អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានមកបំពេញបេសកកម្មជាថ្មីទៀតនៅកម្ពុជា ដោយប្រើរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍មុន។
បេសកកម្មរបស់អ្នករាយការណ៍ពិសេសនេះ ជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងតំណាងទូតនានា ដើម្បីពិនិត្យមើលពីការរីកចម្រើននៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ការដែលលោកស្រី រ៉ូណា ស្មីត មកដល់កម្ពុជាពេលនេះ ចំពេលសហគមន៍អន្តរជាតិ កំពុងថ្កោលទោស រដ្ឋាភិបាលថា បានព្យាយាមដើរចេញពីគន្លងប្រជាធិបតេយ្យ ដោយសារតែចាប់ឃុំខ្លួន លោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ បិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល រឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងអ្នកឃ្លាំមើលសិទ្ធិមនុស្សជាដើម។
តើវត្តមានអ្នករាយការណ៍ពិសេសអាចជួយស្តារបញ្ហាសិទ្ធិមនុស្សបានឬទេ?
ក្រោយមកដល់មួយថ្ងៃ លោកស្រី រ៉ូណា ស្មីត ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថា លោកស្រី ព្រួយបារម្ភពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងវិសោធនកម្មក្រមព្រហ្មទណ្ឌថ្មី ដោយថា ការកែច្បាប់ទាំងនេះ ជាការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា។
ប្រហាក់ប្រហែលគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន៦៤ កាលពីថ្ងៃទី២១ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍រួម ចាត់ទុកថា ការស្នើធ្វើវិសោធនកម្មច្បាប់ទាំងនេះ បានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បង្ហាញការព្រួយបារម្ភថា ការធ្វើវិសោធនកម្មនេះ អាចជាអាវុធស្របច្បាប់ន្ថែមទៀត សម្រាប់រដ្ឋាភិបាល ដែលហាក់ដូចជាមានបំណងលុបបំបាត់គ្រប់ទម្រង់នៃការតវ៉ាដោយសន្តិវិធី ពហុនិយម និងការពិភាក្សានយោបាយដែលបើកចំហ។
អ្នកវិភាគនយោបាយលោក មាស នី ពន្យល់ថា វត្តមានអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីពិនិត្យមើលពីប្រសិទ្ធភាពនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លោកថា បានកើតមានជាហូរហែ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក មាស នី វិភាគថា វត្តមានលោកស្រី រ៉ូណា ស្មីត លើទឹកដីកម្ពុជា ពិតជាមានឥទ្ធិពលដល់ការជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយថា លោកស្រី រ៉ូណា ស្មីត ជាអ្នកមកសិក្សាស្រាវជ្រាវ រកការពិត ពីបញ្ហានៅកម្ពុជា យកទៅប្រាប់ពិភពលោក នៅអង្គការសហប្រជាជាតិ។
លោកថា៖ «អញ្ចឹងរបាយការណ៍មួយនេះ វានឹងអាចក្លាយជារបាយការណ៍បន្ថែមទម្ងន់ទៅលើអ្វីដែលជាការពិតដែលកំពុងកើតមាននៅស្រុកខ្មែរយើងហ្នឹង។ អញ្ចឹងធ្វើឲ្យរដ្ឋាភិបាលពិបាកនឹងលាក់នូវអ្វីដែលកំពុងកើតមាននៅស្រុកយើង»។
លោក មាស នី វិភាគទៀតថា អ្វីដែលរុញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឲ្យដើរទៅមុខលឿន ធានានូវសន្តិភាពបានយូរអង្វែង នោះលោកថា គឺអ្នកនយោបាយខ្មែរ ត្រូវរៀនអង្គុយទល់មុខគ្នាស្វែងរកដំណោះស្រាយ ដោយ តម្កល់ប្រយោជន៍ជាតិជាធំ ដោយមិនត្រូវដេកចាំសំណាងតែពីភាគីទី៣។
លោកថា៖ «ជារឿងសំខាន់ មុនទៅដោះស្រាយរឿងស្អីទាំងអស់ គឺភាគីខ្មែរដែលកំពុងពាក់ព័ន្ធនឹងជម្លោះគឺត្រូវតែវិលមកមើលមុខគ្នាវិញ ហើយរកវិធីជជែកគ្នាដោយសន្តិវិធី។ហើយរឿងហ្នឹងវាអាចធ្វើទៅបាន វាអាស្រ័យទៅលើចរឹតផ្ទាល់ខ្លួន របស់មេដឹកនាំមួយៗដែរ។ បើសិនជាមេដឹកនាំនៅតែព្យាយាមចោលដុំភ្លើងដាក់គ្នាទៅវិញទៅមកដូចរាល់ថ្ងៃនេះ កុំសង្ឃឹមថាសង្គមខ្មែរមួយនេះបានសុខ ហើយកុំសង្ឃឹមថាទឹកដីដ៏តូចនេះនៅគង់វង់ទៅខាងមុខ ដោយសារតែអ្នកដឹកនាំនៅតែចោលដុំថ្មដាក់គ្នា ដោយសារតែរឿងផ្ទាល់ខ្លួនដូចបច្ចុប្បន្ននេះ»។
នាយិការអង្គការសីលការ ដែលធ្វើការផ្តោតលើសិទ្ធិស្ត្រី លោកស្រី ធីតា ឃឹះ វិភាគថា ការប្រែប្រួលពីបញ្ហាសិទ្ធិមនុស្ស អាស្រ័យលើរដ្ឋាភិបាលកម្ពុជាច្រើនជាង ប៉ុន្តែថា លោកស្រី រ៉ូណាស្មីត ក៏អាចធ្វើឲ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិដែរ បើអ្នកដឹកនាំគ្មានភាពវ័យឆ្នាត ពីការតាំងចិត្តជំរុញយន្តការប្រជាធិបតេយ្យនេះ។
លោកស្រីថា៖ «អាហ្នឹងវាអាស្រ័យលើអ្នកដែលកាន់តួនាទីនិងសមាជិករាជរដ្ឋាភិបាលគាត់យកចិត្តទុកដាក់នឹងយល់ដឹង នឹងយកចិត្តទុកដាក់ អំពីរឿងនេះប៉ុន្មាន? ដើម្បីសម្រួលស្ថានភាពកុំឲ្យវាធ្ងន់ធ្ងរជាងនេះទៅទៀត»។
បើតាមលោកស្រី ធីតា ឃឹះ អ្វីដែលកម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ គឺ បើកលំហប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា វត្តមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើទឹកដីកម្ពុជានៅតែមានឥទ្ធិពល ជំរុញឲ្យរដ្ឋាភិបាលពិចារណាពីការគោរពសិទ្ធិមនុស្ស និងការធ្វើនយោបាយ។ ប៉ុន្តែលោកថា គេត្រូវប្រើពេលយូជាងនេះបើរដ្ឋាភិបាលគ្មានឆន្ទៈ។
លោកថា៖ «ការប្រែប្រួលនឹងវាមានតិច ប៉ុន្តែការប្រែប្រួលនេះវានឹងជះឥទ្ធិពលឲ្យមានការប្រែប្រួលដ៏ធំមួយទៅថ្ងៃអនាគត ពិសេសខ្ញុំយល់ឃើញថា បើអង្គការសហប្រជាជាតិមិនបញ្ឈប់នូវការដាក់សម្ពាធនិងអនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលទេ ខ្ញុំជឿជាក់ថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងមានការប្រែប្រួលនឹងមានការផ្លាស់ប្តូរដ៏ធំមួយ»។
ទោះជាយ៉ាងណាអ្នកវិភាគថា បេសកកម្ម របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ មកកម្ពុជា ជារបាំងមួយទប់កម្ពុជាមិនឲ្យវិលទៅរករបបផ្តាច់ការលឿនពេក ដូចពីអតីតកាល។
ប៉ុន្តែថាបើរដ្ឋាភិបាលមួយដឹងខ្លួនមុនថា ការបើកលំហប្រជាធិបតេយ្យខ្លួននឹងចាញ់ការបោះឆ្នោតនៅពេលខាងមុខ ប្រសិទ្ធិភាពនៃការដាក់សម្ពាធ ពីប្រទេសលោកសេរី នឹងត្រូវអូសបន្លាយពេលច្រើនជាងនេះ៕