សេន ប៊ុនថេន បរាជ័យការ​ដណ្ដើមខ្សែក្រវាត់អន្តរជាតិនៅប៉ុស្ដិ៍លេខ៥

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 11:52 AM | កំសាន្ដកីឡា | 0 | 1544

នៅ​​ទីបំផុតការប្រកួតអន្តរជាតិ​​ដណ្ដើមខ្សែក្រវាត់ដែលបានធ្វើឡើងនៅ​​ស្ដាតអូឡាំពិករវាងកីឡាករល្បីឈ្មោះ សេន ប៊ុនថេន និងកីឡាករ​​វ័យក្មេង​មកពីប្រទេស​អ៊ុយ​ក្រែន ​​ត្រូវ​បាន​បញ្ចប់​ក្នុងលទ្ធផលខុសពីការ​គ្រោងទុកយ៉ាង​ខ្លាំង ដោយសារតែ​​កីឡាករ​កម្ពុជា​ដែល​ត្រូវ​គេស្គាល់ជា​​​​​ម្ចាស់ខ្សែក្រវាត់រាប់មិនអស់​ជា​អ្នកទទួលបរាជ័យ ដែលធ្វើអោយខ្សែ​ក្រវាត់ជើង​ខ្លាំង​បានធ្លាក់ទៅលើគូប្រកួត។

នេះជាការប្រកួត​ដែល​បានរៀបចំ​​​ឡើងដោយ​​សហព័ន្ធ​​គុនខ្មែរ​​អន្តរជាតិ ​ក្រោម​ការចាប់​ដៃទាំងស្រុង​រវាង​​ស្ថានីយទូរទស្សន៍​​ប៉ុស្ដិ៍លេខ​​​៥ និង​គណៈកម្មការ​​​អូឡាំពិក​កម្ពុជា​ ដើម្បីស្វែងរក​​​​​​​ក្នុងពិភព​គុន​ខ្មែរ​និង​ដើម្បីផ្សព្វ​ផ្សាយ​​​ក្បាច់ប្រដាល់​ខ្មែរ​​​ទៅកាន់​ឆាកអន្តរជាតិ​។

​នេះជាការប្រកួត​​​​​​ដែលកម្ពុជា​​ធ្វើឡើងជាលក្ខិណៈអន្តជាតិ​​លើកទី​១ ​ដោយមានការកីឡាករ​​មកពី​​​ពាស​ពេញ​ពិភពលោករហូតដល់​​​​១១​ប្រទេស​​​​​មកប្រកួត​​​ ​​​ដែលការប្រកួតនេះ​​​​​ត្រូវបានរៀបចំ​ឡើងនៅស្ដាត​អូឡាំពិក​តាំងពីថ្ងៃទី​​​​​​៨​​ធ្នូ និងគ្រោង​បញ្ចប់​នៅថ្ងៃទី​​១០ធ្នូ។ ​​ការប្រកួត​ទាំង​​៣ថ្ងៃនេះ ​ក្នុងមួយថ្ងៃ​មាន​​​​៩គូ ដោយគូខ្លះជាការប្រកួតរវាង​កីឡាករ​កម្ពុជា​ និង​បរទេស និងគូខ្លះ​​ជាការប្រកួត​រវាង​កីឡាករ​​បរទេស​​ និងបរទេស។

​​​ក្នុងនោះ​​គូខ្លះ​​​ជាការប្រកួត​​​លក្ខណៈ​​មិត្ត​ភាព​​ដើម្បីស្ទាបស្ទង់សមត្ថភាព តែ​​គូខ្លះគឺជាគូដណ្ដើមខ្សែក្រវាត់​​​​​ ​​ដោយ​​​គូខ្សែក្រវាត់​សម្រាប់​​​​អ្នកឈ្នះទទួលបាន​​​​​ទឹកប្រាក់​​​១ពាន់ដុល្លារ និងខ្សែក្រវាត់ជើង​ឯក​មួយ​​ដែល​ចេញ​​អោយ​ដោយ​​សហព័ន្ធ​គុនខ្មែរ​​អន្តរជាតិ។ កីឡាករ​​បរទេស​​​ភាគច្រើន មកពី​​បណ្ដា​ទ្វីបអឺរ៉ុប​ និង​​​អ៊ីរ៉ង់ នេប៉ាល់ និង​​​ប្រទេសឡាវ​ជា​​ដើម ​ដោយ​​ក្នុងនោះក៏មានការប្រកួត​រវាងកីឡាការិនីនិងកីឡាការិនី​​ផងដែរ។

យ៉ាងណា​ក៏​ដោយ​​ការប្រកួតមួយនេះ មិនតម្រូវអោយ​កីឡាករ​កម្ពុជាប៉ះប្រកួតជាមួយ​កីឡាករ​​នោះទេ ​​​​​​ដោយ​​​​​​កំណត់អោយកីឡាករ​កម្ពុជា​ប៉ះ​ប្រកួតជាមួយ​​​​កីឡាករបរទេស តែចំពោះ​​​កីឡាករបរទេសគឺគូត្រូវប៉ះ​ជាមួយ​បរទេស ​​​​ជាក់ស្ដែងក៏មានការ​​ប្រកួត​រវាងកីឡាករ​អ៊ុយក្រែន និង​អ៊ុយក្រែន​ផងដែរ។

​​​​​​ដោយឡែក​​សម្រាប់ការ​ប្រកួត​កាលពីថ្ងៃទី៩ ធ្នូ គេឃើញកីឡាករ​ជនជាតិ​នេប៉ាល់ អ៊ីរ៉ង់ អ៊ុយក្រែន ជនជាតិបារាំង សុទ្ធតែបានប្រឹង​ប្រែង​​ការប្រកួតជាមួយ​កីឡាករកម្ពុជា និងកីឡាករជាជនបរទេសដែលជាគូប្រកួត។ ​នៅក្នុងថ្ងៃនោះ ក៏មានការប្រកួតដណ្ដើម​​ខ្សែក្រវាត់ដ៏ជក់ចិត្ត​រវាងកីឡាករ​​ជើងខ្លាំង ​​សេន ប៊ុនថេន និងកីឡាករ​​​ជាគូ​​ប្រកួត។

​ការប្រកួតដែលបានធ្វើឡើងនាថ្ងៃនោះ កីឡាករ ​សេន ប៊ុនថេន ត្រូវ​បានគេប្រកាសថាជាគូប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងប្រទេសទម្ងន់៧៥គីឡូក្រាមជាមួយ​នឹងកីឡាករមកពីប្រទេស​​អ៊ុក្រែនឈ្មោះ Kolibenko Valentyn តែ​គេប្រកួត​ក្នុងនាមជា​កីឡាករ​ពាក់កណ្ដាលអាជីព​ប៉ុណ្ណោះ​​​​​ ​ដោយ​មិនមែនប្រកួត​ក្នុងនាមជាកីឡាករ​អាជីព​​ឡើយ។

​​អ្វីដែល​គួរអោយ​ភ្ញាក់​ផ្អើលគឺទោះជាត្រូវប្រកួត​​ពាក់កណ្ដាលអាជីពទៅហើយ ក៏កីឡាករ​ល្បីឈ្មោះ​​​ដែលធ្លាប់ផ្ទុះជម្លោះ​​​​ជាមួយជើងខ្លាំង វ៉ន វីវ៉ា រូបនេះ​​នៅតែទទួល​បរាជ័យ​លើគូប្រកួតវ័យក្មេង​ក្នុងទឹកទី​​៥។ ​កីឡាករអ៊ុយក្រែន​ត្រូវបានគេប្រកាសថា​ទើបតែប្រកួតបាន​​​​​៤៥លើក ​ឈ្នះ​៤០លើក ចាញ់​៣លើក និង​​ស្មើ​២លើក​ប៉ុណ្ណោះ ​ប៉ុន្តែ​ក្រឡេកទៅ​មើលការប្រកួត​​របស់គេ គឺខ្លាំង​ហើយ​អាចវាយត្រូវ​លើ​កីឡាករ ​សេន ប៊ុនថេន តាំងពីទឹកទី​​​៣​​រហូតដល់ទឹក​ទី​​៥ ​​​​​​រហូតទទួលបាន​​​ខ្សែក្រវាត់​​​អន្តរជាតិ ​​​​​អមដោយទឹកប្រាក់​​១ពាន់​ដុល្លារ ក្នុងពេលដែល​​ សេន ប៊ុនថេន
ត្រូវបានគេដឹងថា​​មិនត្រឹមតែធ្លាប់​ឆ្លងកាត់ការប្រកួត​ដល់​​​​​​ខ្ទង់​​រយដង​ប៉ុណ្ណោះទេ តែក៏ជាគ្រូបង្វឹក​​នា​ពេលចុងក្រោយ​នោះផង​។

​យ៉ាងណាមិញ កីឡាករ ​​​​សេន ប៊ុនថេន បានអះអាងថាហេតុ​ផលដែលលោកបរាជ័យ គឺដោយសារតែលោក​មិនព្រម​ប្រើកែង ព្រោះតែ​ខ្លាចកីឡាករ​អ៊ុយ​ក្រែន មានគ្រោះថ្នាក់ ​​​​​ទើប​បណ្ដាលអោយលោកក្លាយជាអ្នកចាញ់វិញ។
លោកថា​លោក​មានឱកាស​​ប្រើកែងច្រើន​ដង ប៉ុន្តែ​អោយតែលោកតែ​​​​​​​​​​រៀបនឹងបញ្ចេញ​​​ក្បាច់នេះ លោក​​​​​ស្រម៉ៃដល់រូប​ភាព​​​​​​ថា​នឹងធ្វើអោយ​កីឡាករអ៊ុយ​ក្រែន​​​សន្លប់ឬមាន​គ្រោះថ្នាក់ ទើប​លោក​​បានត្រឹមតែប្រើម៉ាត់ និង​ទាត់ធ្វេងស្ដាំ ដែលបច្ចេកទេសទាំងនេះគឺលោកចាញ់ប្រៀប​​​​​​​​។

លោក​​​​ក្រោយការ​បរាជ័យ​លោកទទួលបាន​តែ​​​​​​តម្លៃខ្លួនជា​​៤០០ដុល្លារ ប៉ុន្តែសម្រាប់​អ្នកឈ្នះគឺ​បាន​​​​​ខ្សែក្រវាត់ និង​​​ទឹកប្រាក់​​​​១ពាន់ដុល្លារ។ លោកក៏សម្ដែងការ​​ខកចិត្ត​​ផងដែរ ​ដោយអះអាងថា​​បើកុំតែលោក​​​អាណិត​​គូប្រកួត
ក៏​ប្រហែលជាលោក​មិន​​​​​មានលទ្ធផល​​​​​បែបនេះ​។ ​​

​​​​​​​​​គណៈកម្មការរៀបចំការប្រកួតបានអះអាងថាការប្រកួត​ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិនេះ មានការប្រកួត​​៣​​ប្រភេទ គឺការប្រកួត​របស់កីឡាករ​​ស្ម័គ្រចិត្ត​​កម្ពុជា និង​បរទេស ​​​ការប្រកួត​​​​ពាក់​កណ្ដាល​អាជីព និងការប្រកួត​​​​​​អាជីព។ ​​​​លោក វ៉ាត់ ចំរើន ​អគ្គលេខាគណកម្មការអូឡាំពិក​​បញ្ជាក់ថា ​​​​ពាក់​កណ្ដាលអាជីព​​​គឺសំដៅទៅលើកីឡាករ​​​​​ដែល​ប្រកួត​​២​​នាទី សម្រាក​​​​​៣នាទី ​ហើយ​​កា​រប្រកួត​អាជីព​គឺប្រកួត​​៣នាទី សម្រាក​​២នាទី
ចំណែក​លក្ខណ្ឌគឺតែមួយប៉ុណ្ណោះ។

លោកថា​​នេះជា​​ព្រឹត្តិការណ៍​ប្រដាល់ធំនៅកម្ពុជាដែលមាន​ដល់ទៅ​​១១ប្រទេស ហើយ​​​​ការប្រកួត​នេះក៏បានសហការទាំងស្រុង​ដោយ​ប៉ុស្ដិ៍លេខ​​​៥​​​ដែល​ទទួល​បន្ទុក​​​ផ្សព្វផ្សាយ និង​​​ផ្សាយបន្ត​​ផ្ទាល់​​​ទាំង​​​៣ថ្ងៃផងដែរ៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required