អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស UN អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ងាក​ទៅ​រក​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វិញ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​វិញ និង​ធានា​ដល់​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អ្នកស្រី រ៉ូណា ស្មីត បាន​អំពាវ​នាវ​បែប​នេះ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញ​នៅ​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ចំ​ពេល​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា អ្នកស្រី​ព្រួយ​បារម្ភ​ក្រៃ​លែង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាម​ឃាត់​សមាជិក​បក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ហើយ​បែង​ចែក​អាសនៈ​សភា​របស់​បក្ស​នេះ ទៅ​ឲ្យ​គណបក្ស​ផ្សេង​ ដែល​មិន​ត្រូវបាន​ប្រជាជន​បោះ​ឆ្នោត​ឲ្យ។

អ្នកស្រី រ៉ូណា ស្មីត បាន​ចាត់​ទុក​វិធានការ​បែប​នេះ​របស់​កម្ពុជា​ថា ជា​ការ​បដិសេធ​មិន​ទទួល​ស្គាល់​សិទ្ធិ​របស់​ប្រជាជន​មួយ​ភាគ​ធំ ក្នុង​ការ​ចូល​រួម​កិច្ច​ការ​សាធារណៈ តាម​រយៈ​តំណាង​ ដែល​ពួកគេ​បាន​ជ្រើស​រើស​ដោយ​សេរី​នា​ពេល​កន្លង​មក​នោះ។

អ្នក​ស្រី​បាន​អំពាវ​នាវ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​ឡើង​វិញ​នូវ​លំហ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ដើម្បី​ឲ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដោយ​ពុំ​មាន​ការ​ភ័យ​ខ្លាច និង​ការ​គំរាម​កំហែង។

គួរ​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ខណៈ​ដែល​មេ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ