ក្រសួងកសិកម្មគ្រោងផ្ទេររដ្ឋបាលព្រៃឈើ និងជលផលទៅឲ្យមន្ទីរតាមខេត្តជាអ្នកគ្រប់គ្រង​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំធ្វើវិសោធនកម្មច្បាប់ដើម្បីផ្ទេរការគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ និងជលផលទៅឲ្យមន្ទីរនៅតាមរាជធានីខេត្តជាអ្នកគ្រប់គ្រងវិញ ដោយបញ្ជាក់ថា ដើម្បីស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាល។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះថ្ងៃទី៨ ខែកុម្ភៈ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលព្រៃឈើ និងជលផលនេះធ្វើឡើងតាមការសម្រេចរបស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងការកែសម្រួលសមត្ថកិច្ចនៃការគ្រប់គ្រងលើខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល។

លិខិតដដែលបន្តថា យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីចុងឆ្នាំ២០១៥នោះ ក្រសួងកសិកម្មបានសម្រេចបំពេញបន្ថែមភារកិច្ច និងប្ដូរឈ្មោះពីមន្ទីរកសិកម្មទៅជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។ លិខិតបន្តថា ក្រសួងក៏បានសម្រេចធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីជលផលផងដែរ។

អ្នកនាំពាក្យក្រសួងកសិកម្មលោក ឡោ រស្មី បានឲ្យវីអូឌីដឹងបន្ថែមថា បច្ចុប្បន្នខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីថ្នាក់ក្រសួងនៅឡើយ។ លោកបន្តថា ការផ្ទេរការគ្រប់គ្រងទៅកាន់មន្ទីររាជធានីខេត្តនេះជាការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងជាការកំណែទម្រង់វិស័យព្រៃឈើ និងវិស័យជលផល។

លោក ឡោ រស្មី បន្តទៀតថា ការផ្ទេរការគ្រប់គ្រងនេះអាចសម្រេចទៅបានលុះណាតែមានការសម្រេចចុងក្រោយពីរាជរដ្ឋាភិបាល ដោយលោកថាអាចចំណាយពេលប្រមាណ៦ខែទៀត។ ចំពោះប្រសិទ្ធិភាពនៃការអនុវត្តវិញ លោកថា ត្រូវរង់ចាំមើលការសម្រេចជាចុងក្រោយពីរាជរដ្ឋាភិបាលជាមុនសិន។

លោក ឡោ រស្មី ឲ្យដឹងដែរថា មូលហេតុដែលក្រសួងកសិកម្មផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺដើម្បីស្នើសុំពិនិត្យ និងផ្តល់មតិណែនាំលើសេចក្ដីព្រាងនៃការធ្វើវិសោធនកម្មច្បាប់ស្តីព្រៃឈើ និងច្បាប់ស្តីជលផល ដោយលោកថា គណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់​ភារកិច្ច​ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នកដឹកនាំការងារនៃការធ្វើការកែសម្រួលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ