យុវជន​៤​នាក់​ដែល​បញ្ចាំង​វីដេអូ​ឃាតម្ម​លោក កែម ឡី ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 3:38 PM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 22274
Previous Next

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​យុវជន ៤​នាក់ នៅ​ឯ​សង្កាត់​ទួលសង្កែ នៅ​រសៀល​ថ្ងៃ​នេះ អំឡុង​ពេល​ពួកគេ​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​ឃាតកម្ម​លោក កែម ឡី នៅ​ក្នុង​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ប្រាប់​ថា​កំពុង​ស្ថិត​នៅ​ជាមួយ​ក្រុម​យុវជន​​នោះ បាន​ឲ្យ​ដឹង​ថា យុវជន ៤​រូប ក្នុង​នោះ​មាន​ទាំង​លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាក​សួរ​នៅ​ឯ​សង្កាត់​ទួល​សង្កែ នៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​ពួកគេ​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​នោះ។

យុវជន​ទាំង ៤​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរ​នាំ មួយ​ថ្ងៃ​ក្រោយ​ពី​ចៅ​សង្កាត់​ទួលសង្កែ លោក សយ កុសល បាន​ចុះ​ទៅ​ប្រាប់​ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន មុន​នឹង​ចាក់​បញ្ចាំង​វីដេអូ​នោះ។

វីដេអូ​ស៊ើប​អង្កេត​​មាន​ចំណង​ជើង​ថា “Cambodia’s Deadly Politics” ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា “នយោបាយ​ប្រឡាក់​ឈាម​របស់​កម្ពុជា” ដែល​មាន​រយៈ​ពេល​ជាង ២៦​នាទី ត្រូវ​បាន​ផលិត​ឡើង​ដោយ​ទូរទស្សន៍ដ៏​ល្បី​ល្បាញ​ Al Jazeera របស់​អារ៉ាប់ និង​ចាក់​ផ្សាយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧​នេះ។

ខ្សែ​វីដេអូ​នោះ បាន​ស៊ើប​អង្កេត​ទៅ​លើ​​ឃាតកម្ម​ដ៏​គួរ​ឲ្យ​សង្ស័យ​លើ​លោក កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ក្នុង​ម៉ាត​​ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ម្ដុំ​ស្តុប​បូក​គោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ​ឆ្នាំ​មុន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required