សាលាដំបូងរាជធានីភ្នំពេញបានសម្រចចោទប្រកាន់ និងឃុំខ្លួនមន្ត្រីនគរបាលស័ក្កិ៤នៃក្រសួងមហាផ្ទៃដែលបានធាក់ផ្តួលនគរបាលចរាចរណ៍ចំទ្រូងឲ្យដួលដាច់ផ្ងាទៅក្រោយ ដើម្បីបន្តនីតិវិធី។
កាលពីថ្ងៃទី៩ មករា នគរបាលពាក់ស័ក្តិ៤ដែលមានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ធ្វើការនៅការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធាក់ លោក អឿន ចំណាន ជាមន្ត្រីនគរបាលជាប់កិច្ចសន្យា ចំទ្រូងមួយជើងបណ្តាលឲ្យដួលដាច់ផ្ងាទៅក្រោយ ខណៈមន្ត្រីជាប់កិច្ចសន្យារូបនេះ ឃាត់រថយន្តលោកស័ក្តិ៤ ដែលថាបានបើកបរខុសច្បាប់ចរាចរណ៍ នៅម្តុំស្តុបត្រឡោកបែក រាជធានីភ្នំពេញ។ លោកត្រូវបានឃាត់ខ្លួនទៅតុលាការបន្ទាប់ពីវីដេអូហិង្សានេះត្រូវបានគេយកទៅផ្សព្វផ្សាយតាមបណ្តាញសង្គម។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសារអេឡិចត្រូនិចតេលេក្រាម អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានឲ្យដឹងកាលពីម្សិលមិញថា ឈ្មោះ សៅ បញ្ញា ត្រូវបានស្ថាប័នអយ្យការសម្រេចចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសំគាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈតាមមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។
តាមបទចោទនេះជនត្រូវចោទអាចប្រឈមនឹងទោសជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ។
គួររំលឹកផងដែរកាលពីអំឡុងខែមិថុនាឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រិត្យភ្លាមៗ ឲ្យដកតំណែង អគ្គនាយករងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃលោក ម៉ម ស្រីមវណ្ណា ដោយសារតែពេលនោះ នាយឧត្តមសេនីយផ្កាយ៣រូបនេះ បើករថយន្តមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កឲ្យប៉ះពាក្យសម្តីជាមួយនគរបាលពាក់ស័ក្តិ១លោក សូត្រ កញ្ញា ដែលជាប៉ូលិសចរាចរណ៍។
ប៉ុន្តែក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះនៅពេលនោះ លោក ហ៊ុន សែន បានផ្តូរចិត្តវិញ ដោយប្រកាសលុបចោលអនុក្រិត្យដកដំណែងនោះ វិញ ក្រោយពីមានកិច្ចអន្តរាគមន៍សម្របសម្រួល រវាងលោកផ្កាយ៣ ម៉ម ស្រីមវណ្ណា និងលោកស័ក្តិ១ សូត្រ កញ្ញា៕