ប្រជាពលរដ្ឋចោទអាជ្ញាធរខេត្តព្រះវិហារថារារាំងពួកគេមិនឲ្យបង្កើតសហគមន៍ការពារព្រៃឈើ​

ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារ​អះអាងថាអភិបាលស្រុកឆែប​បានរារាំងពលរដ្ឋ​ជិត៣៦០​នា​ក់មិន​ឲ្យ​​ពួក​គេបង្កើត​សហគមន៍ការពារ​ព្រៃ​ឈើ និងព្រមានចាប់ខ្លួនអ្នកដឹកនាំដោយអះអាងថាពួកគាត់ធ្វើ​ខុសនិ​តិវិ​ធី​ច្បាប់។

តំណាងពលរដ្ឋនៅឃុំម្លូព្រៃ១ ស្រុកឆែបលោក អ៊ុំ សារិទ្ធ ប្រាប់VODថានៅព្រឹក​ថ្ងៃព្រហស្បតិ៍មិញ​​ថា ​អភិ​បាល​​ស្រុកឆែបលោក សុខ សាន្ដតារា បានដកយកឯកសារ​ស្នាម​មេដៃ​អ្នកភូមិ៣៥៩នាក់​ស្នើសុំ​បង្កើតស​ហគម​ន៍​​ការ​ពារព្រៃឈើនៅតំបន់​ព្រៃព្រះ​រការយកទៅទុកចោល​ដោ​យ​​ចោទ​ថា ពួក​គាត់​ធ្វើខុសច្បាប់។ លោកបន្ដថាអភិ​បាល​ស្រុករូបនោះបាន​ព្រមានថានឹងចាប់ខ្លួន​រូប​លោក​បើធ្វើ​សកម្ម​ភាព​ប្រ​មូលស្នាមមេដៃបន្ដទៀត។ លោកបន្ថែមថាពួកគាត់គ្រាន់ចង់ការពារព្រៃ​ព្រះរការនោះទុក​សម្រាប់​​កូនចៅជំ​នាន់ក្រោយ។ លោកបន្តថា៖ “មិនដឹងដែរគេថាពួកខ្ញុំនេះ ខុសច្បាប់តែមិនដឹងខុសច្បាប់រឿងអីគ្រាន់តែសុំស្នាមមេដៃរបស់ប្រជាពលរដ្ឋដើម្បីសុំយកដីនោះមកការពារជារួមទាំងអស់ជាមួយ​សមត្ថកិច្ច​នោះផងបាទ ប៉ុន្តែគេថាពួកខ្ញុំធ្វើអត់ត្រឹមត្រូវបាទមិនដឹងដែរមិនដឹងខុសពីចំណុចអី”។

តំណាងពលរដ្ឋមួយរូបទៀតលោក ជឿន ជួន សម្ដែងការខកចិត្ដចំពោះអាជ្ញាធរដែលបានហាម​ឃា​ត់​​ពួកមិន​ឲ្យបង្កើត​សហគមន៍ការពារព្រៃឈើនេះ។ លោកអះអាងថាតាមការចុះល្បាតកន្លងមកតំបន់​ព្រៃ​ព្រះ​​ឈើនេះកំពុងរងការបាត់បង់ជាបណ្ដើរដោយ​លោកថា សមត្ថកិច្ចនិងមន្ដ្រីជំនាញមិន​យកចិត្ដទុកដាក់​ទប់ស្កាត់និងការពារនោះទេ ផ្ទុយទៅវិញពួកគេបានឃុបឃិតគ្នាធ្វើបទល្មើសជាបន្ដបន្ទាប់។

ករណីនេះអភិបាលស្រុកឆែបលោក សុខ សាន្ដតារា មានប្រសាសន៍ថាការហាមឃាត់នេះដោយ​សារ​ព្រៃព្រះរការ​នេះត្រូវ​បាន​បញ្ចូល​ជាព្រៃអភិរក្សដែលគ្រប់គ្រងដោយអង្គការមួយឈ្មោះ​​​ WCS រួចទៅហើយ ប៉ុ​ន្ដែលោកថាពលរដ្ឋ​អាចចូលរួម​ទប់ស្កាត់​ការពារព្រៃ​ឈើជាមួយសមត្ថកិច្ចនិងអង្គការនោះបាន។ លោកបន្ថែមថា៖ “ខ្ញុំមិនមែនមិនឲ្យបង្កើតទេព្រោះនីតិវិធីវាពាក្យថាសហគមន៍ដីហ្នឹងលុះ​ត្រាតែជាដីនៅទំនេរទើបបង្កើតសហគមន៍បានតែបើដីមានម្ចាស់ហើយប្រៀបបានដូចជាស្ត្រីម្នាក់ចឹងបើគេចែចូវគេភ្ជាប់ពាក្យហើយយើងទៅ​ក្រោយគេម៉េចអោយ”។

​ទោះយ៉ាង​ណាលោក សុខ​ សាន្ដតារា ​ទទួលស្គាល់ថាព្រៃព្រះរការនោះ​មានបទល្មើសកាប់បំផ្លាញព្រៃឈើ​ជារៀង​រាល់​ថ្ងៃដោយសារព្រៃអភិរក្សមានទំហំធំខណៈសមត្ថកិច្ចនិងមន្ដ្រីជំនាញមានកំលាំងមិនគ្រប់គ្រាន់។

មន្ដ្រីតស៊ូមតិនៃអង្គការពន្លកខ្មែរនៅខេត្ដព្រះវិហារលោក ប៉ឹក សោភណ្ឌ មានប្រសា​ស​ន៍​​ថា​​ការរា​រាំងមិនឲ្យ​ពលរដ្ឋបង្កើត​សហគមន៍​ការពារព្រៃឈើនេះ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​ដោយ​លោក​សង្ស័យថាអាជ្ញាធរអាច​មាន​គម្រោង​ទុក​​ព្រៃព្រះរការ​នោះ​សំរាប់វិនិយោគ​ឲ្យ​ក្រុម​ហ៊ុនឯកជន​ណាមួយ​ធ្វើការ​អភិវឌ្ឍ។

លោកថាបើតាមប្រជាសហគមន៍និងអាជ្ញាធរស្រុកឲ្យដឹងថា​តំបន់ព្រៃឈើព្រៃព្រះរការនោះជាព្រៃ​ធំ​ចុង​​ក្រោយ​បន្ទាប់​​ពីព្រៃឡង់ដែលមាន​ទំហំជិត១០ម៉ឺន​ហិកតា(៩៩.៨០០ហិកតា)ស្ថិតនៅជាប់ព្រំប្រទល់បី​ស្រុករួម​មាន​​ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំងក្សាន្ដ ក្នុងខេត្ដព្រះវិហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ