បក្សប្រឆាំងទុកតំណែងប្រធានបក្សរបស់លោក សម រង្ស៊ី ឲ្យនៅទំនេរ

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

មន្ត្រីអះអាងថា ការជ្រើសរើសមេបក្សថ្មី មកជំនួសតំណែងលោក សម រង្ស៊ី នឹ​ង​ត្រូ​វធ្វើឡើង​ប្រមា​ណជា​ពីរ​ឆ្នាំទៀត ដោយថាជាការអនុវត្តតាមលក្ខខន្តិកៈ​រប​ស់​គ​ណ​ប​ក្ស​​ ពោលគឺរក្សា​តំណែងប្រ​ធាន​គ​ណប​ក្ស​ប្រឆាំងនេះ​​​ឲ្យនៅទំនេរ ខណៈស្ថានការណ៍​នយោបាយកំពុងតានតឹង។

កាល​ពីថ្ងៃទី១១ខែ​កុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិ លោក​ សម រង្ស៊ី បានប្រកា​​ស​ដក​ខ្លួ​ន​ឈប់ធ្វើជា​មេប​ក្ស​​ ដោ​យគ្រាន់​តែ​ប្រាប់​ថា ដោយសារ​មូល​ហេតុ​ផ្ទាល់​ខ្លួន។

ក្នុងសន្និសិទសារព័ត៌មាននៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាថ្ងៃទី១២ខែ​កុម្ភៈនេះ អ្នកនាំពាក្យលោក យឹម សុវណ្ណ អាងថា គណបក្សបានទទួលយកការសុំលាឈប់​របស់លោក សម រង្ស៊ី ហើយ​។ លោ​ក​​​បន្ថែម​​ថា លោ​ក កឹម សុខា ជាអនុប្រធានស្រាប់ នឹងឡើងធ្វើជាប្រធានស្តីទី។

លោក យឹម សុវណ្ណ បន្តថា បេក្ខជនថ្មី​សម្រាប់មកកាន់តំណែង​ជាប្រធានគណបក្ស​ជំនួស​លោក​ សម រង្ស៊ី លោក​ថា គណបក្សមិនទាន់បានគិតទេ។ ប៉ុន្តែ លោកបង្ហើបថា បើតាមលក្ខខន្តិកៈ​របស់គណបក្សប្រធា​ន​​បក្ស​ថ្មី នឹងត្រូវជ្រើសតាំងឡើងអំឡុងពេលសមាជបក្ស​ នាថ្ងៃទី៧ខែមេសាឆ្នាំ២០១៨។

អ្នកនាំពាក្យបក្សប្រឆាំងរូបនោះ ប្រកាសដែរថា លោកនឹងមិនឆ្លើយ​នឹងសំនួរណា ​ដែលចង់​ដឹងពីមូល​ហេតុ​នៃ​​ការលាឈប់​របស់លោក សម រង្ស៊ី ទេ ដោយជំរុញឲ្យអ្នកសារព័ត៌មាន សុំការពន្យល់ផ្ទាល់​ពីលោក សម រង្ស៊ី ផ្ទាល់​តែ​ម្ដង ដែលកំពុងតែ​រស់​នៅ​និរទេសខ្លួនឯ​នៅក្រៅប្រទេស។

ប៉ុន្តែ លោក យឹម សុវណ្ណ បានការពារថា ការលាឈប់​របស់លោក សម រង្ស៊ី ជាគំរូល្អដល់អ្ន​កនយោបា​យពេលនេះ ក៏ដូចទៅថ្ងៃអនាគត ដោយ​ថា ឲ្យហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបញ្ហាផ្សះផ្សាជាតិនិងការ​បង្រួប​បង្រួ​មជាតិ។

នៅថ្ងៃនេះដែរ លោក សម រង្ស៊ី បានបង្ហោះវីដេអូឃ្លីប​លើហ្វេសប៊ុក​របស់លោកបញ្ជាក់ថា មូលហេ​តុដែ​លលោកលាឈប់នោះ មិនមែនគ្រាន់តែ​ការពារកុំឲ្យគេរំលាយគណបក្សទេ ប៉ុន្តែ លោក​ក៏​ថា «លោកហ៊ានលះ​​បង់ដល់អាយុជីវិតទៀត កុំឲ្យតែជាតិស្លាប់»។

បើទោះជាលោក សម រង្ស៊ី និយាយមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែនៅពេលថ្មីៗ លោក ហ៊ុន សែន បាន​ជំរុ​​ញឲ្យតំណាងរាស្ត្រ​របស់លោក ធ្វើវិសោធនកម្មច្បាប់ត្រង់មាត្រាមួយចំនួន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វិធានការ​របស់លោក ហ៊ុន សែន នោះអាចនឹង​ឈាន​ទៅរំ​លា​​យគណបក្សសង្គ្រោះជាតិ។

ច្បាប់ថ្មី ដែលកើតក្រោយធ្វើវិសោធនកម្មនោះ លោក ហ៊ុន សែន លើកឡើងថា ត្រូវចែងថា អ្នក​នយោ​បា​យដែល​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​មានទោស មិនត្រូវឲ្យធ្វើជាប្រធានបក្ស ឬ​​អនុ​ប្រធានទេ ខណៈដែលលោក សម រង្ស៊ី កំពុង​ឡោ​មព័​ទ្ធដោ​យ​បណ្តឹង​ពីបក្សកាន់អំណាច។

ទោះ​​ជាយ៉ាងណា អ្នកវិភាគនិងក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកថា ជម្រើសលាលែងពី​តំណែង​រ​បស់​លោក សម រង្ស៊ី នេះ ពួកគេថា ជាជម្រើសដ៏វៃឆ្លាតមួយ ជួយបញ្ចុះ​កម្តៅនយោបាយ និងអាច​ជាយុទ្ធសាស្ត្រ​​ ដើ​ម្បី​​​ឈានទៅសម្រេចគោលដៅប្តូរមេដឹកនាំបក្សកាន់អំណាចដោយសន្តិវិធី ក្រោយការបោះ​ឆ្នោត​ឆ្នាំ២​០១៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ