រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ជិត​២​ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត​៣០​ភាគរយ​ ១១ខែឆ្នាំនេះ

អគ្គ​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា បាន​ប្រកាស​ថា ខ្លួន​ប្រមូល​​ពន្ធ​អាករ​បាន​​ជិត ២​ពាន់​​លាន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល ១១​ខែ នៃ​ឆ្នាំ​២០១៧​នេះ ដោយ​បាន​កើន​ឡើង​ជិត ៣០​ភាគរយ បើ​ធៀប​ទៅ​នឹង​ចំណូល​ពន្ធ​ដា​រយៈ​ពេលដូចគ្នាក្នុង​ឆ្នាំ​មុន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាននៅថ្ងៃ​នេះ អគ្គ​នាកយកដ្ឋាន​ពន្ធដារ បាន​​ឲ្យ​ដឹង​ថា ថវិកា​ពន្ធអាករ ១៨២៧​លាន ៦៣​ម៉ឺន​ដុល្លារ ត្រូវ​​ប្រមូល​បាន​នៅ​ក្នុង​រយៈ​ពេល ១១ខែ ឆ្នាំ២០១៧​នេះ ដោយ​បាន​កើន​ឡើង ២៩.៧៥ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល ១១​ខែ​ឆ្នាំ​២០១៦​កន្លង​មក។

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​អះ​អាង​ថា ប្រាក់​ចំណូល​ពន្ធ​អាករ​កើន​ឡើង​ខ្ពស់​បែប​នេះ ដោយសារ​តែ​កំណើន​ពន្ធ​អាករ​ស្ទើ​គ្រប់​ប្រភេទ ដោយ​ពន្ធ​លើ​ប្រាក់​ចំណូល​កើន​ឡើង ៣១.១​ភាគរយ ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​កើន​ឡើង ៨.៦​ភាគរយ និង​អាករ​លើ​តម្លៃ​បន្ថែម​កើន​ឡើង ២៩.៨​ភាគរយ ខណៈ​ដែល​អាករ​ពិសេស​កើន​ឡើង ១៥​ភាគរយ។

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​អះ​អាង​ថា ការ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ បាន​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​ដល់​ទៅ ១០​៦.៥២​ភាគរយ។

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​បន្ថែម​ថា សម្រាប់​ថវិកា​ពន្ធ​អាករ​នៅ​ខែវិច្ឆិកាកន្លងម​ក ស្ថាប័ន​នេះ​បញ្ជាក់​ថា ប្រមូល​បាន​ជាង ១៤៣​លាន​ដុល្លារ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ