បទយការណ៍៖ កម្ពុជាប្រារព្ធទិវាកីឡាកងព័ទ ដោយដាក់តាំងយុទ្ធោបរកណ៍

កាលពីថ្ងៃទី៨ខែមករាកន្លងទៅ មានការប្រកួតកីឡាកងទ័ព ដោយរួមទាំងមានការតាំងពីព័រណ៍ផង ដែលប្រារព្ធឡើងនៅលើចំណតរថយន្តដ៏ធំល្វឹងល្វើយ ទល់មុខសាលមហោស្របនៃដីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

បើក្រឡេកមកមើល ក្លោងទ្វារច្រកចូលបែរទៅទិសខាងលិច ដែលគេបានរចនាជារាងលេខ៧ មានសរសេរអក្សរធំជាងគេនៅលើគេដាក់ថា «ខួបទី៣៨» អក្សរនៅជួរកណ្តាល ​«ការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ» និងអក្សរជួរក្រោម «អបអរសាទរទិវាបុណ្យជាតិ៧មករា ២០១៧ និងប្រមូលមូលនិធិគាំទ្រសមាគមអតីតយុទ្ធជនកម្ពុជា»។ ចំណែក នៅផ្នែកខាងឆ្វេងនៃទីលាន គេមានដាក់តាំងប្រភេទឡានទាហ៊ានធំតូច រថពាសដែក ស្តង់តូចៗដែលបង្ហាញពីសម្ភារៈ សកម្មភាពការងារផ្សេងៗ និងមានរោងវេទិកាសំរាប់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិអង្គុយបែរទៅរកផ្នែកកណ្តាលដែលគេបានព័ទ្ធខ្សែបួនជ្រុង គឺជាទីលានសំរាប់ប្រកួតកីឡា។

ក្នុងទីលាន ឃើញមានដាក់ឧបករណ៍ជាច្រើនដូចជា កង់ត្រាក់ទ័រធំៗ បន្ទះក្តារ​បញ្ឈរ ដែកបំពង់ខ្លីៗ អូប័រចំនួនពីរ ស្មៅសប្បនិមិត្ត ដែលមានដាក់ដែកសំណាញ់ពីលើសំរាប់លូនវារជាដើម។ នៅផ្នែកកណ្តាលជាប់ទីលាននេះដែរ មានឆាកតមន្ត្រីមួយយ៉ាងធំសំរាប់ប្រគុំកំដរដោយក្រុមសិល្បៈយោធា។ ចំណែកឯនៅផ្នែកខាងស្តាំវិញ មានស្តង់តូចធំរាប់សិប ដាក់តាំងបង្ហាញនិងលក់ផលិតផល និងសេវាកម្មជាច្រើន ដូចជាសំលៀកបំពាក់ គ្រឿងអគ្គិសនី អាហារ និងសម្ភារៈប្រើប្រាស់រាប់មិនអស់។

ឆ្នាំនេះ ជាលើកទីមួយហើយ ដែលកីឡាកងទ័ពធ្វើការប្រកួតកីឡានៅទីសាធារណៈ ដែលពីមុនធ្វើតែនៅសាលាទាហ៊ាន។ អ្នកចូលរួមប្រកួតទាំងអស់មាន៣៤ក្រុម ចែកជាពីរប្រភេទ ដែលមានដូចជាទាហ៊ានជើងគោក ជើងអាកាស ជើងទឹក នគរបាល សិស្ស និស្សិត មន្ត្រីមកពីក្រសួងនានា ក្រុមយុវជន ក្រុមហ៊ុនឯកជន អ្នកកីឡាអាជីព ជនពិការ រួមទាំងជនបរទេសដែរ។

អ្នកប្រកួតមួយក្រុមស្លៀកឯកសណ្ឋានប៉ារ៉ា ស ប្រាប់ថា ជាក្រុមទាហានជើងទឹក កំពុងតែសម្រួលសរសៃរ ព្រោះទើបតែរត់បានបួនគីឡូម៉ែត្រ និងត្រៀមសែងហ្វ្រង់ការត់ប្រណាំងទៀត «ប្រភេទកីឡាករយោធារត់ស្ពាយសាក់កាដូទម្ងន់ប្រាំគីឡូក្រាម​​ ពាក់មួកដែកទម្ងន់២គីឡូក្រាម រត់ចម្ងាយបួនគីឡូម៉ែត្រ ក្រុមណានាទីតិចឈ្នះ…»

ប្អូនស្រី រិទ្ធិ គឹមលាង ជានិស្សិតសាលាច្បាប់ ពាក់អាវយឺត ស ប្រាប់ថា នេះជាលើកទីមួយសម្រាប់ប្អូន។ ប្អូន មកចាំប្រកួតតាំងពីម៉ោងប្រាំព្រឹកម៉្លេះ នៅមិនទាន់បានប្រកួតនៅឡើយទេ ប្អូនចង់ដឹងថា តើទាហ៊ានដែលហ្វឹកហាត់ពិបាកប៉ុណ្ណា។

ប្អូនស្រីថា៖ «ញ៉ុមលេងលក្ខណៈស៊ីវិល វិញ្ញាសាររត់ លក្ខខណ្ឌពួកញ៉ុមស្ពាយសាក់កាដូប្រាំគីឡូក្រាម មួកមួយគីឡូក្រាមកន្លះ រត់បីគីឡូម៉ែត្រ បន្ទាប់មកសែងហ្វ្រង់កាទម្ងន់៥០គីឡូក្រាម…»

កីឡាករម្នាក់ទៀត ជាទាហ៊ានការពារកោះឆ្នេរ មកពីតំបន់ស្រែខ្លុងខេត្តកំពង់ស្ពឺ ទើបតែឆ្លងកាត់វិញ្ញាសាររត់ និងសែងហ្វ្រង់ការួច។ ឋិតក្នុងសភាពហត់ខ្លាំង និងយកទឹកចាក់ស្រោចពេញខ្លួន ដើរផង និយាយផង ប្រាប់ពីវិញ្ញាសារឧបសគ្គទាំង៨បន្ទាប់ទៀតថា៖ «រត់លើជណ្តើរយោល ផ្លោះចំការមីន ផ្លោះជញ្ជាំងកម្ពស់មួយម៉ែត្រកន្លះ បង្វិលកង់ឡាន២០០គីឡូក្រាមគ្នា៨នាក់ លោតហើយលូន ចូលក្នុងលូ៧ទៅ៨ម៉ែត្រ លីអូប័រទម្ងន់២០០គីឡូក្រាម លោតរបាឆ្លាស់គ្នាធ្មេញរណារ និងលូនក្នុងបន្លាលួសចុងក្រោយ»

លោក អ៊ឹម សុទ្ធារិទ្ធិ គឺជាបុគ្គិលមកពីក្រុមហ៊ុនផលិតភេសជ្ជៈមួយក្នុងស្រុក។ លោកថា មូលហេតុដែលមកចូលរួមនេះ គឺដោយសារក្រុមហ៊ុនលោកយកចិត្តទុកដាក់ពីសុខភាពបុគ្គលិក។

លោកជ្រើសរើសយកវិញ្ញាសារធំជាងគេ គឺប្រកួតជាមួយក្រុមកងទ័ពតែម្តង ហើយឈ្នះក្រុមទាហ៊ានខ្លះពេលរត់ និងសែងហ្វ្រង់កាទៀតផង។ ពេលសួរថា មានមតិខ្លះថា ការតាំងសម្ភារៈសឹកគឺជាការបន្លាច។

លោកថា៖ «ខ្ញុំអត់មានអារម្មណ៍ចឹងផង ខ្ញុំគិតថាការរៀបចំនេះល្អ សំរាប់ឲ្យមហាជនយល់ថា នៅកន្លែងកងទ័ពហ្វឹកហាត់គេហាត់របៀបម៉េច។ មហាជនភាគច្រើអត់ដឹងទេ សូម្បីតែខ្ញុំ ទើបតែមកចូលរួមហាត់ជាមួយទើបដឹងថាពិបាកមែនទែន»

ទៅមើលកន្លែងតាំងសម្ភារៈវិញម្តង បុរសម្នាក់ស្លៀកឈុតខ្មៅ ឈរនៅពីមុខចំហៀងខាងស្តាំឡានហាំមឺចិន ប្រាប់ថា លោកគឺក្រុមកម្លាំងពិសេសការពារថ្នាក់ដឹកនាំ។ គ្នាលោកមានបួននាក់សម្រាប់ឈរផ្លាស់ប្តូរគ្នាបង្ហាញជូនអ្នកមកទស្សនា បើថ្ងៃក្តៅខ្លាំង​ មួយម៉ោងទៅមួយម៉ោងកន្លះផ្លាស់ប្តូរគ្នាម្តង។ លោកថា រំភើបពេលប្រជាពលរដ្ឋចាប់អារម្មណ៍សម្ភារៈយោធាដែលតាំងលើកទីមួយនេះ៖ «មិនបាច់ខ្លាចពួកញ៉ុមទេ អាចឈរក្បែរថតជាមួយពួកខ្ញុំបាន ព្រោះខ្ញុំកើតចេញពីប្រជាពលរដ្ឋដូចគ្នា អត់រើសអើងគ្នាទេ កម្មវិធីនេះគឺឲ្យប្រជាពលរដ្ឋថតជាមួយនិយាយជាមួយបាន»

លោកអនុសេនីយ៍ឯក សូ វុទ្ធី មកពីកងពលតូចលេខ៧០ បានពន្យល់ប្រាប់ពីរថពាសដែកទាំងបីគ្រឿងដែលតាំងបង្ហាញ ដែលមានពីរប្រភេទ គឺ BDR DM2 (អាស្គុតកង់បួន) និង BDR 60PB (អាស្គុតកង់ប្រាំបី)។​ លោកធ្លាប់បើកអាស្គុតកង់បួន ចូលសមរភូមិនៅខេត្តព្រះវិហារកាលពីឆ្នាំ២០០៨ លោកប្រាប់ពីអារម្មណ៍ក្នុងកម្មវិធីនេះថា «ប្រជាពលរដ្ឋចូលចិត្តមកថតជាមួយ តាំងពីម្សិលមិញ យប់ម្សិល ពេលថ្ងៃ គាត់ឃើញប្លែក។ ប្រជាជនច្រើនបុកមកថតរថពាសដែលកង់ប្រាំបី ជួនកាលគាត់សួរថាជ័រឬដែក? រំភើបម៉ង មិនដែលមាន…»

អ្នកប្រកួតគិតតែពីប្រកួត ឯប្រជាពលរដ្ឋដែលចូលរួម អ្នកខ្លះមើលការប្រកួតផង ខ្លះដើរថតរូបមួយគ្នាផង ជាមួយសម្ភារៈយោធាផង។ លោកអ៊ំ ប៉ុក សាមឿន នៅស្ទឺងមានជ័យ នាំកូនមកឲ្យស្គាល់ពីកងទ័ព បន្ថែមពីការពេញចិត្តនឹងកម្មវិធីនេះហើយ លោកនិយាយសរសើរដល់ថ្ងៃ៧មករាថា៖ «ខ្ញុំអរគុណជនជាតិខ្មែររបស់យើងដែលភ្ញាក់រលឹករំដោះជាតិយើងឲ្យបានរស់ទាំងអស់គ្នា កាលពីជំនាន់នោះខ្ញុំក៏ពិបាកវេទនាដូចគ្នា ខ្ញុំដឹងថាជីវិតរស់ដោយសារថ្ងៃ៧មករា ព្រោះខ្ញុំឆ្អែកនឹងសង្គ្រាម…»

ពីរនាក់ប្តីប្រពន្ធរួមទាំងកូនតូចពីរនាក់ផង ជិះម៉ូតូចូលមកឈប់ដល់កន្លែងតាំងពិព័រណ៍ផ្ទាល់រួចទាញស្មាតហ្វូនថតរូបបែបសែលហ្វី ប្រាប់ថា សប្បាយចិត្តពេលបានមកចូលរួមនៅពេលនេះ៖ «ថ្ងៃហ្នឹងឆ្លៀត! ខ្ញុំអត់ដឹងថាមានកម្មវិធីទេ ថាមកលេងធម្មតាទេ ដល់មកបានចំកម្មវិធីហ្នឹង យើងមានសពាវុធ យើងមានកងទ័ពគ្រាប់គ្រាន់អាចទប់ទល់ប្រទេសជិតខាងបាន បើអត់មានអាហ្នងពិបាកចិត្តវិញ»

ការប្រកួតកីឡាក៏បានបញ្ចប់ ក្នុងពេលគណៈកម្មការកំពុងរៀបចំចំណាត់ថ្នាក់ មានការបង្ហាញក្បាច់គុណល្បុក្កតោពីក្រុមទាហ៊ានជូនដល់ភ្ញៀវទាំងអស់ទស្សនា។ ជាការកត់សម្គាល់ មានទាហ៊ានស្រីម្នាក់រហ័សនាម «កាឡនតន» បង្ហាញស្នៀតប្រយុទ្ធយ៉ាងអស្ចារ្យ។

តមកលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទអានរបាយការណ៍ និងរឮកពីគោលបំណងនៃព្រឹត្តិការណ៍កីឡានេះ ដើម្បីរំលឹកខួលើកទី៣៨ ថ្ងៃ៧មករា រំលឹកគុណដល់យុទ្ធជន និងស្គាល់ពីតំលៃកងទ័ព។ លោកបន្ថែមថា «ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងកងទ័ពជាមួយមហាជន មន្ត្រីរាជការស៊ីវិល និងយុវជនយើងតាមរយៈការប្រកួតកីឡារួមថ្ងៃនេះ និងបានអនុញ្ញាត​ឲ្យក្រុមកីឡាពីស្ថាប័នស៊ីវិលក៏ដូចជាក្រុមកីឡាករយុវជន និងនិស្សិតយើងទាំងអស់បានរួមគ្នាបញ្ចេញសមត្ថភាព បច្ចេកទេស និងកាយសម្បទារជាមួយកងទ័ព ដោយបានបង្ហាញនូវការគោរពស្រឡាញ់និងការរួបរួមកម្លាំងសាមគ្គីដ៏មានសារសំខាន់ចំពោះកងទ័ពជាមួយមហាជនដូចដែលបុព្វបុរសនិងកងទ័ពសម័យបុរាណធ្លាប់មានពីមុនមកដែរ»

លទ្ធផលប្រកួតក៏បានមកដល់ដៃអ្នកប្រកាសដែលមានដូចជា «ប្រភេទមួយ ចំណាត់លេខមួយបានទៅលើសាលានាយទាហ៊ានសកម្ម លេខពីរ កងពលតូចទ័ពពិសេសឆត្រយោង៩១១ លេខបី កងពលតូចលេខ៣១។ ប្រភេទទីពី ចំណាត់លេខមួយបានទៅលើក្រុមកីឡាករអត្តពលកម្ម លេខពីរ គរុសិ្សក្លាហាន១ លេខបី ក្រុមសាមគ្គី០០១» ។ បន្ទាប់មកអ្នកទទួលបានចំណាត់ថ្នាក់ទាំងអស់ឡើងទទួលពាន និងមេដាយគ្រប់ក្រុម។

នៅចុងបញ្ចប់ម៉ោងជាង១២ថ្ងៃត្រង់ទៅហើយ គឺជាការឡើងថ្លែងបិទកម្មវិធីដោយ លោក ប៉ុល សារឿន អគ្គមេបញ្ជារការកងយោធពលខេមរភូមិន្ទ លោកថ្លែងសរសើរ អបអរ និងអរគុណដល់កីឡាករ និងអ្នកចូលរួមទាំងអស់។ លោកមិនភ្លេចទេ គឺការរំលឹកដល់ថ្ងៃជ័យជំនះ៧មករា ជាថ្ងៃកំណើតទីពីរ។ លោកបានផ្តល់យោបល់ឲ្យមានការយកចិត្តទុកដាក់ហ្វឹកហ្វឺនឲ្យពូកែដើម្បីប្រកួតយកមេដាយក្នុងកម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ «កីឡាករទាំងអស់ក៏ដូចជាយុវជនទាំងអស់ ត្រូវតែមានក្តីសង្ឃឹម និងមហិច្ឆិតាខ្ពស់ប្រកបដោយសុឆន្ទៈមោះមុត ផ្តោតទៅលើគោលដៅមួយដែលនាំឲ្យខ្លួនទទួលបានជោគជ័យ ហើយជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ល្បែលអបាយមុខគ្រប់យ៉ាង។ ទន្ទឹមនឹងនេះ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសេចក្តីសុខសុវត្ថិភាពសំរាប់យើងទាំងអស់គ្នា»

យ៉ាងណាក៏ដោយ កម្មវិធីការប្រកួតកីឡាកងទ័ពកាលពីសប្តាហ៍មុន បានបញ្ចាប់ដោយភាពសប្បាយរីករាយ ទោះជាមានការភ្ជាប់ព្រឹត្តិ​ការណ៍នេះ ជាមួយនឹងថ្ងៃ៧មករា នឹងមានការដាក់តាំង​បង្ហាញសម្ភារៈសឹក ដែលមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ជាចេទនាបង្ហាញសាច់ដុំនិងគម្រាមកំហែងរបស់រដ្ឋាភិបាល ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ជិតមកដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ