HRW ស្នើមេដឹកនាំអាស៊ានបង្ខំឲ្យ លោក ហ៊ុន សែន បញ្ឈប់ចេតនារំលាយបក្សប្រឆាំង

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 9:19 AM | នយោបាយ | 0 | 56221 រូបភាពពីហេ្វសប៊ុកលោកនយករដ្ឋមន្ត្រី​​​​ ហ៊ុន សែន

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិមួយ ស្នើឲ្យមេដឹកនាំកំពូលអាស៊ាន ពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងបង្ខំឲ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង នៅមុនការបោះឆ្នោត។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ Human Rights Watch បានអំពាវនាវ ទៅមេដឹកនាំអាស៊ានទាំងអស់ ដែលកំពុងចូលរួមកិច្ចប្រជុំស្ដីពី «វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ាន​» នៅប្រទេសវៀតណាម ឲ្យដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា ដែលថា កំពុងចង់រំលាយគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។ នេះដោយយោងតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី៩វិច្ឆិកាម្សិលមិញ។

បើតាមសេចក្ដីថ្លែងការណ៍ អង្គការអន្ដរជាតិ Human Rights Watch ក៏ស្នើឲ្យមានការដោះលែង អ្នកទោសនយោបាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយថា ដើម្បីកុំឲ្យកម្ពុជា វិលទៅរកការដឹកនាំ ដែលមានបក្សតែមួយ គ្រប់គ្រងប្រទេស។

ប៉ុន្ដែ ក្នុងពិធីជួបជាមួយកម្មករ កាលពីថ្ងៃទី៨ខែវិច្ឆិកាថ្មីៗនេះ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន បានលើកឡើងជាថ្មី អំពីចេតនាចង់រំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ដោយលោកអះអាងថា នឹងត្រូវរំលាយជាដាច់ខាត ខណៈរដ្ឋាភិបាលរបស់លោក ចោទមេបក្សមួយនេះថា បានឃុបឃិតជាមួយអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

គួររំលឹកថា កាលពីខែមករាឆ្នាំ២០១៧ ​កន្លងទៅ អង្គការ Global Witness  ក៏ធ្លាប់ស្នើសុំ ប្រទេសស្វីសដែលជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក បណ្ដេញលោក ហ៊ុន សែន ចេញពីវេទិកានោះផងដែរ ដោយចោទថា លោក ហ៊ុន សែន ជាជនផ្ដាច់ការ និងធ្វើបាបតែពលរដ្ឋខ្លួនឯង៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required