន់ស្មានចំពោះលទ្ធផលរបស់នាងនោះទេ ខណៈដែលលោកបានត្រឹមបញ្ជាក់ថាបេក្ខនារីតំណាងអោយទំាង៤១ប្រទេសសុទ្ធតែមានឱកាសដណ្ដើមយកមកុដ។

គួរបញ្ជាក់ថាបេក្ខនារី ហង្ស ម៉ារីតា កម្ពស់១,៦៤ម៉ែត្រ គឺជាតំណាងអោយកម្ពុជាសម្រាប់ចូលប្រកួតក្នុងព្រឹត្តិការណ៍នេះ។

នាងបានគ្រងឈុតព្រះនាងអប្សរាជាសំលៀកបំពាក់ប្រពៃណី ដោយរំពឹងថាឈុតនេះក៏នឹងជាប់ជាឈុតលេចធ្លោមួយសម្រាប់ឈុតប្រពៃណីតំណាងប្រទេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ