លោក ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​ផ្សាយ​សារ​នយោបាយ​វាយ​បក​លើ​សារ​​នយោបាយ​បក្ស​ប្រឆាំង

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ នាពេលកន្លង​មក

រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អំពាវ​នាវ​ទៅ​មហា​ជន ឲ្យ​ជួយ​ផ្សព្វផ្សាយ​​សារ​នយោបាយ​ពីរ​ឃ្លា ដែល​ជា​ការ​​វាយ​បក​ទៅ​នឹង​​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា​នេះ បាន​អនុម័ត​សារ​នយោបាយ​ “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ” សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។

សារ​នយោបាយ​នេះ នាំ​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ផង​ដែរ ដែល​បាន​ចាត់​ទុក​សារ​នយោបាយ​នេះ​ថា មាន​ចរឹត​ញុះញង់ បង្ក​ហេតុ និង​ប្រមាថ​មើល​ងា​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​មន្ត្រី​នៅ​តាម​មូលដ្ឋាន។

ជាង​នេះ​ទៅ​ទៀត បក្ស​កាន់​អំណាច​បាន​ទាម​ទារ​ឲ្យ​ដូរ​សារ​នយោបាយ​នេះ ដោយ​ព្រមាន​ប្ដឹង​ទៅ​តុលាការ ប្រសិន​បើ​មិន​កែ​ប្រែ​សារ​នយោបាយ​នេះ។

ចំណែក​ឯ​រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មីនា​នេះ ក៏​បាន​ប្រតិកម្ម​តប​នឹង​សារ​នយោបាយ​របស់​បក្ស​នេះ​ដែរ ដោយ​បាន​ស្នើ​ទៅ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ឲ្យ​ជួយ​ផ្សព្វ​ផ្សាយ​បន្ត​នូវ​សារ​នយោបាយ “កុំ​យក​មេ​ឃុំ​ប្រូ ដូរ​មេ​ឃុំ​ទេវតា” និង សារ​មួយ​ឃ្លា​ទៀត “មេ​ឃុំ​ប្រូ​ពូកែ​សន្យា មេ​ឃុំ​ទេវតា​ពូកែ​ធ្វើ​ការ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ