ពលរដ្ឋបុរីកីឡាថា មិនចាកចេញពីដីមានជម្លោះ ខណៈអាជ្ញាធរដាក់កំហិត

អ្នកស្រី ស ស៊ន ប្រជាសហគមន៍បុរីកីឡានិងសកម្មជនដីធ្លី

អ្នកមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាមួយចំនួនដែលមិនទាន់​ទទួលបានដំណោះស្រាយ បាន​អះអាងថា ពួកគាត់មិនព្រមចាកចេញពីដីមានទំនាស់ឡើយ ខណៈអាជ្ញាធរដាក់កំហិតឲ្យចាកចេញនៅក្នុង​រយៈ​ពេលជាងមួយសប្តាហ៍ទៀត​ប៉ុណ្ណោះ។

ក្នុងលិខិតចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញដាក់កំហិតឲ្យប្រជាពលរដ្ឋនៅសហគមន៍បរីកីឡាដែលមិនទាន់​ទទួលបានដំណោះស្រាយ ទៅទទួលយក​សំណងតាមគោលនយោបាយរបស់សាលារាជធានីភ្នំពេញ ដោយទុករយៈពេលពីរសប្តាហ៍​ចាប់ថ្ងៃទី៨ ដល់​ថ្ងៃ២២ ខែធ្នូ​នេះ។

អាជ្ញាធរបានព្រមានថា បើមិនទទួលយកសំណងតាមកាលកំណត់នេះទេ សាលារាជធានីភ្នំពេញមិនទទួលខុសក្នុងការដោះស្រាយជូនទៀតឡើយ។

តំណាងពលរដ្ឋម្នាក់ អ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់ប្រមាណ ១១គ្រួសារមិនព្រមទទួលយកសំណង​តាមគោលនយោបាយរបស់សាលារាជធានីភ្នំពេញនោះទេ ដោយថា ពួកគាត់មានឯកសារគ្រប់គ្រាន់ក្នុងការទទួលផ្ទះនៅបុរីកីឡា។

អ្នកស្រីបន្ថែមថា៖ «ដោយសារពួកយើងសំអាងលើឯកសារ យើង​គឺត្រូវទទួលបានផ្ទះនៅបុរីកីឡា ហើយមានកិច្ចសន្យាអភិវឌ្ឍន៍នៅនឹងកន្លែង និងគោលការណ៍ ៤បាន ដូចមីងអញ្ចឹងមានមួយចំនុចក្នុងគោលការណ៍ ត្រូវតែបានផ្ទះអញ្ចឹង បែរជាឲ្យមីងទៅភូមិអណ្តូង គឺអត់ទទួលយកបានទេ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ដាញ់ គង្គារ និយាយថា សាលារាជធានីភ្នំពេញបានបង្ខំឲ្យអ្នកស្រីត្រូវទទួលសំណងតាមគោលនយោបាយដោយយកថវិកា ២ពាន់ដុល្លា និងផ្ទះ ១ខ្នងនៅភូមិអណ្តូង ប៉ុន្តែ អ្នកស្រី​មិនព្រមយកទេ ដោយថា សំណងនោះតិច​តួចពេក។

អ្នកស្រ្តីបន្តថា ករណីសាលារាជធានីភ្នំពេញដាក់កំហិតបង្ខំឲ្យពលរដ្ឋយកសំណងនេះ គឺជាការគំរាមគំហែង និងរំលោភសិទ្ធិមនុស្ស។

អ្នកស្រីបន្ថែមថា៖«មីងនៅកន្លែងហ្នឹងតាំងពីឆ្នាំ៩០ជាង ហើយខ្ញុំឯកសារគ្រប់ទាំងអស់ ហើយខ្ញុំនៅរហូតមក មិន​ដែលចេញទៅណាទេ។ អញ្ចឹង ខ្ញុំសុំផ្ទះនៅបុរីកីឡា ព្រោះតាមកិច្ចសន្យាការអភិវឌ្ឍន៍របស់ក្រុមហ៊ុន សន្យាសង ១០អគារ តែគាត់លក់អស់ពីរអគារ អញ្ចឹងគាត់សងលុយខ្ញុំវិញមក។ ហើយខ្ញុំយល់ការធ្វើនេះរំលោភសិទ្ធិប្រជាជន ធ្វើបាបពួកខ្ញុំតាំងឆ្នាំ២០១២រហូតមក»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញមិនមានគោលនយោបាយណាផ្សេងសម្រាប់ដោះស្រាយជូនពលរដ្ឋដែលនៅសេសសល់នោះទៀតទេ។

លោកបន្តថា ប្រសិនបើពលរដ្ឋទាំងនោះ​​មិន​ព្រមមកទទួលសំណងតាមគោលនយោបាយនេះ សាលារាជធានីភ្នំពេញនឹងអនុវត្ត​វិធានការរដ្ឋាបាល និងយន្តតុលាការ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋទាំងនោះទេ។

លោកបន្ថែមថា៖«ពាក់ព័ន្ធជាមួយសំណងដែលឆ្លើយថា មិនសមរម្យ ឬក៏មិនសាកសមជាមួយលក្ខណៈសម្បត្តិ យើងចង់​ជម្រាបជូនថា រាល់ការវិនិឆ័យពីលក្ខណៈសម្បត្តិ គឺយើងមានគណៈកម្មការវាយតំលៃត្រឹមត្រូវរហូតដល់មាន NGO ចូលរួមទៀតផង ដើម្បីពិចារណាទៅលើឯកសារ ឬក៏លក្ខណៈរបស់គ្រួសារនីមួយនោះឲ្យត្រឹមត្រូវ ឲ្យសុក្រឹត មុននឹងយើងផ្តល់ជូនសំណងទៅប្រភេទនៃអ្នកដែលគាត់ត្រូវទទួលបានរបៀបណាៗនោះ»

កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាល ធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលបញ្ហានេះធ្វើឲ្យពលរដ្ឋនៅទីនោះផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។

គម្រោងអភិវឌ្ឍន៍នេះដែរ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះរាប់រយគ្រួសារ ដោយអាជ្ញាធរ និងក្រុមហ៊ុនធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំ។ មកដល់ពេលនេះ មន្រ្តីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធរដោះស្រាយបានជាង ៩០%ហើយ ដោយនៅសល់ពលរដ្ឋតិចតួចប៉ុណ្ណោះ។

បើតាមតំណាងសហគមន៍ឲ្យដឹងថា រាល់ថ្ងៃមានពលរដ្ឋជិត ៣០គ្រួសារមិនទាន់ទទួលបានសំណង និងកំពុងស្នាក់នៅ​លើអគារមួយក្នុងសហគមន៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ