ទេសចរវៀតណាមមកកម្ពុជាធ្លាក់ចុះ ខណៈចិនមានការកើនឡើងរយៈពេល៩ខែឆ្នាំ២០១៧

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 12:09 PM | សេដ្ឋកិច្ច | 0 | 2701

របាយការណ៍ក្រសួងបង្ហាញថា ភ្ញៀវទេសចរជាជនជាតិវៀតណាមមកទស្សនាកម្ពុជាមានការធ្លាក់ចុះ១៤,៥ ​ភាគរយ ខណៈជនជាតិចិនមក​លេង​កម្ពុជា​កើនឡើង​រហូត​ដល់ជាង ៤៥ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៧។

​ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​ និ​ង​ផែន​ការ​នៅ​ក្រសួង​ទេស​ចរណ៍លោក គង់​ សុភារ័ក្ស បានប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​​កាល​​ពីថ្ងៃទី ០៧ ខែ វិច្ឆិកាថា ​តួលេខ​នៃការការ​មក​ដល់​ភ្ញៀវ​ទេសចរ​វៀត​ណាម​មាន​ចំនួន ៥៩៣ ​០០០​ នាក់​ធ្លាក់​ចុះ​ ១៤,៥ ​ភាគរយ ចំណែកភ្ញៀវ​ទេសចរ​ចិន​មាន​ជាង ​៨៤១ ០០០​ នាក់​ បាន​មក​ទស្សនា​កម្ពុជា​កើន​ឡើង​ ៤៥​ ភាគ​រយ​ បើធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

កាលពីកំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ២០១៦ មានភ្ញៀវទេសចរជនជាតិវៀតណាមមកទស្សនាកម្ពុជាចំនួន ៦៩៥​ ៦៧២ នាក់ ចំណែកឯភ្ញៀវទេសចរចិនមានចំនួន ៥៧៧ ២៨៣នាក់។​ ទិន្នន័យនេះ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​​នាំ​មុន​គេ​ដែលមាន​ភ្ញៀវ​ទេសចរ​​មក​កាន់​ប្រទេស​កម្ពុជាសម្រាប់ឆ្នាំ២០១៧​។ ​

លោក គង់​ សុភារ័ក្ស បានបន្តថាភ្ញៀវទេសចរ​បរទេស​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ ៩ ខែ​ឆ្នាំ ​២០១៧ ​នេះ​មានចំនួន ​​​៣,៩ ​លាន​នាក់បើ​​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​កាលពី​ឆ្នាំ​មុនបានកើន​ឡើង​ ១១,​៥ ​ភាគ​រយ​ ហើយ​តាម​ការ​ព្យាករ​នឹង​ទទួល​បាន​ទេសចរ​​បរទេស​សរុប ​៥,៥ ​លាន​នាក់​នៅ​ចុង​ឆ្នាំ​នេះ​។

​ទោះបីជាយ៉ាងណាប្រទេស​កម្ពុជា​រំពឹង​ថា​ នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​៥,៥​លាន​នាក់​ត្រឹម​ចុង​ឆ្នាំ​នេះ ​ដែល​នឹង​​កើន​ឡើង​ ៨​ ភាគ​រយ​ ពី​ចំនួន​សរុប​ ៥​ លាន​នាក់​កាល​ពីឆ្នាំ​មុន ​ហើយ​ទាក់​ទាញ​ភ្ញៀវ​បរទេស​ ៧​ លាន​នាក់​ត្រឹម​ចុង​ឆ្នាំ​ ២០២០​៕​

 

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required