ក្រុម​សង្គម​ស៊ីវិល​បញ្ចេញ​មតិ​ចម្រុះ​ក្រោយ​ពី​លោក សម រង្ស៊ី លាលែង​ពី​បក្ស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្សុី

អ្នកវិភាគ និងក្រុមអង្គការសង្គ​សស៊ីវិលមួយចំនួន បានប្រើបណ្តាញសង្កម បង្ហាញទស្សនៈផ្លាល់ខ្លួនថា ការ​ដែ​​លលោក សម រង្ស៊ី ប្រកាសឈប់ធ្វើជាប្រធានគណបក្សប្រឆាំង ពួកគេថា ជាគំរូបញ្ជាក់ថា មិ​នក្រាញ​អំណា​​ច និង​ថា ជាចរន្តចង់ជំរុញឲ្យដល់គោលដៅនៃផ្លាស់ប្តូរដោយសន្តិវិធី ក្រោយការបោះឆ្នោត។

ក្នុង​លិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅ​និរ​ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ បាន​ប្រកាសថា លោកសុំឈប់ធ្វើជាមេបក្សប្រឆាំ​ងដ៏ធំមួយ​នេះ ​ចាប់​ពី​ថ្ងៃ​​​​ចុះ​ហ​​ត្ថលេ​​​ខានេះទៅ ដោយគ្រាន់​តែ​ប្រាប់​ថា មាន​មូល​ហេតុល​ផ្ទាល់ខ្លួន។

ការប្រកាសលាឈប់​របស់លោក សម រង្ស៊ី នេះ បានធ្វើឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយ​យពី​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យតំណាងរាស្ត្ររបស់លោក​កែមាត្រា​មួយ​ចំនួន​នៃ​ច្បាប់​គណបក្ស​នយោបាយ ដែល​ជា​ការ​ប៉ុន​ប៉ង​ដើម្បីផាត់លោក សម រង្ស៊ី  ចេញពីឆាកនយោបាយ ដោយថា ច្បា​ប់ថ្មីនោះ​មិនអនុ​ញ្ញាតិឲ្យ​អ្នកនយោ​បា​យ​មា​​នទោសធ្វើ​ជា​​ប្រ​​ធា​​នបក្ស ឬអនុប្រធានទេ ខណៈលោក សម រង្ស៊ី កំពុងឡោមព័ទ្ធ​ទៅ​ដោយបណ្តឹង​ពីបក្សកា​ន់អំណាច។

នាយ​កប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា សរសេរលើបណ្តាញសង្គមថា ការប្រកាសលាលែង​រប​ស់លោក ​សម រង្ស៊ី  លោកថា ជាជម្រើសល្អមួយ ដើម្បីគេចចេញ​ពីការដាក់ស​ម្ពា​​ធផ្នែ​ក​នយោបាយ និងថា ជា​ចរន្ត​បង្កើ​នឥទ្ធិពលឲ្យការផ្លាស់ប្តូរអំណាចនយោបាយ​បែបសន្តិវិធី។

លោកថា៖ «ជាច្រកចេញសម្រាប់ចលនាគណបក្សនេះ ក្នុងសម្ពាធនយោបាយក្នុងស្រុក និងបរិយាកាស​​យោ​​បាយអន្តរជាតិថ្មី។ ហាក់ដូចមិនទាន់មានសញ្ញានៃការបែកបាក់ផ្ទៃក្នុង បើទោះបីរងសម្ពាធនៃល្បិចន​​​យោ​​បាយជាមួយការបំពានអំណាចក៏ដោយ។ ច្រកចេញនេះ ក៏អាចបង្កើតឱកាសនៃនយោបាយសកម្មបន្តនិងអាចជម្រុញឥទ្ធិពលលើការផ្លាស់ប្តូរការដឹកនាំអំណាចនយោបាយបែបសន្តិវិធី»

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោក ចាន់ វិបុល សរសេរលើហ្វេសប៊ុកថា ការ​ស​ម្រេ​ចចិត្ត​របស់​លោក សម រង្ស៊ី លោកថា ជាប្រវត្តិសាស្រ្ត ដែលនឹងទទួលបានកិត្តិយស​ពីជាតិ និងប្រជាជនរបស់ខ្លួន។​

លោក ចាន់ វិបុល​ សរសេរទៀតថា៖ «ការប៉ុនប៉ងយកច្បាប់មករំលាយគណបក្សសង្គ្រោះជាតិ ១. ជាការព្យា​យាមប្រើ​អំណាច​​ផ្ទុយ​ពី​​ឆន្ទៈរាស្ត្រ និងប្រជាជាតិ ២.​ ជានយោបាយបំផិតបំភ័យ . ជាកា​​រ​បង្ហាញ​ពីភាព​ខ្សោយរបស់គណបក្សកាន់អំណាច និងការចុះចាញ់មុនពេលប្រកួត​តាគោលការណ៍ប្រជាធិបតេយ្យ ៤.បង្ហាញពីចរិតមិនចង់ផ្សះផ្សារជាតិ ឯកភាពជាតិ និង​ជា​តិនិ​យ​ម ៥. បំផ្លាញគណបក្សខ្លួនឯង និងសេចក្តីសុខសាន្តរបស់ប្រជាជាតិ និងប្រជាជនខ្លួនឯង»

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម និងនយោបាយលោក គឹម សុខ បានប​ញ្ចេញយោ​បល់​ដែរថា ការលា​លែងរបស់លោក សម រង្ស៊ី ជាយុទ្ធសាស្ត្រឈានទៅ​សម្រេច​គោល​ដៅ​នៃចរន្តផ្លាស់​ប្តូរមេដឹកនាំដោ​យ​​ស​​ន្តិវិធី តាមរយៈនៃការបោះឆ្នោត នាពេលខាងមុខ និងថា ​ជាកា​រវា​យបក្សវិញ​ទៅ​លោក ហ៊ុន សែន។

លោកសរសេរថា៖ «ប្រមុខរដ្ឋាភិបាលបាននិយាយនៅទីសាធារណៈជាញឹកញាប់នៅមុខប្រជារាស្ត្រទាំងយកទៅផ្សាយតាមទូទស្សន៍ ក្នុងសម្តីថា បើចង់ឲ្យគាត់ចុះចេញពីតំណែងតួនាទីនាយករដ្ខ​​មន្ត្រី លុះត្រាតែលោក សម រង្ស៊ី ឈប់ធ្វើប្រធានបក្សប្រឆាំងដែរ។ ឥឡូវ លោក សម រង្ស៊ី លាលែងហើយ!!! មេដឹកនាំគំរូត្រូវផ្តើមចេញពីការចេះគោរពពាក្យសន្យា​​របស់ខ្លួន ដែលយ៉ាងហោចណាស់ធ្វើឲ្យបានតាមសម្តីនិយាយនៅចំពោះមុខរាស្ត្រ បើមិនដូច្នេះទេ គឺក្បត់រាស្ត្រ»

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បង្ហាញទស្សនផ្ទាល់ខ្លួនដែរថា កា​រសម្រេចរបស់លោក សម រង្ស៊ីនេះ លោកថា មានភា​ពវិជ្ជ​មានផ​ង និងអវិជ្ជ​មាន​ផង សម្រាប់ស្ថានការនយោបាយបច្ចុប្បន្ន។

លោកសរសេរថា៖ «ផលចំណេញដូចជា៖​ ធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិឃើញពីផលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងមើលឃើញយុទ្ធសាស្ត្រ ដែលមានភាពចម្រូងចម្រាស់​របស់បក្សកាន់អំណាច ហើយអាចនឹងមានការរិះគន់ ឬការដាក់សម្ពាធ​ណាមួយពីសហគមន៍អន្តរជាតិ។ បង្ហាញនូវភាពមិនអាត្មានិយម និងបង្កើនប្រជាប្រិយភាពរបស់ខ្លួនទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ចុះតើបក្សកាន់អំណាចទទួលបានផលចំណេញអ្វីខ្លះ​ពីការដែលលោក សម រង្សីលាលែងពីមុខតំណែងជាមេបក្ស? ចម្លើយ៖ គឺពិតជាមាន៖ ក) បានសម្រេចគោលបណងទី១ គឺចង់រារាំង លោក សម រង្សី មិនឲ្យធ្វើមេបក្ស ហើយពេលនេះ លោក សម រង្សី បានបាត់បង់មុខតំណែងនេះមែន ខ) ធ្វើឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិខ្លះមានភាពច្របូកច្របល់ក្នុងចិត្ត អស់ង្ឃឹម និងលែងចង់ទៅបោះឆ្នោត»

ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា វិញសរសេរខ្លីថា ការប្រ​កា​ស​លា​លែង របស់លោក សម រង្ស៊ី នេះ«យ៉ាងហាចណាស់ បញ្ជាក់ថា គាត់មិនក្រាញ់អំណាច!»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ