ក្រសួងមហាផ្ទៃណែនាំឲ្យកម្លាំងត្រៀមឯកសណ្ឋាន​ប្រយុទ្ធថ្ងៃសវនាការរំលាយបក្សប្រឆាំង

កម្លាំងប្រដាប់អាវុធរារាំងការប្រឆាំង

រដ្ឋាភិបាល​ប្រកាសបន្ថែមកម្លាំងការពារសន្ដិសុខ និងត្រៀមឯកសណ្ឋាន​សម្រាប់លក្ខណៈប្រយុទ្ធ ខណៈតុលាការកំពូល នឹងបើកសវនការលើសំណុំរឿងរំលាយគណបក្សប្រឆាំង។

ក្នុងសេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែវិច្ឆិកា ចំពេលតុលាការ នឹងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។

បើតាមជូនដំណឹងនោះ ក្រសួងមហាផ្ទៃ បញ្ជាឲ្យ កម្លាំងនគរបាលប្រមូលផ្ដុំ ត្រៀមអនុវត្តតាមបទបញ្ជា ក្នុងករណីចាំបាច់ ហើយក្រុមប្រចាំការ ត្រូវតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋានត្រៀមប្រយុទ្ធ និងត្រូវធ្វើរបាយការណ៍ស្ដីពីសភាពការណ៍នានា ជូនទៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។

បើតាមការគ្រោងទុកនោះ នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនការ តាមបណ្តឹងរបស់ក្រសួង​មហាផ្ទៃ ដែល​ប្តឹង​សុំ​ឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ករណីនេះ គណបក្សសង្គ្រោះជាតិ ថា ​ខ្លួនមិនដាក់ឯកសារ​តតាំង​​ក្តីនៅ​តុលាការនោះទេ ដោយថា នេះជារឿងនយោបាយ និងចាំដោះស្រាយតាមផ្លូវនយោបាយ។

សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចខាងលោកសេរី បានថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ង រំលាយគណបក្សនេះ ហើយពួកគេព្រមានពីហានិភ័យនានា នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញ៉ាប់ ហៅសកម្មភាពទាំងនោះ គឺគ្រាន់ជាការអនុវត្តច្បាប់តែប៉ុណ្ណោះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ