គ.ជ.ប អំពាវនាវជាថ្មីឲ្យពលរដ្ឋទៅមើលឈ្មោះឡើងវិញ ខណៈជិតផុតការផ្សាយបញ្ជីឈ្មោះ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧​ ម៉ោង 10:42 AM | បោះឆ្នោត | 0 | 3818 គេហទំព័រសម្រាប់ពិនិត្យមើលឈ្មោះអ្នកបោះឆ្នោត​មានអាសយដ្ឋាន ​www.voterlist.org.kh

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅពិនិត្យឈ្មោះឡើងវិញ ខណៈនៅសល់តែ២ថ្ងៃប៉ុណ្ណោះ ត្រូវផុតកំណត់នៃផ្សាយបញ្ជីឈ្មោះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃពុធ ម្សិលមិញ គ.ជ.ប បានទទូចឲ្យប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្នុងបញ្ជីបោះឆ្នោតដំបូងឡើងវិញ ដោយថាដើម្បីឲ្យពួកគេអាចប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ចៀសវាងបាត់បង់ឱកាសបោះឆ្នោតដោយប្រការណាមួយ។ គ.ជ.ប ឲ្យដឹងថា ប្រជាពលរដ្ឋអាចទៅមើលឈ្មោះពួកគេឡើងវិញនៅតាមឃុំសង្កាត់នានាទូទាំងប្រទេស ឬក៏អាចពិនិត្យមើលតាមគេហទំព័រ www.voterlist.org.kh បានផងដែរ។

ក្នុងករណីបាត់ឈ្មោះដោយពុំត្រឹមត្រូវ  គ.ជ.ប ឲ្យដឹងថា អ្នកពាក់ព័ន្ធអាចប្ដឹងទៅក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ប្រសិនបើ ក្រុមប្រឹក្សាឃុំសង្កាត់បដិសេធបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់ ពួកគេអាចប្ដឹងបន្ដទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ និងអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត បន្ទាប់ពីទទួលបានសេចក្ដីសម្រេចរបស់ គ.ជ.ប។ ចុងក្រោយ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។

បើតាម គ.ជ.ប ការបិទផ្សាយបញ្ជីឈ្មោះដំបូង បញ្ជីឈ្មោះអ្នកត្រូវលុបចេញ និងការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ដែលបានចាប់ផ្ដើមពីថ្ងៃទី៣ មករា​ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះហើយ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required