កម្មករជិត២០នាក់នៅរោងចក្រ Evergreen ក្នុងខណ្ឌសែនសុខដួលសន្លប់ជាបន្តបន្ទាប់​

កម្មការិនី​ដែ​លដួលសន្លប់​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យព្រះកុសមៈ (រូបពីហ្វេសប៊ុកសហជីពសេរីកម្មករ)

កម្មកររោងចក្រកាត់ដេរអេវើហ្គ្រីន(Evergreen)ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃសុក្រនេះ កម្មករជិត២០នាក់ក្នុងរោងចក្រនេះបានដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យបណ្ដាលមកពីឧស្ម័ននៅក្នុងរោងចក្រ។

កម្មការិនីកាត់ដេរម្នាក់នៅរោងចក្រអេវើហ្គ្រីនឈ្មោះ ឫទ្ធី បានឲ្យវីអូឌីដឹងថា នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃសុក្រនេះ កម្មករនៅក្នុងរោងចក្របានដួលសន្លប់បន្តបន្ទាប់គ្នា ដោយភាគច្រើនសុទ្ធតែជាស្ត្រី។ កម្មការិនីរូបនេះបន្តថា គេនៅមិនទាន់ដឹងមូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះនៅឡើយទេ តែសង្ស័យមកពីឧស្ម័ននៅក្នុងរោងចក្រ។

អ្នកនាង ឫទ្ធី បានឲ្យដឹងថា៖ “ដំបូងឮគេថាមកពីមានខុសមាត់ខុសករ ប៉ុន្ដែមានកម្មករផ្សេងទៀតគាត់ចេញហើយគាត់ចូលទៅវិញគាត់ថាមានក្លិនអីធំស្អុយៗចឹង ដូចយើងថាឧស្ម័នអីចឹងណាចា អ៊ីចឹងព័ត៌មានវាផ្សេងៗគ្នា”។ អ្នកនាងបន្តថា៖ “ប៉ុន្ដែបើតាមខ្ញុំឃើញហ្នឹង ឃើញអឺមានកម្មករហ្នឹងសន្លប់ម្នាក់ បន្ទាប់មកមានពីរនាក់នៅជិតៗគ្នាវាមិននៅឆ្ងាញឯណា ហើយបន្ទាប់មកទៀតគឺមានបីបួននាក់ទៅសន្លប់តៗគ្នាគាត់ឃើញផ្សែងឃើញអីចឹងទៅគាត់ស្លុតគាត់អីចឹងទៅតៗគ្នា ហើយរហូតដល់ពេលគេជ្រួលច្រាលចេះចេះក៏មានកម្មករសន្លប់ឃើញចឹងក៏តគ្នា ដោយមានអ្នកខ្លះយំ អ្នកខ្លះឈឺក្បាល អ្នកខ្លះអីចឹងទៅ”

កម្មការិនីរូបនេះឲ្យដឹងទៀតថា កម្មករដែលបានដួលសន្លប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ ដើម្បីធ្វើការត្រួតពិនិត្យ និងព្យាបាល ហើយកម្មករទាំងអស់ត្រូវបានខាងរោងចក្រអនុញ្ញាតឲ្យឈប់សម្រាក១ថ្ងៃ។

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី មានប្រសាសន៍ថា លោកពុំបានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យកម្មករដួលសន្លប់នោះទេ តែលោកសន្និដ្ឋានថាអាចបណ្ដាលមកពីកម្មករទាំងនោះពុំមានអាហារគ្រប់គ្រាន់ ធ្វើឲ្យសុខភាពពួកគេខ្សោយនិងឆាប់តក់ស្លុតពេលមានហេតុការណ៍អ្វីមួយកើតឡើង។

វីអូឌីមិនទាន់អាចស្វែងរកការបំភ្លឺពីភាគរោងចក្រអេវើហ្គ្រីន(Evergreen)បាននៅឡើយទេពីករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ