​សមាគម​អ្នករត់​ម៉ូតូឌុប​ឃាត់ខ្លួន​អតីត​អ្នក​បើ​ករថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​៧​នាក់​

អ្នក​បើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល និង​សមត្ថកិច្ចក្នុងសាលាសង្កាត់(រូបថត៖ណាត សុភាព)

​សមាគម​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​សមាគម​របស់​អ្នករត់​ម៉ូ​ឌុប និង ម៉ូតូ​កង់​បី​បាន​ឃាត់ខ្លួនអតីត​អ្នកបើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ចំនួន​៧​នាក់​នៅ​ព្រឹក​នេះ នៅពេល​អតីត​អ្នក​បើក​ឡាន​ទាំងនោះ​ធ្វើ​សកម្មភាព​ចុះ​ចែក​ខិតប័ណ្ណ​នៅតាម​ផ្លូវ​។​

​នៅ​ព្រឹក​នេះ​អតីត​អ្នក​បើ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ចំនួន​១៦​នាក់ ចុះ​ចែក​ខិតប័ណ្ណ នៅតាម​ផ្លូវ​នៅ​ក្បែរ​ផ្សារ​ដើមគ ក្នុង​ខិតប័ណ្ណ​នោះ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់ សេវា​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល និង សេវា​របស់​សមាគមន​រួម​គ្នា​អភិវឌ្ឍន៍​កម្ពុជា ដោយ​ក្នុងលិខិតបញ្ជាក់​ថា ស្ថាប័ន​ទាំង​ពីរ​នេះ រំលោភ​ច្បាប់​និង​ប្រើ​ហិង្សា លើ​អតីត​អ្នកបើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​។​

​នៅពេល​កំពុង​ចុះ​ចែក​ខិតប័ណ្ណ សមាជិកសមាគម​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា ប្រមាណ ១០០​នាក់ បាននាំគ្នា​ឃាត់ខ្លួន​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​មិន​ឲ្យ​បន្ត​សកម្មភាព ហើយក៏ទាក់​ទង​សមត្ថកិច្ច​ដើម្បី​ឲ្យ​នាំ​ខ្លួន​អតីត​អ្នកបើករថយន្ត​ទាំងនោះ​ទៅ​សាកសួរ​នៅ​សាលា​ខណ្ឌ​ចំការមន​។​

​នាយក​រដ្ឋបាល​នៃ​សាលា​ខណ្ឌ​ចំការមន​លោក នុយ ​ប៊ុន​សេរី​រ័ត្ន​មុន្នី ថ្លែងថា នេះ​មិនមែន​ជា​ការឃាត់ខ្លួន​ទេ គ្រាន់​តែ​ហៅ​អ្នក​ចែក​ខិតប័ណ្ណ​ទាំងនោះ​មក​ណែនាំ ដោយបញ្ជាក់ថា ការចែក​នេះ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។​

​ពេល​អ្នកសារព័ត៌មាន​សួរថា ហេតុ​អ្វី​នាំ​តែ​អតីត​អ្នក​បើ​ករថយន្ត​កា​ពី​តូ​ល​ណែនាំ មិន​ហៅសមាជិកសមាគម​អ្នក​រត់​ម៉ូតូ​ណែនាំ​ផង ព្រោះ​ក្រុម​នេះ​មិន​មាន​សមត្ថកិច្ចដើរ​ឃាត់​សកម្មភាពអ្នក​ដទៃ​ទេ​? សំនួរ ប្រធានការិយាល័យ​អន្តរ​វិស័យ និង​ជា​ប្រធាន​សណ្តាប់ធ្នាប់​នៃ​សាលាខណ្ឌ​ចការ​មន ​លោក អ៊ីវ ថា​វី មិន​អត្ថាធិប្បាយ​ទេ​។​

​ទោះយ៉ាងណា អតីត​អ្នកបើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ត្រូវ​សមត្ថកិច្ច ដោះលែង ឲ្យមាន​សេរីភាព​វិញ​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ បន្ទាប់ពី​ពួកគេ​ចុះកិច្ចសន្យា​យប់​ដើរ​ចែក ខិតប័ណ្ណ​ដោយ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។​

​តែ​លោក វណ្ណា រ៉ង អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​ថ្លែង​បន្ទាប់ពី​ចុះ​កិច្ចសន្យា​ថា លោក​គ្រាន់តែ​ចុះកិច្ចសន្យា​បណ្ណោះអាសន្ន​ប៉ុណ្ណោះ ហើយ​លោក​នឹង​ស្នើ​សុំទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សកម្មភាព​ចែក​ខិតប័ណ្ណ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន កា​ពី​តូ​ល និង សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​បន្ត​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ