តុលាការអាមេរិកនឹងបើកសវនាការលើសំណុំរឿង​លោក ហ៊ុន សែន និងកូនប្រុសច្បងនៅដើមខែកុម្ភៈ

លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន

តុលាការ​នៅសហរដ្ឋអាមេរិកនឹងបើកសវនាការនៅដើមខែកុម្ភៈ លើ​សំណុំរឿង​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងសំណុំរឿង “ធ្វើភេរវកម្ម” និង “ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ នេះបើតាមការអះអាងរបស់ដើមបណ្តឹង។

ភរិយារបស់​លោក មាជ សុវណ្ណារ៉ា គឺលោកស្រី ចេមី មាជ (Jamie meach) បាននិយាយក្នុង​វីដេអូឃ្លីប និង​បង្ហោះជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ​ថា តុលាការ​នៅក្នុងក្រុងឡូស​អែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) នឹងបើកសវនាការនៅម៉ោង៨.៣០នាទីព្រឹក​ លើសំណុំរឿង​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត។

លោកស្រី ចេមី មាជ ប្រាប់ទៅជនរួមជាតិដែលគំាទ្រលោក មាជ សុវណ្ណារ៉ា ឲ្យទៅ​ចូល​រួមនិង​តាម​ដាន​ករណី​នេះនៅតុលាការសហរដ្ឋអាមេរិកនោះផងដែរ។ លោកស្រីលើកឡើងដូចនេះថា៖ «ចង់ដឹងព័ត៌មានលម្អិត គឺលោក មូរតុន ក្លា(មេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា) គាត់នឹងអញ្ជើញមក​ ហើយបើកសវនាការនោះគឺនៅថ្ងៃទី២ ខែ២ ឆ្នាំ២០១៧ ម៉ោង៨.៣០នាទីព្រឹក។ តើតុលាការនោះ គេនិយាយកាត់សេចក្តីយ៉ាងណានោះ សូមអញ្ជើញបងប្អូនទៅចូលរួមឲ្យបានច្រើន​នៅសហរដ្ឋអាមេរិក មិនមែនតុលាការប្រទេស​កម្ពុជាទេ»។

ក្រុមមេធាវីអន្តរជាតិដែលការពារលោក សុវណ្ណារ៉ា ធ្លាប់លើកឡើងថា បណ្តឹងរបស់លោកផ្តោតលើករណីអង្គរក្សលោក ហ៊ុន ម៉ាណែត ចាប់បោក លោក ផល ហេរ បណ្តាលឲ្យរងរបួសឆ្អឹងខ្នង កាលពីថ្ងៃទី៩ ខែមេសា ខណៈមន្ត្រីតុលាការរូបនោះយកដីកាជូនលោក ហ៊ុន ម៉ាណែត ពេលគាត់ទៅអាមេរិក។ លោកថា អំពើហិង្សានេះបានរំលោភលើច្បាប់រដ្ឋកាលីហ្វ័រញ៉ានិងរំលោភច្បាប់ជាតិសហរដ្ឋអាមេរិកផង។ ប៉ុន្តែលោកថា ក្រុមមេធាវីលោក ហ៊ុន ម៉ាណែត ទាត់ចោលបណ្តឹងនេះ ដោយអះអាងថាមិនត្រឹមត្រូវតាមនីតិវិធី។

VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃនេះ។

ប៉ុន្តែអ្នកនាំពាក្យ​គណ​បក្សប្រជា​ជន​កម្ពុជាលោក សុខ ឥសាន  មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍តុលាការអាមេរិកសម្រចបន្តនីតិវិធីពាក់ព័ន្ធ​នឹងសំណុំរឿងលោក ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត នោះទេ ដោយលោកថា តុលាការអាមេរិកមិនអាចមានយុត្តាធិការលើអធិបតេយ្យភាពរបស់កម្ពុជាបានទេ៖ “តុលាការអាមេរិកមានយុត្តាធិការឯណា មកគ្របដណ្តប់មកលើឯករាជ្យភាព អធិបតេយ្យ​ភាព​របស់កម្ពុជា​ គាត់កាត់អីកាត់ទៅ ស្រេចតែគាត់”។

នៅពេលសួរថា តើពេលសវនាការថ្ងៃទី២កុម្ភៈ នឹងមានតំណាងរបស់លោកនាយករដ្ឋមន្ត្រី​និង​កូន​ក្រុស​លោក ហ៊ុន ម៉ាណែត ចូលរួមសវនាការដែរឬទេ? លោកឆ្លើយយ៉ាងខ្លីថា ប្រហែលជាមិន​មាន​អ្នកណាចូលស្តាប់​សវនា​ការ​នៅសហរដ្ឋអាមេរិក​​នោះទេ។

មេធាវីលោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ទៀត​ថា “ភេរវកម្មអន្តរជាតិ” ស្ថិតក្រោមច្បាប់ប្រឆាំងភេរវកម្មរបស់អាមេរិក ដោយសារតែមានការចោទប្រកាន់ថាធ្វើទារុណកម្មលើលោក សុណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក កំពុងជាប់ពន្ធនាគារនៅកម្ពុជា។ ក្នុងពាក្យបណ្តឹងពន្យល់ថា ច្បាប់អាមេរិកឲ្យនិយមន័យ “ភេរវកម្មអន្តរជាតិ” ថា ជាទង្វើហិង្សាឬសកម្មភាពដែលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែលរំលោភច្បាប់ព្រហ្មទណ្ឌអាមេរិកឬច្បាប់នៃរដ្ឋណាមួយ។

រីឯមេធាវីកម្ពុជា​លោក​ ហុង គឺមសួរ បានពន្យល់តាមនីតិវីធីច្បាប់ជាទូទៅថា បើបុគ្គលណាមួយបានប្រព្រឹត្តបទល្មើស ”ភេរវកម្មអន្តរជាតិ” តុលាការអន្តរជាតិមានសិទ្ធិយកសំណុំរឿងនោះទៅជម្រះបាន ដើម្បី​​ការពា​រ​សិទ្ធិប្រជាពលរដ្ឋទូទៅក្នុងពិភពលោក។

គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់ពាក្យបណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពីបទ”ធ្វើភេរវកម្ម”និង”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យបណ្តឹងនោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំឲ្យមានការចាប់ខ្លួននិងកាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ